ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ និងមន្ត្រីជំនាញសម្អាតបរិស្ថាន ដើម្បីទទួលភ្ញៀវទេសចរថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ត្រីដែនជម្រកសត្វព្រៃទាំងបួនរួមទាំងអាជ្ញាធរខេត្តមណ្ឌលគិរី បានរួមគ្នាសម្អាតបរិ ស្ថានដើម្បីទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាង មុខ។ការសម្អាតបរិស្ថានលើកនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិ និងផ្លូវសំខាន់ៗ ក្នុងខេត្ត។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក កែវ សុភគ៌ មានប្រសាសន៍ថា នៅ១សប្ដាហ៍ខាងមុខទៀតនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ហើយក្នុងខេត្តមណ្ឌលគិរី នឹងត្រូវទទួលភ្ញៀវទេសចរចូលមកសម្រាកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗនៅក្នុងខេត្ត។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ដើម្បីបង្កើនសោភណភាព និងសម្អាតអនាម័យ មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ, ដែនជម្រកសត្វព្រៃស្រែពក, និងដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើររើស និងប្រមូលសំរាមនៅតាមដងផ្លូវសាធារណៈ ពីចំណុចចាប់ពីសាលាស្រុកកែវសីមា រហូតដល់ស្រុកកោះញែក និងនៅចំណុចឃុំដាក់ដាំ ព្រមទាំងនៅក្នុងតំបន់ការពារធម្មជាតិ ដែលសម្បូរទៅដោយសម្រស់ធម្មជាតិ ដើម្បីសម្អាតភាពកខ្វក់ និងក្លិនស្អុយដែលបណ្ដាលមកពីកាកសំណល់ផ្សេងៗ។

លោកឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានអំពាវនាវសូមកុំឱ្យប្រជាពលរដ្ឋចោលសំរាមតាមដងផ្លូវ និងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យតម្លៃបរិស្ថានសម្រាប់យើងទាំងអស់គ្នា។ មិនខុសពីមន្រ្តីបរិស្ថាន មន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តីនគរបាលស្រុក ក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលចូលមកសម្រាកកម្សាន្តនៅក្នុងតំបន់ទេសចរ ណ៍ធម្មជាតិ នៃខេត្តមណ្ឌលគិរី សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសូមកុំចោលសំរាមតាមដងផ្លូវសាធារណៈ ដែលនាំឱ្យបាត់បង់សោភណភាព និងប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។

ដោយឡែកនៅចំណុចអណ្ដូងស្នេហ៍ ឋិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ក៏មានការដើររើស និងប្រមូលសំរាមផងដែរ ដោយមានការចូលរួមពីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ នគរបាលប៉ុស្តិ៍ការពារព្រំដែន និងបុគ្គលិកក្រុមហ៊ុនមេហ្គាហ្វឺស បានស្ម័គ្រចិត្តដើររើសសំរាមដែលរាយប៉ាយនៅតំបន់ទេសចរណ៍ឈ្មោះអណ្ដូងស្នេហ៍ ដែលជាទីតាំងទេសចរណ៍មានទេសភាពស្រស់ស្អាតគួរឱ្យចង់គយគន់។ បុគ្គលិកនៃក្រុមហ៊ុនមេហ្គាហ្វឺស និងមន្រ្តីស្រឡាញ់បរិស្ថាន បានសំណូមពរផងដែរដល់ភ្ញៀវទេសចរ សូមកុំបោះសំរាមពាសវាលពាសកាល ដែលបណ្ដាលឱ្យបាត់បង់សោភណភាព ព្រោះទីនេះ(អណ្ដូងស្នេហ៍)ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ដែលមិនគួរមានសំរាមរាយប៉ាយឡើយ ព្រោះសំរាមឆ្លុះបញ្ចាំងពីចំណេះដឹង ឥរិយាបទមិនល្អ និងការទទួលខុសត្រូវ។

លោកលី បូរ៉ា នាយករងដែនជម្រកសត្វព្រៃស្រែពក ក៏បានបំផុសចលនាដោយការដើររើសសំរាមនៅថ្ងៃជាមួយគ្នាផងដែរ ដោយមានការចូលពីបុគ្គលិកអង្គការ WWF និងប្រជាសហគមន៍ ចាប់ពីចំណុចភូមិដេអេ រហូតដល់ស្នាក់ការអភិរក្សបរិស្ថាន។

មជ្ឈដ្ឋានអ្នកស្រលាញ់បរិស្ថានថា ការចោលសំរា មើលទៅហាក់ដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង និងការទទួលខុសត្រូវរបស់ពលរដ្ឋខ្មែរម្នាក់ៗ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិផងដែរ។

ជាដំណោះស្រាយ ការលុបបំបាត់ការចោលសំរាមពាសវាលពាសកាល ត្រូវតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវចាប់ផ្តើមពីបុគ្គលម្នាក់ៗ និងពីគ្រួសារតូចៗទៅ។ ដើម្បីរួមចំណែកផ្លាស់ប្តូរទម្លាប់មិនសូវល្អនៃការចោលសំរាម គឺដល់ពេលហើយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវចាប់ផ្តើមគិតគូរ និងអនុវត្តន៍ ដើម្បីសង្គមជាតិយើង។ អ្នកដែលត្រូវអនុវត្តន៍មុនគេគឺ ឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ គ្រូបង្រៀន និងអាជ្ញាធរ។ ប្រសិនបើយើងអាចអនុវត្តន៍បានទាំងអស់គ្នា នោះយើងនឹងអាចលើកកម្ពស់បរិស្ថាន និងអនាម័យបាន ហើយពិតអាចរួមចំណែកកសាងសោភណភាពរបស់ប្រទេសយើងបានទៀតផង។ “កុំភ្លេចណា… សូមកុំចោលសំរាមតាមដងផ្លូវសាធារណៈ”។ គ្រាដែលធ្វើសកម្មភាពរើសសំរាមនោះដែរ អ្នកស្រឡាញ់ភាពស្រស់ស្អាតរបស់បរិស្ថានបានលើកឡើងថាៈ “ខ្ញុំស្អាត អ្នកស្អាត តំបន់កាពារធម្មជាតិ និងទេសភាពរបស់យើងក៏ស្អាតជានិច្ច”៕ ហេង សូរិយា


ចែករំលែក៖