ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែតាមដានថាតើកូរ៉េខាងជើងមានបំណងចង់ចរចាដែរឬទេ?

ចែករំលែក៖

បើទោះបីកូរ៉េខាងជើងបន្ទន់ឥរិយាបថ ក៏អាមេរិកនៅតែមិនទុកចិត្តទៅលើប្រទេសនេះដែរ ដោយបានតាមដានយ៉ាងយកចិត្ត ទុកដាក់ ពីសកម្មភាពរបស់កូរ៉េខាងជើង ។ កន្លងមករដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានបញ្ជាក់ពីគោលជំហរ របស់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែល ស្ម័គ្រចិត្តជានិច្ច ក្នុងការទាក់ទងតាមច្រកការទូតជាមួយកូរ៉េខាងជើង។

តាមសារព័ត៌មានកូរ៉េខាងត្បូងយុងហាប់បានផ្សាយនៅថ្ងៃទី២០ខែកុម្ភៈនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយ ថា រូបលោកកំពុងផ្ទៀងត្រចៀករង់ចាំស្តាប់ទីក្រុងព្យុងយ៉ាង មកបង្ហើបប្រាប់លោកថា ខ្លួនត្រៀមខ្លួនចរចារួចរាល់ហើយ ឬនៅ? ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយស្ថានីយ ទូរទស្សន៍អាមេរិក CBS លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែល យើងត្រូវកំណត់ឲ្យបានច្បាស់នាពេលនេះនោះ គឺតើយើងត្រៀមខ្លួនហើយ ឬនៅ ដើម្បីចាប់ផ្តើមការចរចា? តើពួកគេ (កូរ៉េ ខាងជើង) ត្រៀមខ្លួនហើយ ឬនៅ? ប្រសិនបើពួកគេនៅមិនទាន់ត្រៀមខ្លួនរួចទេនោះ យើងនឹងបន្តយុទ្ធនាការដាក់សម្ពាធ និង ទណ្ឌកម្មទៅមុខទៀត ហើយយើងនឹងបង្កើនវាឲ្យកាន់តែខ្លាំងថែមទៀត»។

លោក រ៉ិច ធីល្លឺសុន បានបន្ថែមថា តួនាទីរបស់លោកក្នុងនាមជាប្រមុខការទូត គឺ ធ្វើយ៉ាងណាធានាឲ្យបានថា កូរ៉េខាងជើង អាចដឹងថា សហរដ្ឋអាមេរិក បើកទ្វារចំហ ស្វាគមន៍ជានិច្ច ដើម្បីរង់ចាំទទួលទីក្រុង ព្យុងយ៉ាង ឲ្យមកចូលអង្គុយក្នុងតុចរចា។ លោក ធីល្លឺសុន បាននិយាយដូច្នេះថា «ខ្ញុំកំពុងរង់ចាំស្តាប់អ្នកមកប្រាប់ខ្ញុំថា អ្នកត្រៀមខ្លួនដើម្បីចរចាគ្នារួចរាល់ហើយ ឬក៏នៅ?»។ បន្ថែមពីនេះលោករដ្ឋមន្រ្តីការបរទេស អាមេរិកបានសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាម មធ្យោបាយការទូត ទោះបីជាជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នៅតែមិនត្រូវបោះបង់ចោលទាំងស្រុងក៏ដោយ ហើយ លោកសង្ឃឹមថា វានឹងមិនឈានដល់ការជ្រើសរើសជម្រើសនេះឡើយ។ ជាមួយ គ្នានេះ លោក ធីល្លឺសុន ក៏បានលើក ឡើងពីសារសំខាន់ នៃតួនាទីរបស់ចិន នៅក្នុងតុចរចានាពេលអនាគត ជាមួយកូរ៉េ ខាងជើងផងដែរ។

ហេតុអ្វីបានជាកូរ៉េខាងជើងត្រូវបោះ បង់ចោលកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ ដែល ទីក្រុងព្យុងយ៉ាង យល់ឃើញថា ជាគោល នយោបាយធានាសុវត្ថិភាពមួយនោះ លោក រ៉ិច ធីល្លឺសុន បានឆ្លើយតបថា វាគ្មាន ប្រយោជន៍អ្វីដល់កូរ៉េខាងជើង ក្រៅតែពីធ្វើឲ្យប្រទេសនេះកាន់តែឯកោ ដាច់ឆ្ងាយពី ពិភពលោក ទាំងផ្នែកការទូត និងផ្នែក សេដ្ឋកិច្ចនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖