ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចង់អូសទាញប៉ាគីស្ថានចេញពីឥទ្ធិពលរបស់ប្រទេសចិន?

ចែករំលែក៖

បច្ចុប្បន្ន គេអាចនិយាយបានថា ប៉ាគីស្ថានកំពុងតែធ្លាក់ចូលក្នុងដៃប្រទេសចិន ដោយចិនបានផ្តល់ជំនួយយោធាជាច្រើនដល់ប្រទេសប៉ាគីស្ថាន ក្រោយពេលដែលអាមេរិកផ្តាច់ជំនួយផ្នែកយោធា ដោយសារតែការលាក់ខ្លួនរបស់អតីតមេដឹកនាំក្រុមភេរវកម្មអាលកៃដា អូសាមា ប៊ិនឡាឌិន នៅក្នុងទឹកដីប៉ាគីស្ថាន មុនពេលអាមេរិកសម្លាប់។

ប៉ាគីស្ថានគឺជាប្រទេសបរមាណូនៅក្នុងតំបន់ ហើយប្រសិនបើប្រទេសនេះ ស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិកនោះនឹងធ្វើឲ្យអាមេរិកកាន់តែមានឥទ្ធិពលនៅក្នុងតំបន់ ក្រោយពេលដែលមានសម្ពន្ធមិត្តមានបរមាណូដល់ទៅពីរគឺឥណ្ឌា និងប៉ាគីស្ថាននោះ ។ ទាំងនេះហើយអាចធ្វើឲ្យអាមេរិកទប់ទល់ទៅនឹងប្រទេសដែលអាមេរិកយល់ថា ជាការគំរាមកំហែងដល់មហាអំណាចអាមេរិកនោះ ។

ការចង់ផ្សះផ្សាទំនាក់ទំនងរវាងអាមេរិក នឹងប៉ាគីស្ថានបានបង្ហាញតាមរយៈដំណើរទស្សនកិច្ចរបស់ លោក ឧត្តមសេនីយ៍ McMaster ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួបប្រាស្រ័យជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaf Sharif នាឱកាសនៃដំណើរទស្សនកិច្ច ជាលើកដំបូងបង្អស់របស់អ្នកតំណាងជាន់ខ្ពស់មួយរូបនៃរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump។

នៅក្នុងកិច្ចសន្ទនាជាមួយបណ្តាញទូរទស្សន៍ អាហ្វហា្កនីស្ថាន លោកឧត្តមសេនីយ៍ McMaster ក៏ពុំបានលើកបញ្ជាក់ដែរថា តើអាមេរិកនឹងត្រូវបង្កើនវត្តមានកងទ័ពខ្លួនដែរឬទេនៅក្នុងប្រទេស នេះ។ ចំពោះប៉ាគីស្ថានវិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសម្តែងការរិះគន់ប្រទេសសម្ពន្ធមិត្តមួយនេះរបស់អាមេរិកដែល ត្រូវគេចោទថា បានជួយជាសម្ងាត់ដល់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងផ្តល់ទីជំរកដល់មេបណ្តាញអ៊ីស្លាមអៃកៃដាBen Laden ដែលត្រូវកងកុម្ម៉ងដូពិសេសអាមេរិកបាញ់ស្លាប់នៅក្នុងឆ្នាំ២០១១ ។

នៅ មុនពេលអញ្ជើញទៅដល់ប៉ាគីស្ថាន លោកឧត្តមសេនីយ៍អាមេរិក McMaster ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានធ្វើដំណើរទៅកាន់ទីក្រុង Kaboulប្រទេសអាហ្វហ្កានីស្ថាន។នៅទីនោះ លោក McMaster បានលើកឡើង ថា អាមេរិកត្រូវតែប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់បំផុតនៅចំពោះមុខ ប៉ាគីស្ថានដែលប្រទេសខ្លះៗ បានចាត់ទុកថា ជាសម្ព័ន្ធមិត្តមួយរបស់អាមេរិកដែលមិនគួរអោយទុកចិត្តទាល់តែសោះ។

ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ McMaster នៅទីក្រុងកាប៊ូលនេះ ត្រូវបានប្រព្រឹត្តទៅតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាមេរិកបានទម្លាក់មេគ្រាប់បែកមួយគ្រាប់ ប្រឆាំងទៅលើទីតាំងនានារបស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមនៅ ភាគខាងកើតនៃប្រទេសអាហ្វហ្កានីស្ថាន។ យោងតាមសេចក្តីជូនដំណឹង មួយរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុង Islamabad នៅប៉ាគីស្ថាន លោកឧត្តមសេនីយ McMaster បានថ្លែងសរសើរអំពីការរីកចម្រើនសេដ្ឋកិច្ច និងប្រជាធិបតេយ្យរបស់ ប៉ាគីស្ថាន តែលោកក៏បានគួសបញ្ជាក់ផងដែរថា ប៉ាគីសា្ថន ត្រូវតែដោះស្រាយជាចាំបាច់នៅលើបញ្ហាអំពើភេរវកម្មនានានៅក្នុងប្រទេស។

តែ ប៉ាគីស្ថានវិញ បានលើកឡើងថា លោកឧត្តមសេនីយ៍ McMaster ថ្លែងធានាអះអាងចំពោះនាយករដ្ឋមន្ត្រីប៉ាគីស្ថានថា រដ្ឋបាលរបស់លោក Trump បានសន្យាថា នឹងនៅធ្វើការជាមួយប៉ាគីស្ថានតទៅមុខទៀត ដើម្បីឲ្យបានសម្រេចនូវសុខសន្តិភាពនិងស្ថិរភាពទាំងនៅ អាហ្វហ្កានីស្ថាន និងទាំងនៅប៉ាគីស្ថាន។

គួររំលឹកថា កងទ័ពអាមេរិក បានដាក់ពង្រាយការពារសន្តិសុខនៅអាហ្វហ្កានីស្ថានបន្ទាប់ពីការផ្តួល រលំរបបអ៊ីស្លាមជ្រុលនិយមតាលីបង់នៅឆ្នាំ២០០១ ។ អាមេរិកដែលជាអ្នកដឹកនាំប្រតិបត្តិការអូតង់ មកទល់ពេលនេះ មានកងទ័ពខ្លួនចំនួន៨ ៤០០នាក់នឹងមានជំនួយទាហានពីប្រទេសសម្ពន្ធមិត្តចំនួន ៥០០០នាក់ថែមទៀត ក្នុងប្រតិបត្តិការជួយគាំពារដល់រដ្ឋាភិបាល អាហ្វហ្កានីស្ថាននៅ ខណៈដែលកិច្ចខិតខំប្រឹងប្រែងនានាដើម្បីការចរចាសន្តិភាពរវាងទីក្រុងកាប៊ូល នឹងចលនាឧទ្ទាមតាលីបង់ទំនងដូចជា អស់ផ្លូវ ៕ ម៉ែវ សាធី


ចែករំលែក៖