ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចាប់ផ្តើមបង្កើតទ័ពអវកាសអាមេរិក

ចែករំលែក៖

បច្ចុប្បន្ន កងទ័ពអវកាស មានសារសំខាន់យ៉ាងខ្លាំង​សម្រាប់ប្រទេសមហាអំណាច ពិភពលោក នៅពេលនេះ អាមេរិកបានសម្រេចជាផ្លូវការ​ បង្កើតកងទ័ពអវកាស​ ជាលើកដំបូង ។ សកម្មភាពខាងលើ គឺដើម្បីបំពេញទៅតាមគោលនយោបាយ អាមេរិកជាដំបូង របស់ប្រធានាធិបតីដូណាល់ ត្រាំ ។

កាលពីថ្ងៃទី​១៩ ខែកុម្ភៈកន្លងមក​ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ​បានចុះហត្ថលេខា​លើច្បាប់​ឲ្យបង្កើតកងទ័ព អវកាស​ជាលើកដំបូង ។ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើ «ទិសដៅនយោបាយអវកាសទី៤» ដើម្បីបង្កើតកងកម្លាំងអវកាសអាមេរិក ធ្វើប្រតិបត្តិការ ប្រៀបដូចទៅនឹង កងកម្លាំងជើងទឹក អីចឹងដែរ។

ការចុះហត្ថលេខាអនុវត្តគោលនយោបាយនេះ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅវិមាន Oval ។ លោកបានថ្លែងថា កងទ័ពអវកាស គឺជាអាទិភាពសន្តិសុខជាតិ របស់អាមេរិក ។

កងទ័ពអវកាសនេះ មានតួនាទីស្ថិតនៅផ្នែកមួយរបស់ក្រសួងការពារជាតិអាមេរិក ។ ភារកិច្ច គឺទប់ស្កាត់ និងឆ្លើយតបការគំរាមកំហែងទាំងឡាយតាមដែនអាកាស ។ កម្លាំងអវកាសនេះ បំពាក់ដោយអាវុធផងដែរ សម្រាប់ប្រយុទ្ធ និងជំនួយប្រយុទ្ធ ក្នុងប្រតិបត្តិការលើដែនអវកាស ប្រឆាំងជាមួយសត្រូវ។

ការបង្កើតកងកម្លាំងអវកាសនេះ តម្រូវឲ្យមានការអនុម័ត យល់ព្រម ពីសភា អាមេរិក ផងដែរ ។ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Shanahan បញ្ជាក់ថា ថវិកាដំបូងសម្រាប់បង្កើតកងកម្លាំងអវកាសនេះ អាចមានប្រហែល៥ពាន់លានដុល្លារ៕

 


ចែករំលែក៖