ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្ម ភរិយាប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងមន្ត្រីរដ្ឋាភិបាល៥រូប

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែកញ្ញា អាមេរិក បានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើភរិយាប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងសមាជិករដ្ឋាភិបាល៥រូប ។

តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា បុគ្គល៦នាក់ និង ក្រុមហ៊ុន៣ ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មថ្មីពីអាមេរិក ។ បុគ្គល៦រូប ដែលរងការដាក់ទណ្ឌកម្មនោះ មានភរិយាប្រធានាធិបតី គឺលោកស្រី Cilia Flores និងរដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino ។ ក្រៅពីនេះ ទីក្រុងវ៉ាស៊ីតោន ក៏បានបង្កកយន្តហោះផ្ទាល់ខ្លួនមួយគ្រឿង មានតម្លៃ ២០លានដុល្លារនៅអាមេរិក ដែលជារបស់មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល ។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានចោទប្រកាន់ លោក Padrino អាយុ៥៥ឆ្នាំ ដែលបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ វេណេហ្ស៊ុយអេឡា កាលពីឆ្នាំ ២០១៤ បានជួយការពារដល់រដ្ឋាភិបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ រក្សាអំណាច ។

រដ្ឋាភិបាលអាមេរិកជាច្រើនលើក បានសម្រេចបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែលជាបុគ្គលធ្វើឲ្យប្រទេសនេះ ធ្លាក់នៅក្នុងភាពចលាចល វិបត្តិសេដ្ឋកិច្ច ។ នៅពេលនេះ ភាគីវេណេហ្ស៊ុយអេឡាមិនទាន់វិភាគអ្វីជុំវិញការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើមន្ត្រីជាន់ខ្ពស់ ប្រទេសនេះនៅឡើយ ។

វេណេហ្ស៊ុយអេឡា ចោទប្រកាន់៣ប្រទេសនៅពីក្រោយការធ្វើឃាត ប្រធានាធិបតី មិនបានសម្រេច ។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់ប្រទេសឈីលី កូឡំបី និងមិចស៊ីកូ បានជួយដល់ក្រុម ភេរវកម្ម នៅក្នុងការធ្វើឃាតប្រធានាធិបតី នៅរដ្ឋធានី Caracas កាលពីខែសីហា កន្លងមក ។

នៅពេលការវាយប្រហារកើតឡើង ប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងតែថ្លែងសុន្ទរកថា ក្នុងឱកាសខួប៨១ឆ្នាំ ទិវា បង្កើតកម្លាំងការពារជាតិ ក៏ស្រាប់តែមានឧបករណ៍ហោះហើរ គ្មានមនុស្សបើកផ្ទុក ដោយរំសេវផ្ទុះ បានហោះសំដៅ លោក ម៉ាឌូរ៉ូ ប៉ុន្តែ ត្រូវកម្លាំងការពារបាញ់កម្ទេច ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា រួចផុតពីការស្លាប់ ប៉ុន្តែទាហាន ៧នាក់ បានរងរបួស ក្នុងហេតុការណ៍នោះ ។

កាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានបង្ហាញឃ្លីបវីដីអូ ដោយយុវជនម្នាក់ឈ្មោះ Henryberth Rivas បានសារភាពពីការវាយប្រហារខាងលើ ហើយមានការបើកផ្លូវឲ្យចូលលាក់ខ្លួននៅក្នុងស្ថានទូត ៣ប្រទេសខាងលើ ។ ប៉ុន្តែគម្រោងត្រូវបានបែកធ្លាក់ ហើយយុវជននោះ ត្រូវបានចាប់ខ្លួន ។

មកទល់ពេលនេះ វេណេហ្ស៊ុយអេឡាបានចាប់ខ្លួនមនុស្ស១០នាក់ ដែលពាក់ព័ន្ធ ហើយក៏បានចោទប្រកាន់ប្រទេសប៉េរ៉ូ ក៏ជាប់ពាក់ព័ន្ធផងដែរ ។ ប៉ុន្តែភាគីទាំងអស់បានច្រានចោលនូវការចោទប្រកាន់ខាងលើ ៕ ម៉ែវ សាធី


ចែករំលែក៖