ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ២គ្រឿងទៅកាន់ឧបទ្វីបកូរ៉េ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា អាមេរិកទើបតែបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រចូលទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូល រួមធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាង ត្បូង។

យន្តហោះទម្លាក់គ្រាប់ទាំង២គ្រឿង ប្រភេទ B-1B របស់អាមេរិក ត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃទី១ ខែឧសភា។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាង ត្បូង លោក Moon Sang Gyun បាន បញ្ជាក់ថា ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទាំង២គ្រឿងខាងលើ គឺជាការខិតខំដើម្បីរារាំងការវាយប្រហារពីកូរ៉េខាងជើង។

លោក Moon Sang Gyun បន្តទៀតថា យន្តហោះខាងលើគឺដើម្បីរារាំងការគំរាម កំហែងពីកូរ៉េខាងជើងដោយមីស៊ីល និង បរមាណូ។ នៅថ្ងៃទី១ ខែឧសភា នោះដែរប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកប្រភេទ THAAD ក៏បានចាប់ផ្តើមដាក់ឲ្យដំណើរការសម្រាប់វាយស្ទាក់មីស៊ីលពីកូរ៉េខាងជើង។

នៅពេលនេះអាមេរិកបានបញ្ជូនអាវុធគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ដោយក្នុងនោះមាននាវាចម្បាំង នាវាផ្ទុកយន្តហោះ នាវាមុជទឹក និងយន្ត ហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ។ កន្លងមកអាមេរិកបានបញ្ជូននាវាមុជទឹក៤គ្រឿង បំពាក់កាំជ្រួចមីស៊ីល៧០០ដើមដែលអាចកម្ទេចកូរ៉េខាងជើងទាំងមូល៕ ម៉ែវ សាធី


ចែករំលែក៖