ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបដិសេធសំណើរបស់ចិនពិភាក្សាជាមួយកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានបដិសេធពិភាក្សាជាមួយកូរ៉េខាងជើង ទៅតាមសំណើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយបានគិតគួរដល់វិធីសាស្ត្រទប់ទល់ជាមួយទីក្រុងព្យុងយ៉ាងទៀតផង ។

ការប្រកាសបដិសេធខាងលើ ធ្វើឡើងដោយ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley កាលពីថ្ងៃទី៨ ខែមីនា ក្រោយកិច្ចប្រជុំជាសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សារព័ត៌មាន AFP បានដកស្រង់សម្តីលោកស្រី Haley បញ្ជាក់ថា «មិនមែនយើងកំពុងតែទប់ទលជាមួយមនុស្សដែលមាន ការយលដឹង ។ ប្រសិនបើជាប្រទេសផ្សេង យើងនឹងនិយាយពីរឿងពិភាក្សា ប៉ុន្តែករណីនេះ ជារឿងផ្សេង»។ លោកស្រី Haley បន្តទៀតថា ប្រសិនបើចង ពិភាក្សកូរ៉េខាងជើងត្រូវតែបង្ហាញឆន្ទៈរបស់ខ្លួនជាមុនសិន ។

កន្លងមក ចិន ដែលជាប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង បានស្នើដល់ទីក្រុងព្យុងយ៉ាងបញ្ចប់កម្មវិធីបរមាណូរបស់ខ្លួន ដើម្បីជាថ្នូរ បញ្ចប់ការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូង ។ រដ្ឋមន្ត្រីការបរទេសចិនបានខិតខំស្នើដល់អាមេរិក និង កូរ៉េខាងជើងឲ្យវិលត្រឡប់ចូលតុពិភាក្សាជាថ្មីដើម្បីបញ្ចៀស ការប្រឈមមុខដាក់គ្នា ។

កន្លងមកកូរ៉េខាងជើងបានប្រកាសថា អាមេរិក នឹងទទួលនៅលទ្ធផលអាក្រក់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនដាក់បញ្ចូលទីក្រុងព្យុងយ៉ាងក្នុងបញ្ចីប្រទេសគាំទ្រភេរវកម្ម ។ បច្ចុប្បន្នប្រទេសដែលអាមេរិក ដាក់ក្នុងបញ្ជីគាំទ្រភេរវកម្មមានប្រទេស អីរ៉ង និងស៊ីរីជាដើម។

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃ ទី៦ ខែមីនា កន្លងមក កូរ៉េខាងជើង បានបាញ់មីស៊ីល៤គ្រាប់ ចូលទៅតំបន់សមុទ្រជប៉ុន ។ ការបាញ់ប្រហារខាងលើគឺជា ការហាត់សមដើម្បីវាយប្រហារទីតាំងយោធារបស់អាមេរិកនៅលើទឹកដីជប៉ុន ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ស្តីពីការបាញ់សាកល្បងមីស៊ីលខាងលើ ។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី ក្នុងនោះ មានប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតនៅអាស៊ីគឺកូរ៉េខាងត្បូង និងជប៉ុន ដែលមានទីតាំងយោធាអាមេរិកឈរជើងនៅទីនោះ ។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ផងដែរ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពឧបទ្វីបកូរ៉េ និងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះស្ថានភាពឧបទ្វីបកូរ៉េតានតឹងជាងពេលនានាទាំងអស់ ដោយសារតែភាគីទាំងបី អាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើងគ្មានភាគីណាមួយព្រមបន្តបន្ថយយោគយល់ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា កិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺជារឿង អត់ប្រយោជន៍ នៅពេលណាដែលកូរ៉េខាងជើង មិនមានបំណង បោះបង់កម្មវិធីបរមាណូរបស់ខ្លួន ។

ក្រុមអ្នកអង្កេតការបានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវតែឈានដល់កិច្ចព្រមព្រៀង ដូចដែលបានព្រមព្រៀងនៅទីក្រុងហ្សឺណែវ កាលពីឆ្នាំ១៩៩៤(ពេលនេះត្រូវបានលុបចោល)ដោយពេលនោះភាគីកូរ៉េខាងជើង យល់ព្រមបង្កកកម្មវិធីបរមាណូរបស់ខ្លួន ដើម្បីដោះដូរសេដ្ឋកិច្ច និងនយោយបាយពីសហគមន៍អន្តរជាតិ។

ចំណែកភាគីកូរ៉េខាងជើងវិញ ក៏បានបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តសកម្មភាពចិញ្ជឹមគំនិត ឈ្លានពានកូរ៉េខាងជើងដដែល ។ ចំណុចទាំងនោះហើយ ទើបទីក្រុងព្យុងយ៉ាង ចាំបាច់ត្រូវតែបង្កើនការផលិតអាវុធរបស់ខ្លួនដើម្បីការពារជាតិ ៕ ម៉ែវ សាធី

ae ae (1)


ចែករំលែក៖