ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ថែមទណ្ឌកម្ម​មន្ត្រីកូរ៉េខាងជើង​៣រូបទៀត

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទើបតែបានដាក់​មន្ត្រីកូរ៉េខាងជើង​៣រូប ដែលសុទ្ធសឹងតែជាជំនួយការជំនិតរបស់មេដឹកនាំ គីមជុងអ៊ុន ចូលក្នុងបញ្ជឺឈ្មោះមន្ត្រីត្រូវដាក់ទណ្ឌកម្ម ដោយសារថា ពួកគេរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់ ។

មន្ត្រីទាំង៣រូបនោះ ឈ្មោះ Ryong Hae Choe, ឈ្មោះ Kyong Thaek Jong និងឈ្មោះ Kwang Ho Pak ។

គេនៅមិនទាន់ច្បាស់ទេ ថា​ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​មន្ត្រីកូរ៉េខាងជើង​ពីសំណាក់អាមេរិកពេលនេះ ពាក់ព័ន្ធ​ជាមួយបញ្ហាការទូត​ស្តីអំពីអាវុធនុយក្លេអ៊ែរដែរ ឬយ៉ាណាឡើយ ខណៈដែល​ដំណើរការរីកចម្រើនទៅលើសំណុំរឿងនេះ ​ហាក់​មានតិចតួច​ស្តួចស្តើង តាំងពី​ប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបប្រជុំគ្នាកាលពីខែមិថុនា នៅប្រទេសសិង្ហបុរីនោះមកម្ល៉េះ ។

ទណ្ឌកម្ម​នោះមានរួមបញ្ចូល​បង្កទ្រព្យសម្បត្តិ ឬធ្វើដំណើរចេញ ចូលទៅកាន់ទឹកដីអាមេរិកផងដែរ ។ ករណីនេះ កើតមានបន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក​បានចេញរបាយការណ៍ប្រចាំ​៦​ខែម្តង ស្តីអំពី​បញ្ហារំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ។

អមទៅដោយ​របាយការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក Robert Palladino ថ្លែងថា «ការរំលោភសិទ្ធិមនុស្ស​នៅកូរ៉េខាងជើង នៅតែស្ថិតក្នុងចំណុច​ដ៏អាក្រក់​​ក្នុងលោក, ក្នុងនោះមានការសម្លាប់​ក្រៅប្រព័ន្ធតុលាការ, បង្ខំឲ្យធ្វើពលកម្ម, ទារុណកម្ម, ឃុំឃាំង​ទាំងបំពានរយៈពេលយូរ, រំលោភ, បង្ខំឲ្យរំលូតកូន និងអំពើហិង្សាផ្លូវភេទ» ។

ការចោទប្រកាន់ស្តីពីការរំលោភសិទ្ធិមនុស្សនេះ កូរ៉េខាងជើង​តែងតែច្រានចោល​ម្តងហើយម្តងទៀត និងបានបន្ទោ​ស​ការដាក់ទណ្ឌចំពោះស្ថានភាពមនុស្សធម៌ ។ ទីក្រុងព្យុងយ៉ាង​ស្ថិតក្រោមការដាក់ទណ្ឌកម្ម​របស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ ទៅលើកម្មវិធីនុយក្លេអ៊ែរ និង​កាំជ្រួចមីស៊ីល​បាលីស្ទិក ៕


ចែករំលែក៖