ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានបំផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយចិនជាផ្លូវការ

ចែករំលែក៖

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនឹងចិន អាចនិងយាយបានថា បានផ្ទុះឡើង ជាផ្លូវការហើយ ។ចំណែកចិនវិញក៏បានចាត់វិធានការចាំបាច់ ដើម្បីតបត ទៅលើ សកម្មភាពរបស់អាមេរិក ។ ការវាយប្រហារគ្នាតាមរយៈពាណិជ្ជកម្ម បង្កក្តីបារម្ភយ៉ាងខ្លាំងដល់វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក។

សារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ ២០១៨ បានផ្សាយថា ក្រោយការដំឡើង ពន្ធរបស់អាមេរិក ទៅលើទំនិញរបស់ចិន ត្រូវបានចុះហត្ថលេខាដាក់ឲ្យដំណើរការជាធរមាននោះ មហាយក្សចិនក៏មិនអាច បង្អង់នៅស្ងៀមយូរដែរ ដោយទីក្រុងប៉េកាំងបានប្រកាសក្តែងៗថា «ចិនត្រូវបង្ខំឲ្យចាត់វិធានការជាចាំបាច់ ដើម្បីឆ្លើយទៅនឹងទង្វើរបស់អាមេរិកវិញ»។

ក្រសួងសេដ្ឋកិច្ចចិន បានចេញសេចក្តី ថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហរច្បាស់លាស់យ៉ាងដូច្នេះថា «ចិនធ្លាប់សន្យា ហើយថា នឹងមិនបាញ់គ្រាប់កាំភ្លើងចេញ មុននោះទេ ប៉ុន្តែដើម្បីការពារប្រយោជន៍ស្នូលនៃប្រទេសជាតិ និងប្រយោជន៍នៃ ប្រជាជននោះ យើងត្រូវតែបង្ខំចិត្តចាត់វិធានការចាំបាច់ ដើម្បីតបតទៅវិញ»។ ទោះបីជាសេចក្តីថ្លែងការណ៍ខាងលើនេះមិនបានបញ្ជាក់ថា ចំណាត់ការឆ្លើយតបនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ប៉ុន្តែចិនធ្លាប់បាន អះអាងហើយថា ខ្លួននឹងដំឡើងពន្ធតបទៅអាមេរិកក្នុងតម្លៃដូចគ្នា។

គួរបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចកំពូលៗទាំងពីរលើលោក បានចាប់ផ្តើមជាផ្លូវការហើយនាពេលនេះ ព្រោះរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តតាមការគំរាមកំហែង របស់ខ្លួន ក្នុងការដំឡើងពន្ធលើផលិតផលនាំចូលពីចិនគិតជាទំហំសរុប ៣៤ពាន់ លានដុល្លារ។

បើតាមការអះអាងពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់ ដូចជាពុំបានបង្ហាញសញ្ញាពីការបន្ធូរបន្ថយដៃអ្វីបន្តិចសោះនោះ ចំណាត់ការដំឡើង ពន្ធជុំទីមួយលើទំនិញចិន ៣៤ពាន់លាន ដុល្លារនេះ នឹងតាមពីក្រោយដោយការ បង្កើនពន្ធ ១៦ពាន់លានដុល្លារផ្សេងទៀត ហើយលោក ត្រាំ បានបន្តព្រមានទីក្រុងប៉េ កាំងថា នឹងដំឡើងពន្ធលើទំនិញនាំចូល របស់ចិនរហូតដល់ ៤៥០ពាន់លានដុល្លារ ថែមទៀតផង នៅក្នុងករណីចិននៅតែ រឹងទទឹង ចង់សងសឹកនឹងសហរដ្ឋអាមេ រិក។

ការផ្ទុះឡើងកាន់តែក្តៅគគុក នៃសង្រ្គាម ពាណិជ្ជកម្ម ដែលប្រែក្លាយពីការគំរាមចុះគំរាមឡើងមកជាការណ៍ពិតនេះ ត្រូវបាន គេព្រមានថា នឹងបង្កផលប៉ះពាល់ដល់ បណ្តាញផ្គត់ផ្គង់នានា ជុំវិញពិភពលោក និងបង្កឲ្យមានការកើនឡើងថ្លៃទំនិញ សម្រាប់អាជីវកម្ម និងអតិថិជន ព្រមទាំងធ្វើឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុន នៅទូទាំង សាកលលោកជាក់ជាពុំខាន៕ ម៉ែវ សាធី


ចែករំលែក៖