ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តស្តីពីស៊ីរីដោយមិនបង្ខំឲ្យលោក អាល់ អាសាដ ចុះចេញពីតំណែងទេ

ចែករំលែក៖

គោលនយោបាយការបរទេសរបស់ អាមេរិកចំពោះសុីរីនាពេលនេះ មិនផ្តោត សំខាន់ទៅលើការបង្ខំឲ្យប្រធានាធិបតី អាល់ អាសាដ ចុះចេញពីតំណែងដូចកាល ពីមុនឡើយ។

សកម្មភាពខាងលើ គឺជាការផ្លាស់ប្តូរគោលនយោបាយបន្សល់ទុកពីប្រធានា ធិបតី អូបាម៉ា ស្តីពីជោគវាសនារបស់លោក អាល់ អាសាដ។ ការកែប្រែបែបនេះនឹងធ្វើឲ្យមានការជំទាស់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ។ គោលនយោបាយរបស់ លោក ត្រាំ គឺផ្ទុយពីប្រទេសមហាអំណាចនៅក្នុងតំបន់អឺរ៉ុបដែលជាសម្ពន្ធមិត្តរបស់អាមេរិក ដែលត្រូវបង្ខំឲ្យលោក អាល់ អាសាដ ចុះចេញពីតំណែងជាដាច់ខាត។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានបញ្ជាក់ថា នៅពេលដែលយើងត្រួត ពិនិត្យទៅលើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ធ្វើឲ្យយើងត្រូវផ្លាស់ប្តូរគោលនយោបាយមិនបង្ខំឲ្យលោក អាល់ អាសាដ ចុះចេញពី តំណែងនោះឡើយ។ លោកស្រីបញ្ជាក់ ទៀតថា «គាត់គឺជាឧបសគ្គឬ? ហើយ ពេលនេះយើងមិនបង្ខំឲ្យគាត់ត្រូវចាក ចេញទៀតឡើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែរ បណ្តាថ្នាក់ដឹកនាំប្រទេសជាសមាជិកសម្ព័ន្ធ អារ៉ាប់ត្រូវជួបជុំគ្នានៅប្រទេសហ្ស៊កដានី ដើម្បីបើកជំនួបកំពូលប្រចាំឆ្នាំរបស់ខ្លួន ជាលើកទី២៨ ដែលផ្តោតសំខាន់ទៅលើ សង្គ្រាមក្នុងតំបន់ និងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មជីហាដ ដែលហាក់ដូចជាគ្មាននរណាបំបែកបានសោះ។

ព្រះចៅ សាល់ ម៉ាន ព្រះមហាក្សត្រអារ៉ា ប៊ីសាអូ៊ឌីត ដ៏មានឥទ្ធិពលព្រមទាំងមេដឹកនាំចំនួន១៦ប្រទេសផ្សេងទៀតក្នុងចំណោម សមាជិកសម្ព័ន្ធអារ៉ាប់ទាំង២២ បានបង្ហាញ ខ្លួននៅក្នុងជំនួបកំពូលប្រចាំឆ្នាំលើទី២៨ ថ្ងៃ៣១ ខែមីនា នៅប្រទេសហ្ស៊កដានី អមដោយវត្តមានតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិ ស៊ីរី លោក ស្តាហ្វាន់ ដឺម៉ីស្តូរ៉ា Staffan de Mistura និងអគ្គលេខាធិការអង្គការប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរក៍ Antornio Guterresផង។

របៀបវារៈនៃជំនួបកំពូលត្រូវផ្តោតជាសំខាន់ទៅលើសង្គ្រាម ជម្លោះនៅស៊ីរី ការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម និងអាល់កៃដានៅស៊ីរីនិងអុីរ៉ាក់ ប៉ុន្តែវិបត្តិនៅយេមែន និងនៅលីប៊ី ព្រម ទាំងជម្លោះរ៉ាំរ៉ៃគ្មានច្រកចេញអុីស្រាអែល-ប៉ាឡេស៊ីន ក៏មិនត្រូវបានបំភ្លេចដែរ។

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ ប្រធាន សម្ព័ន្ធអារ៉ាប់ដែលជាអ្នកដឹកនាំជំនួបថ្ងៃនេះបានអំពាវនាវឱ្យក្រុមប្រទេសអារ៉ាប់ ទាំងអស់ដើរតួនាទីឱ្យកាន់តែសកម្មខ្លាំង ដោះស្រាយវិបត្តិនៅក្នុងតំបន់ជាពិសេសសង្គ្រាមនៅស៊ីរី ព្រោះជាវិបត្តិដ៏ធ្ងន់ធ្ងរ បំផុតមិនធ្លាប់មានសម្រាប់ប្រវត្តិសាស្រ្តថ្មីចុងក្រោយ។ ស៊ីរីដែលជាប្រទេសពាក់ព័ន្ធដោយផ្ទាល់មិនបានចូលរួមក្នុងជំនួបនេះទេ ព្រោះបានបាត់បង់អាសនៈនៅក្នុងសម្ព័ន្ធ អារ៉ាប់ តាំងពីឆ្នាំ២០១១មក។

ប៉ុន្តែសម្រាប់ក្រុមអ្នកវិភាគនយោបាយ ជំនួបកំពូលឆ្នាំនេះក៏ដូចឆ្នាំមុននឹងគ្មាន អភិនិហារអ្វីទាំងអស់! គ្មានទេការភ្ញាក់ ផ្អើល! ហើយគេក៏មិនរង់ចាំលទ្ធផលដុំ កំភួនអ្វីប្រសូតចេញពីជំនួបនេះដែរ ព្រោះសម្ព័ន្ធអារ៉ាប់មានភាពប្រេះឆាផ្ទៃក្នុងយ៉ាងខ្លាំងបែកខ្ញែកជាក្រុមៗច្រើនពេក។ ដូច្នេះសម្ព័ន្ធអារ៉ាប់ពិតជាមិនអាចដោះស្រាយ វិបត្តិដែលកំពុងអង្រួនតំបន់ដើមបូព៌ាបានឡើយ៕ ម៉ែវ សាធី

90


ចែករំលែក៖