ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្ថិតនៅឯកោនៅក្នុងកិច្ចប្រជុំ G 7

ចែករំលែក៖

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក បាននាំគ្នារិះគន់ ដល់ទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេច អនុម័ត តម្លើងពន្ធ ទៅលើផលិតផលដែក និងអាលុយមីញ៉ូម ពីប្រទេសសម្ព័ន្ធមិត្ត ។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអគ្គនាយកធានាគារមជ្ឈឹម បណ្តាប្រទេសអភិវឌ្ឍន៍លំដាប់ពិភពលោក G7ដែលបានធ្វើឡើង ចាប់តាំងពីថ្ងៃទី ១ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នៅទីក្រុង Whistler ប្រទេសកាណាដា បណ្តាប្រទេសជាសម្ព័ន្ធមិត្ត បានរិះគន់យ៉ាងខ្លាំង ដល់ទីក្រុងវ៉ាស៊ីនតោន ដែលបានសម្រេច តម្លើងពន្ធនាំចូលទៅកាន់អាមេរិក។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin រងនូវសម្ពាធយ៉ាងខ្លាំង ពីប្រទេស G7 ដែលបានរួមដៃគ្នាថ្កោលទោសអាមេរិក នឹងបង្ហាញការខកចិត្តយ៉ាងខ្លាំង ពីការសម្រេច របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ តម្លើងពន្ធ២៥ភាគរយដល់ផលិតផលដែក និង១០ភាគរយដល់អាលុយមីញ៉ូម ដល់ប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះមានទាំងសម្ព័ន្ធមិត្តអឺរ៉ុប កាណាដា មិកស៊ីកូ និងជប៉ុន។

នៅក្នុងសេចក្តីប្រកាស សង្ខេប រៀបចំឡើងដោយប្រទេសកាណាដា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ប្រធានធានាគារ ប្រទេស G7 បានយល់ស្រប ក្នុងការថ្កោលអាមេរិក បង្កឲ្យមានផលប៉ះពល់ ដោយសារតែការសម្រេច តម្លើងពន្ធ ។ ប្រទេសទាំងអស់បានសម្រេចលើកយកបញ្ហាទាំងនោះមកពិភាក្សានៅក្នុងកិច្ចប្រជុំ មេដឹកនាំប្រទេស G 7ដែលនឹងធ្វើឡើង នៅថ្ងៃទី ៦ ដល់ទី ៩ ខែមិថុនា ខាងមុខ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំបញ្ចប់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក Bill Morneau បញ្ជាក់ថា «យើងចាត់ទុកថា អាមេរិក បានសម្រេចដោយគ្មានការពិចារណា និងបំផ្លាញដល់ប្រទេសជាមិត្ត»។

ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងក៏បានបញ្ជាក់ផងដែរថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនគឺមិនអាចទទួលយកបានឡើយ ហើយខុសទៅនឹងច្បាប់អន្តរជាតិ និងនយោបាយ បង្កឲ្យមានភាពគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ពិភពលោកទាំងមូល ៕ ម៉ែវ សាធី

 


ចែករំលែក៖