ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអំពាវនាវឲ្យចិន-ឥណ្ឌាស្វែងរកដំណោះស្រាយបញ្ចប់សភាពការណ៍តានតឹងនៅព្រំដែន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមមុខតានតឹងដាក់គ្នារវាងប្រទេសមហាអំណាច បរមាណូ ឥណ្ឌា-ចិននៅតាមព្រំដែន ដោយរដ្ឋាភិបាលអាមេរិកស្នើដល់ភាគី ទាំង២ស្វែងរកដំណោះស្រាយការទូត បញ្ចប់វិវាទ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ភាព តានតឹងរវាងចិននឹងឥណ្ឌានៅតាមព្រំដែនស្ថិតនៅក្នុងតំបន់ Sikkim អូសបន្លាយជាង ១ខែកន្លងមក។ នៅពេលនេះដែរ ចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនមានវិវាទ ហើយបញ្ជួនកម្លាំងទាហាន និងអាវុធជាច្រើនទៀតទៅកាន់ទីនោះជា សញ្ញាព្រមានទៅដល់រដ្ឋាភិបាលទីក្រុង ញូវដេលី។ ចំណែកឥណ្ឌាក៏មិនចុះចាញ់ នោះដែរ ដោយឥណ្ឌាបានបញ្ជូនទាហានបន្ថែមជិត៣.០០០នាក់ទៀតទៅកាន់ តំបន់មានវិវាទ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានបញ្ជាក់ថា អាមេរិក ព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពសន្តិសុខនៅតាមព្រំដែនឥណ្ឌា-ចិន។ លោកស្រី Heather Nauert បានអំពាវនាវដល់ភាគី ទាំង២ស្វែងរកដំណោះស្រាយដោយសន្តិភាព។

នៅក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរអ្នកនាំពាក្យក្រសួងការបរទេសចិន បានស្នើ ដល់ឥណ្ឌាឲ្យដកទាហានចេញពីតំបន់វិវាទខាងលើ បញ្ចៀសភាពតានតឹងកាន់តែខ្លាំង ឡើង។ កន្លងមកប្រព័ន្ធផ្សព្វផ្សាយចិនបាន ផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបាន ត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមនៅ តាមព្រំដែនជាមួយឥណ្ឌា ។

សារព័ត៌មាន South China Morning Post បានផ្សាយថា កម្លាំងទាហានបដិវត្តន៍ប្រជាជនចិន PLA បានធ្វើសមយុទ្ធដោយមានការចូលរួមពីកម្លាំងទាហានជិត១មុឺននាក់នៅតំបន់ភ្នំទីបេ។ នៅក្នុងសមយុទ្ធ នោះ មានការបាញ់គ្រាប់ពិតដោយមាន រ៉ុក្កែត និងកាំភ្លើងធំជាច្រើន។ ក្រៅពីនេះ ចិនក៏បានប្រើប្រាស់ប្រព័ន្ធរ៉ាដាដើម្បីកំណត់ គោលដៅវាយប្រហារទៀតផង។

សមយុទ្ធត្រូវបានធ្វើឡើងនៅកម្ពស់ ដល់ទៅ៥.០០០ម៉ែត្រ ពីទឹកសមុទ្រដោយបានបំពាក់សព្វាវុធគ្រប់គ្រាន់ និងទំនើបៗស្របទៅនឹងអាកាសធាតុនៅតំបន់ភ្នំ។ ក្រៅពីសមយុទ្ធចិនក៏បានបន្ថែមអាវុធជាច្រើនទៀតដើម្បីទប់ស្កាត់ពេលមានហេតុការណ៍អាក្រក់កើតឡើង។

សារព័ត៌មានចិនបានផ្សាយថា ចិនបាន បញ្ជូនអាវុធគ្រាប់រំសេវជាង១០ពាន់តោនទៅកាន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែល កំពុងតែមានការប្រឈមមុខតានតឹងដាក់គ្នា។ អាវុធទាំងនោះស្ថិតនៅក្រោមការ គ្រប់គ្រងរបស់កងពលប្រចាំភូមិភាគខាងលិច ក្នុងនោះមានទីបេដើម្បីដោះស្រាយ វិវាទជាមួយឥណ្ឌា។

សកម្មភាពបញ្ជូនអាវុធខាងលើធ្វើ ឡើងតាំងពីដើមខែកក្កដាមកម៉្លេះ ដោយ ដឹកជញ្ជូនតាមរថយន្ត និងរថភ្លើង។ កាល ពីថ្ងៃទី១៨ ខែកក្កដា បណ្តាញទូរទស្សន៍ចិន បានផ្សាយថា កម្លាំងទាហានប្រទេសនេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ ខ្ពង់រាបទីបេ។ ទីតាំងធ្វើសមយុទ្ធនៅមិនឆ្ងាយប៉ុន្មានឡើយពីតំបន់ត្រីកោណមាន វិវាទរវាងឥណ្ឌា-ប៊ូតាន និងចិន។

ការបញ្ជូនអាវុធចូលទៅកៀកតំបន់មាន វិវាទក្នុងគោលដៅត្រៀមធ្វើសង្គ្រាមបើមាន ការវាយប្រហារកើតឡើងនោះ កម្លាំងជួយអន្តរាគមន៍របស់ចិននឹងទៅដល់ទីតាំង ទាន់ពេលវេលា។

លោក Ni Lexiong អ្នកឯកទេសវិភាគយោធានៅសៀងហៃបានឲ្យដឹងថា សកម្មភាពរបស់ចិនក្នុងគោលដៅដាក់គំនាបទៅលើប្រទេសឥណ្ឌា ឲ្យអង្គុយតុពិភាក្សាដើម្បី បញ្ចៀសសង្គ្រាមកើតឡើងដូចកាលពីឆ្នាំ ១៩៦២។ អ្នកឯកទេសខាងលើក៏បាន បញ្ជាក់ ទៀតថា សកម្មភាពរបស់ចិនគឺបាន បង្ហាញថា ចិនមានកម្លាំងអាវុធ និងយោធា នាំមុខលើឥណ្ឌា។

ឥណ្ឌាជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ អាមេរិក និងជាអតិថិជនទិញអាវុធជាច្រើនពីអាមេរិកផងដែរ។ ជាមួយគ្នានេះដែរ ឥណ្ឌា អាមេរិក និងជប៉ុន ក៏កំពុងធ្វើ សមយុទ្ធកម្លំាងទាហានជើងទឹកដែលមានឈ្មោះថា Malabar 2017 នៅឈូងសមុទ្រ Bengal។ សមយុទ្ធកើតឡើងក្នុងពេល ដែលមានការប្រឈមមុខដាក់គ្នារវាងចិននឹងឥណ្ឌាទាំងនៅលើដីគោក និងលើដែន ទឹកនៅមហាសមុទ្រឥណ្ឌា៕ ម៉ែវ សាធី


ចែករំលែក៖