ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ បាញ់ប្រហារទៀតហើយ នៅជិតមន្ទីរពេទ្យ សម្លាប់ និងរបួស៦នាក់

ចែករំលែក៖

សារព័ត៌មាន CNN បានដកស្រង់ព័ត៌មានពីកម្លាំង ប៉ូលិស នៅជីកាហ្គោ បានបញ្ជាក់ថា មានករណីបាញ់ប្រហារ នៅជិតមន្ទីរពេទ្យCercy ក្នុងទីក្រុងនេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ។ ការបាញ់ប្រហារនោះ បណ្តាលឲ្យមានមនុស្ស ២នាក់ស្លាប់ និង៤នាក់ រងរបួស ក្នុងនោះមានប៉ូលិសម្នាក់ផងដែរ ។ ជនដៃដល់ផ្ទុះអាវុធ មានអាយុ ៣២ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា លោក Anthony Guglielmi អ្នកនាំពាក្យ ប៉ូលិសទីក្រុងជីកាហ្គោ បានបញ្ជាក់ថា ក្រោយសម្លេងផ្ទុះកាំភ្លើង មានមនុស្សជាច្រើនរងរបួស ។ ហេតុការណ៍កើតឡើងនៅជិតមន្ទីរពេទ្យ Mercy ក្នុងដំបន់ South Side ទីក្រុងជីកាហ្គោ ។ តាមសារព័ត៌មាន CNN ក្នុងចំណោមអ្នករងរបួស មានមន្ត្រីប៉ូលិសម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។

នាង Sue Jimenez អ្នកគ្រប់គ្រងហាង Kozy’s Cyclery នៅជិតមន្ទីរពេទ្យ បានឲ្យដឹងថា នាងឮសូរស្នូរកាំភ្លើងជាច្រើនគ្រាប់ ហើយបានស្ងាត់ទៅវិញ ក្រោយប៉ូលិស មកដល់ ។

ប៉ូលិសបានឡោមព័ទ្ធទីតាំងខាងលើ ហើយស្នើឲ្យពលរដ្ឋជៀសឲ្យឆ្ងាយពីទីនោះ ។ សាក្ស៊ីនៅកន្លែងកើតហេតុ បានប្រាប់បណ្តាញទូរទស្សន៍ WBBM TV ថា បុរសម្នាក់បានបាញ់ស្ត្រីម្នាក់នៅកន្លែងចតរថយន្តក្រោយ ការឈ្លោះប្រកែកគ្នា ហើយបុរសនោះបន្តចូលក្នុងមន្ទីរពេទ្យ បាញ់ប្រហារ ។

ក្នុងរយៈពេល ជិត១ខែចុងក្រោយនេះ អាមេរិក មានករណីបាញ់ប្រហារ ដល់ទៅពីរលើក សម្លាប់មនុស្សជាច្រើន ។ កាលពីថ្ងៃទី ២៧ ខែតុលា មានការបាញ់ប្រហារទៅលើក្រុមជនជាតិ ជ្វីហ្វនៅព្រះវិហារ Tree Of life ក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania សម្លាប់មនុស្ស ១១នាក់ ។ ពេលថ្មីនេះ មានការបាញ់ប្រហារនៅក្នុងក្លឹប ស្ថិតនៅតំបន់ Thousand Oaks ជាយក្រុង ឡូសអានជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្ស ១៣នាក់ ៕ ម៉ែវ សាធី


ចែករំលែក៖