ព័ត៌មានទាន់ហេតុការណ៍៖

អាយុទើបតែ១៥ឆ្នាំសោះ ចេះដើរលេងស៊ីចាយហ៊ឺហាររហូតហ៊ានខ្ចីម៉ូតូពូរបស់ខ្លួនទៅដាក់បញ្ចាំ

ចែករំលែក៖

ភ្នំពេញ៖ គូសង្សារវ័យក្មេងមួយគូបានធ្វើជាខ្ចីម៉ូតូអ្នកស្គាល់គ្នាយកទៅទិញម្ហូបមួយភ្លេច តែបែរជាយកទៅបញ្ជាំនៅឃ្លាំងរំសេវ និងគេចខ្លួនបាន២ថ្ងៃត្រូវជនរងគ្រោះប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃពុធ ៧កើតខែផង្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៉ន ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្វាយ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ម៉ូតូដែលគេយកទៅបញ្ចាំនោះម៉ាកសង់C125សេរីឆ្នាំ2011 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF,5043 ។

ចំណែកយុវតីយកម៉ូតូគេទៅបញ្ចាំរូបនោះ មានឈ្មោះ ប៉ុន ពិសី អាយុ១៥ឆ្នាំ ស្នាក់នៅភូមទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ០២ សង្កាត់បឹងកេងកង០១ ខណ្ឌចំកាមន និងបុរសជាសង្សារឈ្មោះ កុល សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកមីហឹរ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពូរបស់យុវតីសង្ស័យបានឲ្យខ្ចីម៉ូតូរបស់គាត់ទៅឲ្យយុវតីខាងលើដើម្បីទៅទិញម្ហូបកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចការដ្ឋានសំណង់កើតហេតុខាងលើ រួចហើយនាងក៏បានជិះម៉ូតូនោះទៅបាត់តែម្ដង ដោយយកទៅបញ្ចាំជាមួយសង្សាររបស់នាងនៅផ្សារឃ្លាំងរំសេវចំនួន250ដុល្លារដើម្បីយកលុយនោះដើរលេង ។

ជនរងគ្រោះបានបន្តទៀតថា ពួកគេបានដើររកជនសង្ស័យនោះ ស្រាប់តែឃើញនៅសង្កាត់ស្ទឹងមានជ័យ រួចក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី០១ ជួយចាត់ការតាមនីតិវិធី ។ ចំណែកឯសង្សាររបស់នាងបាននិងកំពុងរត់គេចខ្លួន ។

នៅក្រោយពេលឃាត់ខ្លួន យុវតីដែលជាជនសង្ស័យនោះបានព្រមទទួលកំហុស និងនាំម្ចាស់ម៉ូតូទៅកន្លែងដែលខ្លួនបញ្ចាំនៅឃ្លាំងរំសេវដើម្បីលស់ម៉ូតូនោះយកមកវិញ ហើយម្ចាស់ម៉ូតូក៏ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងយុវតីម្នាក់នោះ និងប្រគល់ឲ្យសមត្ថកិច្ចអប់រំតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖