ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីត អាចនឹងផ្សះផ្សាទំនាក់ទំនងជាមួយអីុរ៉ង់ប្រសិនបើរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក

ចែករំលែក៖

បណ្តាញទូរទស្សន៍ Press TV បានផ្សាយ ថា ក្នុងពេលដែល ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រងគំនាបពីអាមេរិក ក្រោយទម្លាក់ការ ទទួលខុសត្រូវទាំងអស់ ទៅលើប្រទេសនេះពាក់ព័ន្ធនិងការបាត់ខ្លួនអ្នកសារព័ត៌មាន Jamal Khashoggiធ្វើឲ្យប្រទេសនេះត្រូវត្រៀមលក្ខណៈទប់ទល់នឹងការដាក់ ទណ្ឌកម្មដែលអាចកើតឡើង។

សារព័ត៌មាន Al Arabiya របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានផ្សាយថា ទីក្រុង រីយ៉ាដ បានត្រៀមវិធីសាស្ត្រជាង៣០ ដើម្បីទប់ទល់នៅពេលមានហេតុការណ៍អាក្រក់កើតឡើង ចំពោះប្រទេសនេះពិសេសគឺការដាក់ទណ្ឌកម្ម។

កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា អារ៉ាប៊ីសាអ៊ូឌីតនឹងទទួលនូវលទ្ធផលអាក្រក់ ប្រសិន បើរកឃើញថាប្រទេសនេះ នៅពីក្រោយការបាត់ខ្លួនអ្នកសារព័ត៌មានខាងលើ។

ជាមួយគ្នានេះ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើរងការដាក់ ទណ្ឌកម្មពីអាមេរិកនោះ អារ៉ាប៊ីសាអ៊ូឌីត នឹង ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអីុរ៉ង់វិញ គឺជាសកម្មភាព តបតទៅលើអាមេរិក ដែល មិនបានចាត់ទុកជាសម្ពន្ធមិត្តដោយដាក់ទណ្ឌកម្មនោះ។

ជាមួយគ្នានេះ អារ៉ាប៊ីសាអ៊ូឌីត បាន ព្រមានថា ខ្លួននឹងចាត់វិធានការសងសឹកទៅនឹងរាល់ការដាក់ទណ្ឌកម្មទាំងអស់ ជុំវិញការបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូ៊ឌីតលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ហើយដែលការព្រមានបែបនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើទីក្រុងរីយ៉ាដ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក ដូណាល់ ត្រាំបានព្រមានអារ៉ាប៊ីសាអូ៊ឌីត ដែលជាម៉ូយដុំទិញអាវុធដ៏ធំមួយរបស់ សហរដ្ឋអាមេរិកថា នឹងទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ទីក្រុងវ៉ាស៊ីនតោន បើសិនជាទីក្រុងរីយ៉ាដពិតជាបានសម្លាប់ លោក Khashoggiនៅក្នុងសា្ថនកុងស៊ុលអារ៉ាប៊ីសាអូ៊ឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសទួរគីមែននោះ។ តែទោះយ៉ាងនេះ ក្ដី ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SPA កាលពីថ្ងៃអាទិត្យ មន្ត្រីអារ៉ាប៊ីសាអូ៊ឌីតម្នាក់បានព្រមានថា ទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់ការដាក់ទណ្ឌ កម្មទាំងឡាយ ដើម្បីការពារផលប្រយោជន៍ ជាតិ។

មន្ត្រីខាងលើនេះដដែលបានគូសបញ្ជាក់ ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះយ៉ាងដូច្នេះថា «អារ៉ាប៊ីសាអូ៊ឌីតប្រឆាំងជាដាច់ខាត ចំពោះការដាក់ទណ្ឌកម្មឬសម្ពាធនយោបាយទាំងឡាយណាដែលមានបំណង ឬព្យាយាមបំផ្លាញផលប្រយោជន៍អារ៉ាប៊ីសាអូ៊ឌីត… ដូច្នេះទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់ការដាក់ទណ្ឌកម្មទាំង អស់»។

បើតាមមន្ត្រីអារ៉ាប៊ីសាអូ៊ឌីតបានបញ្ជាក់ថា ពួកគេបានត្រៀមវិធានការច្រើនជាង ៣០ ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មពីបរទេស ហើយក្នុងចំណោមវិធានការទាំងនេះរួមមានការលក់ប្រេង និងគម្រោងទិញ អាវុធ ការចែករំលែកព័ត៌មានរវាង អារ៉ាប៊ី សាអូ៊ឌីត និងសហរដ្ឋអាមេរិក ឬក៏ការផ្សះផ្សាទំនាក់ទំនងជាមួយអុីរ៉ង់ជាដើម។

លោក Jamal Khashoggiជាអ្នកសារ ព័ត៌មានអារ៉ាប៊ីសាអូ៊ឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជវង្សអារ៉ាប៊ីសាអូ៊ឌីត បាន ចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូ៊ឌីត ប្រចាំទីក្រុងអុីស្ដង់ប៊ូល កាលពីថ្ងៃទី២ ខែ តុលាកន្លងទៅ ដើម្បីទទួលយកឯកសារ សម្រាប់គម្រោង រៀបអាពាហ៍ពិពាហ៍ របស់លោក ជាមួយស្ត្រីជាជនជាតិទួរគីម្នាក់ឈ្មោះនាង ហាធីស សិនជីស (HaticeCengiz)។ ប៉ុន្តែលោកមិនត្រូវបានគេឃើញចេញមកខាងក្រៅវិញនោះទេ ខណៈមាន សេចក្ដីរាយការណ៍ជាច្រើនថា លោកត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូ៊ឌីតសម្លាប់ បើទោះជាទីក្រុងរីយ៉ាដ បដិសេធក៏ដោយ៕ ម៉ែវ សាធី


ចែករំលែក៖