ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីត ៖ការលក់ប្រេងទៅឲ្យអាមេរិកមិនអាចឈប់បានឡើយ

ចែករំលែក៖

ទោះបីមានការប្រឈមមុខ តានតឹងដោយសារតែអ្នកសារព័ត៌មានម្នាក់រងការធ្វើឃាតនៅក្នុងស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ក្នុងប្រទេសទួរគី យ៉ាណាក្តី ក៏សាវឌី អារ៉ាប៊ីបានប្រកាសថា មិនដើរតាមគន្លង ចាស់កាលពីឆ្នាំ ១៩៧៣នោះឡើយ ដោយពេលនោះ បានឈប់លក់ប្រេង ឲ្យអាមេរិក។

សារព័ត៌មាន Reuters នៅរសៀលថ្ងៃ ចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨បានផ្សាយ ថា រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត លោកខាលីដ អាល់ហ្វាលីហ៍ (Khalid al-Falih) បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតគ្មានបំណងបញ្ឈប់ការលក់ប្រេងឱ្យបណ្ដា ប្រទេសលោកខាងលិច ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីឆ្នាំ១៩៧៣ ឡើយហើយ ថានឹងមិនយកបញ្ហាប្រេង ទៅលាយឡំនឹង រឿងនយោបាយជាដាច់ខាត។

លោក Khalid al-Falihធ្វើការកត់ សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃចន្ទកន្លងទៅ ក្នុងបរិបទដែល បណ្ដាប្រទេសលោកខាងលិច កំពុងពិចារ ណាលើការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទី ក្រុងរីយ៉ាដ ជុំវិញការស្លាប់របស់អ្នកសារ ព័ត៌មានលោក Jamal Khashoggiនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ុលប្រទេសទួរគី។

ដោយឡែកនៅពេលត្រូវបានសាក សួរថា តើទីក្រុងរីយ៉ាដអាចនឹងបញ្ឈប់ការលក់ប្រេង ឱ្យបណ្ដាប្រទេសខាងលោកខាងលិចដូចឆ្នាំ១៩៧៣ ដែរ ឬទេ? រដ្ឋមន្ត្រី ក្រសួងថាមពលរូបនេះ បានបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតគ្មានបំណងធ្វើដូច្នេះទេ… ហើយយើងនឹងមិនយកបញ្ហា ប្រេងទៅលាយឡំនឹងរឿងនយោបាយជាដាច់ខាត»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា ទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតបទៅនឹង រាល់ការដាក់ទណ្ឌកម្មពីសំណាក់ បរទេស ហើយក្នុងនោះវិធានការប្រេង និងគម្រោងទិញអាវុធ អាចនឹងត្រូវប្រើប្រាស់ជាមធ្យោបាយប្រឆាំងនឹងទណ្ឌកម្ម៕ ម៉ែវ សាធី


ចែករំលែក៖