ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនប្រជាកាពារខណ្ឌ៧មករាម្នាក់ និងបក្ខពួក ក្រោយលួចម៉ូតូបានសម្រេចនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាប្រជាកាពារខណ្ឌ៧​ និងម្នាក់ទៀតជាជាងតកាមេរ៉ា បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុច​មុខហាងលក់គ្រឿងសំអាងយីហោ Choice. Cosmedics Shop ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយព្យាយាមជិះរត់គេចខ្លួនចូលទឹកដីខណ្ឌដូនពេញ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានទាំង២នាក់និងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសៅរ៍ ៦កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ចំណុ​ចលើផ្លូវលេខ៨៦ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លាង ឡុងនី ហៅរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ប្រជាកាពារខណ្ឌ៧មករា ស្នាក់នៅផ្ទះលេខ២៩ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ ស៊ី​ថា ស៊ីណាវិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងតកាមេរ៉ា ស្នាក់នៅផ្ទះលេខ១០F ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែករងគ្រោះជាម្ចាស់ម៉ូតូ​ឈ្មោះ ប៉ិច សិរីបព្ជាពណ៌ ភេទស្រី អាយុ១៧ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខD27 ផ្លូវលំភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូត​វត្ថុតាងរួម​មាន ៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-7405 ១គ្រឿង (ម៉ូតូ​លួច) កាបូបដៃពណ៌ខ្មៅ២ ទូ​រសព្ទ័ដៃម៉ាក IPhone6 ពណ៌ទឹកមាស ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបាន​បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធ​រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖