ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចគាស់ទូអាជីវករលក់ទូរសព្ទ័បានសម្រេចជាង៤០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចគាស់ទូអាជីវករលក់ទូរសព្ទ័ដៃបានសម្រេចជាង៤០គ្រឿង ហើយរត់គេចខ្លួនបាត់រយៈពេលមួយសប្ដាហ៍ទើបក្របួចជាប់ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខណ្ឌថាមានករណីលួចគាស់ទូលក់ទូរសព្ទ័បានសម្រេចជាង៤០គ្រឿង បន្ទាប់ពីអាវុធហត្ថខណ្ឌមានជ័យបានទទួលពាក្តបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងអាវុធខណ្ឌមានជ័យបានបើកការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង០០និង០០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

មន្រ្តីដដែរបន្តទៀតថា ខណ:ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ចុះទៅបង្ក្រាបក្រុមក្មេងទំនើងដេញកាប់គ្នានៅក្នុងវត្តនុន្នមុន្នី កាលពីវេលាម៉ោង២រសៀលថ្ងៃដដែល ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ទៀតដែលជាចោរគាស់ទូលក់ទូរស័ព្ទដៃនោះ ក៏ចាប់វាយខ្នោះតែម្តង ។

ជនសង្ស័យទាំង២នាក់ ,ទី១ឈ្មោះ សំ អឿន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ សម្បត្តិ វិជ្ជាហៅអាតក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ស តារា

 


ចែករំលែក៖