ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់ស្វែងរកការគាំទ្រពីចិន និងរុស្ស៊ី ខណៈដែលអឺរ៉ុបមិនទាន់ច្បាស់លើកិច្ចព្រមព្រៀងបរមាណូ

ចែករំលែក៖

ក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង កំពុងតែមានជំហានឆ្ពោះទៅមុខ នៅក្នុង ដំណោះស្រាយបញ្ចប់កម្មវិធីបរមាណូ និងការលើកលេងទណ្ឌកម្មដល់កូរ៉េខាងជើង តាមរយៈជំនួបជាប្រវត្តិសាស្ត្រនៅថ្ងៃទី១២ខែមិថុនានេះប្រទេសអុីរ៉ង់ឯណោះវិញ ប្រឈមនិងបញ្ហាជាច្រើនជាមួយអាមេរិក ដោយអាមេរិកបានដកកិច្ចព្រមព្រៀង ចេញ តាមការចង់បានរបស់ប្រទេសជាមិត្ត អីុស្រាអែល ។

នៅពេលនេះអីរ៉ុបក៏បានប្រកាសថា នឹងរក្សាកិច្ចព្រមព្រៀងជាមួយអីុរ៉ង់ដដែលដោយគ្មានអាមេរិក ប៉ុន្តែ ស្ថានភាពនៅមិនទាន់ច្បាស់លាស់នៅឡើយ ដោយអាមេរិកនិងអឺរ៉ុបកំពុងប្រឈមនូវបញ្ហាពាណិជ្ជកម្មនឹងគ្នា ។ ទាំងនោះហើយបានជាអីុរ៉ង់ សម្រេចចិត្ត ងាក់ទៅរកចិន និងរុស្ស៊ីវិញ ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិនរបស់ប្រធានាធិបតីអីុរ៉ង់ គឺទទួលបានការធានាពីប្រធានាធិបតីចិនចំពោះ កិច្ចព្រមព្រៀងបរមាណូ។ ប្រធានាធិបតី ចិនលោកស៊ី ជីនពីង (XI Jinping) បានថ្លែងធានាដល់ប្រធានាធិបតីអុីរ៉ង់លោក Hassan Rohani ពីការគាំទ្ររបស់ប្រទេសចិននៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ ២០១៥ គឺជាកិច្ចព្រមព្រៀងដែល អាមេរិកបានដកខ្លួនចេញកាលពីខែឧសភាមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនថ្មីធ្វើកាផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ។

ប្រធានាធិបតីទាំងពីររូបរបស់ប្រទេសចិននិងអុីរ៉ង់ បានជួបសន្ទនាជាមួយគ្នាកាលពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅក្រៅក្របខ័ណ្ឌនៃជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ (OCS) ដែលរួមប្រជុំដោយបណ្តាប្រទេសអាស៊ីជាច្រើន រួមទាំងប្រទេសរុស្ស៊ីផងដែរនៅក្នុង ទីក្រុងដ៏ធំមួយរបស់ប្រទេសចិន នៅ Qing dao ក្នុងភាគខាងកើត។

បើយោងតាមការគូសបញ្ជាក់របស់ លោក ស៊ី ជីនពីង ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការចិន“កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ដែលតម្រូវអោយ អុីរ៉ង់ ធ្វើការកម្រិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីប្តូរនឹងការលើកទណ្ឌកម្មពីសហគមន៍អន្តរជាតិនោះ គឺជាសមិទ្ធកម្មមួយដ៏សំខាន់ខ្លាំងណាស់ នៅលើពិភពលោក”។

ចំពោះប្រធានាធិបតីចិន “កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដែលគាំទ្រ ចំពោះការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និង មិនសាយភាយអាវុធនុយក្លេអ៊ែរ ត្រូវ តែបន្តអនុវត្ត ឲ្យបានជាក់ស្តែងតទៅមុខ ទៀត” ។

រីឯប្រធានាធិបតីអុីរ៉ង់ លោក Rohani វិញ បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ រួមទាំងប្រទេសចិនផងដែរ សូមឲ្យដើរ តួនាទី ជាវិជ្ជមានមួយនៅក្នុងសំណុំរឿង នុយក្លេអ៊ែរអុីរ៉ង់-នេះបើយោងតាមទីភា្នក់ងារព័ត៌មានផ្លូវការចិនដដែល។

គួររំលឹកថា ជាមួយ អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស និង រុស្ស៊ី ប្រទេសចិន ក៏ជាប្រទេសហត្ថលេខីមួយដែរនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ជាមួយ អុីរ៉ង់ ហើយការដែលលោក ប្រធានាធិបតីអាមេ រិក ដូណាល់ត្រំ បានដកខ្លួនចេញពីកិច្ច ព្រមព្រៀងនេះ អុីរ៉ង់ ក៏ដូចជាសហគ្រាសបរទេសនៅក្នុងប្រទេសអុីរ៉ង់ដែរនោះ កំពុងតែប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីពីសំណាក់រដ្ឋបាលអាមេរិក។

នៅក្នុងន័យនេះហើយ បានជា លោក ប្រធានាធិបតីរុស្ស៊ី ពូទីន កាលពីថ្ងៃសៅរ៍ មុន នៅក្នុងទីក្រុង Qingdao បានធ្វើការ ព្រមានដល់អាមេរិកថា “សេចក្តីសម្រេច ចិត្តរបស់អាមេរិកបែបនេះ អាចនឹងជំរុញ ឲ្យស្ថានភាពរឹតតែពុំឋិតថេរ ថែមទៀត”។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទានាទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី ប្រធានា ធិបតីអុីរ៉ង់លោក Hassan Rohani បានវាយ តម្លៃបន្ថែមទៀត ថា “ កិច្ចពិភាក្សានានា នឹងត្រូវតែបន្តធ្វើទៅមុខទៀតរវាងប្រទេសរុស្ស៊ីនិងអុីរ៉ង់ បន្ទាប់ពីអាមេរិក បានដកខ្លួនចេញស្រេចតែអំពើចិត្តរបស់ខ្លួន ពីកិច្ចព្រម ព្រៀង នុយក្លេអ៊ែអុីរ៉ង់។

កន្លងមក នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ក៏បានសន្យា ការពារកិច្ចព្រម ព្រៀងនោះដែរ ក្នុងកិច្ចសន្ទនារវាងលោកប្រធានាធិបតីអុីរ៉ង់ហាស្សាន់ រ៉ូហានី និង សមភាគីរុស្ស៊ីលោកពូទីននាជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ ថ្ងៃទី៩ មិថុនា ២០១៨។ជំនួបកំពូលរវាងប្រមុខរដ្ឋចិន រុស្ស៊ី និងអុីរ៉ង់បានរៀបចំធ្វើនៅក្នុងទីក្រុងគីងដាវស្ថិតនៅប៉ែកខាងកើតប្រទេសចិន។ ជំនួបកំពូលត្រីភាគីនេះបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃជំនួបកំពូល របស់អង្គការនៃកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ នឹងដែលបានចាប់ផ្តើមនៅក្នុង បរិបទនៃភាពតានតឹងជាមួយអាមេរិក ពិសេសភាពតានតឹងរវាងអាមេរិក និងចិន ក្នុងសំណុំរឿងពាណិជ្ជកម្ម នឹងភាពតាន តឹងរវាងអាមេរិក និងអុីរ៉ង់ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែល អាមេរិកបានសម្រេចដកខ្លួនចេញ។

ក៏ដូចជារៀងរាល់ឆ្នាំដែរ អង្គការនៃកិច្ចសហប្រតិបត្តិការក្រុងសៀងហៃតែងរៀបចំជំនួបកំពូលរបស់ខ្លួនដោយមានការចូលរួមពីគ្រប់សមាជិកទាំងអស់។ ក្រៅពីរុស្ស៊ី និងចិន នៅមានប្រទេសសមាជិកជាច្រើនទៀតមកពីអាស៊ីកណ្តាល និងអាស៊ីខាង ជើង។ តែលក្ខណៈពិសេសនៅក្នុងជំនួប កំពូលឆ្នាំនេះ គឺការអញ្ជើញភ្ញៀវពិសេសម្នាក់ឲ្យចូលរួម នោះគឺលោកប្រធានាធិបតីអុីរ៉ង់ហាស្សាន់ រ៉ូហានី។ នេះជាលើកទី២ ដែលប្រមុខរដ្ឋអុីរ៉ង់ត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងជំនួបកំពូលដែលអុីរ៉ង់គ្រាន់ជាប្រទេសអ្នកសង្កេតការណ៍។ បញ្ហានុយក្លេអ៊ែរអុីរ៉ង់មិនស្ថិតក្នុងរបៀបវារៈនៃជំនួបកំពូលរបស់អង្គការនៃកិច្ចសហប្រតិបត្តិការក្រុងសៀងហៃពេលនេះទេ តែវាជាឱកាសសម្រាប់លោករ៉ូហានីដែលត្រូវលើកយក បញ្ហានេះទៅជជែកជាមួយសមភាគីរបស់លោក ពិសេសសមភាគីចិនលោកស៊ី ជីន ពីង និងសមភាគីរុស្ស៊ីលោកពូទីន៕ ម៉ែវ សាធី


ចែករំលែក៖