ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់និងស៊ីរីបានបង្កើនទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ

ចែករំលែក៖

ស៊ីរី និងអុីរ៉ង់បានបង្កើនកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យទាំងសេដ្ឋកិច្ចនយោបាយនិងសន្តិសុខ។ កន្លងមកអុីរ៉ង់បានជួយជាច្រើនដល់ស៊ីរីនៅក្នុងការវាយប្រហារ កម្ចាត់ក្រុមភេរវកម្ម ។ មិនតែប៉ុណ្ណោះអុីរ៉ង់និងស៊ីរីបានព្រមព្រៀងគ្នាលើវិស័យពាណិជ្ជកម្ម ពិសេសគឺថាមពលប្រេងដោយមិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។

នៅពេលនេះដែរប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានធ្វើទស្សនកិច្ចស្ងាត់ៗទៅកាន់ប្រទេសអុីរ៉ង់ ។ សារព័ត៌ មាន AMN បានផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ថា ប្រធានាធិបតីស៊ីរីលោក Bashar Al-Assad បានធ្វើដំណើរដោយមិនប្រកាសប្រាប់ជាមុននោះឡើយទៅកាន់អុីរ៉ង់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ។

ប្រភពមិនបានបញ្ចេញព័ត៌មានលម្អិតអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះឡើយ ។ លោក អាល់អាសាដ បានបង្ហាញវត្តមាននៅរដ្ឋធានីតេអេរ៉ង់ជួបជាមួយមេ ដឹកនាំសាសនា ដ៏មានអំណាចនៅអុីរ៉ង់ គឺ លោក Ayatollah Ali Khamenei ។ ជាមួយ គ្នានេះ លោក អាល់អាសាដ ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដទៃផ្សេងទៀតផងដែរ អំឡុងពេលបំពេញទស្សនកិច្ចដ៏ខ្លីនិងតក់ក្រហល់នេះ ។

អុីរ៉ង់ គឺជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើនដែលបានឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងវិស័យដោះដូរ ពាណិជ្ជកម្ម ក្រោយពេលដែលអាមេរិក នៅក្រោមការដឹកនាំរបស់លោក ត្រាំ បាន បង្កើនការដាក់ទណ្ឌកម្ម ទៅលើប្រទេសជាច្រើនជុំវិញពិភពលោកនោះបានធ្វើឲ្យ ប្រទេសនៅតំបន់អឺរ៉ុបសម្រេចជ្រើសរើស វិធីសាស្ត្រ ប្រើប្រាស់រូបិយវត្ថុរបស់ខ្លួន សម្រាប់ដោះដូរពាណិជ្ជកម្មជាមួយអុីរ៉ង់ ដើម្បីបញ្ចៀសទណ្ឌកម្មពីអាមេរិក ។

សូមបញ្ជាក់ផងដែរថា កាលពីអាមេរិក និងអីុរ៉ង់ ចុះកិច្ចព្រមព្រៀងបរមាណូជារួមគ្នានៅឆ្នាំ២០១៥ និងលុបទណ្ឌកម្មសេដ្ឋ កិច្ចដល់អុីរ៉ង់បណ្តាប្រទេសនិងក្រុមហ៊ុនធំៗ នៅតំបន់អឺរ៉ុបបានទៅវិនិយោគជាច្រើននៅក្នុងប្រទេសអុីរ៉ង់ ។ ប៉ុន្តែក្រោយពេល លោកត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកលោក ក៏ដកកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មជាថ្មី ទៅលើអុីរ៉ង់ធ្វើឲ្យ ក្រុមហ៊ុនអឺរ៉ុបជាច្រើន ក្លាយជាអ្នករង គ្រោះ។ដូច្នេះហើយទើបបានអឺរ៉ុបចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន។ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានសម្រេចបង្កើតបណ្តាញដោះដូរពាណិជ្ជកម្មជាមួយអុីរ៉ង់ ដោយ មិនប្រើប្រាស់ប្រាក់ដុល្លារ អាមេរិក ក្នុងគោលដៅបញ្ចៀសការដាក់ ទណ្ឌកម្មពីអាមេរិក ។

សារព័ត៌ NDR របស់អាល្លឺម៉ង់បាន ផ្សាយថា ប្រទេសសំខាន់នៅអឺរ៉ុបបានបង្កើតបណ្តាញពិសេស ឈ្មោះ INSTEX សម្រាប់ធ្វើសកម្មភាពដោះដូរពាណិជ្ជកម្មជាមួយ អុីរ៉ង់ ។ ជាមួយគ្នានោះ បណ្តាញខាងលើ នឹងជួយការពារបណ្តាក្រុមហ៊ុន អឺរ៉ុបដែល រកស៊ីជាមួយអុីរ៉ង់ផងដែរ ។ ប៉ុន្តែបណ្តាញខាងលើបានប្រើប្រាស់សម្រាប់តែវិស័យ តូចៗប៉ុណ្ណោះ ដូចជាស្បៀងអាហារឱសថ មនុស្សធម៌ជាដើម ។ បណ្តាញខាងលើមិនប្រើប្រាស់សម្រាប់ដោះដូរវិស័យប្រេងនោះឡើយ ដោយសារវាមានទ្រង់ទ្រាយធំ ។

ការសម្រេចខាងលើរបស់អឺរ៉ុប មិនប្រើប្រាស់ប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្មជាមួយអុីរ៉ង់ជាសញ្ញាដ៏អាក្រក់ដល់ប្រាក់ ដុល្លារអាមេរិក ដោយប្រទេសជាច្រើនបានសម្រេចចាកចេញពីដុល្លារអាមេរិក។

កន្លងមកចិននិងរុស្ស៊ីបានធ្វើការដោះ ដូរពាណិជ្ជកម្មគ្នា ដោយមិនប្រើប្រាស់ប្រាក់ដុល្លារឡើយ។ ចំណែកទួរគី រុស្ស៊ីនិងអុីរ៉ង់ក៏ឈប់ប្រើប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្មត្រីភាគី ហើយពេលថ្មីៗនេះ ស៊ីរី និង អុីរ៉ង់ ក៏មិនប្រើប្រាស់ប្រាក់ដុល្លារក្នុងទំនាក់ទំនងសេដ្ឋកិច្ចនោះដែរ ៕


ចែករំលែក៖