ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ព្រមានអាមេរិកថានឹងស្តាយក្រោយបើសិនដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ

ចែករំលែក៖

ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ បានព្រមានអាមេរិកថា អាមេរិកនឹងស្តាយក្រោយ ប្រសិនបើដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខារជាមួយប្រទេស៥+១។

សារព័ត៌មាន AFP បានផ្សាយថា ការព្រមានខាងលើរបស់ប្រធានាធិបតីអុីរ៉ង់ ក្នុងពេលដែលលោកថ្លែងសុន្ទរកថា ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ថា«យើងមានគម្រោង ដើម្បីទប់ទលជាមួយការសម្រេចចិត្តរបស់អាមេរិកស្តីពីកិច្ចព្រមព្រៀងបរមាណូ។ ខ្ញុំបានចេញបញ្ជាឲ្យអង្គការថាមពលបរមាណូ និងស្ថាប័នសេដ្ឋកិច្ច ដើម្បីត្រៀមទប់ទល់ជាមួយសកម្មភាពរបស់អាមេរិក ។ អាមេរិកនឹងត្រូវប្រឈមនូវកំហុសយ៉ាងធ្ងន់ បើបោះបង់កិច្ចព្រមព្រៀងនោះចោល»។

ការប្រកាសរបស់ប្រធានាធិបតីអុីរ៉ង់ ធ្វើឡើងក្រោយពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានលុបចោលកិច្ចព្រមព្រៀងបរមាណូ នៅថ្ងៃទី១២ ខែឧសភា នឹងបន្តដាក់ទណ្ឌកម្មទៅលើទីក្រុងតេអុីរ៉ង់ប្រសិនបើប្រទេសជាសមាជិកចុះហត្ថលេខានៅអឺរ៉ុប មិនព្រមកែប្រែកិច្ចព្រមព្រៀងនោះ។ កន្លងមក មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានព្រមានថាអុីរ៉ង់នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង បើអាមេរិកនៅតែបន្តសកម្មភាពចង់កែប្រែកិច្ចព្រមព្រៀងនោះមែន។

ដោយឡែក បើតាមប្រភពពីទីប្រឹក្សាពិសេសផ្នែកកិច្ចការអន្តរជាតិ របស់លោក អាយ៉ាតូឡាអាលី ខាមឺនី បានឲ្យដឹងថា អ៊ីរ៉ង់ អាចនឹងសម្រេចចិត្ត ដើរចេញពីកិច្ចព្រមព្រៀងនេះដែរ ប្រសិនបើសហរដ្ឋអាមេរិក សម្រេចចិត្តដកខ្លួនមែននោះ។

គួររំលឹកថា ចាប់តាំងពីឡើងកាន់តំណែង លោក ដូណាល់ ត្រាំ តែងតែប្រកាសគំរាម ថានឹងហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះសម្រាប់លោកកិច្ចព្រមព្រៀងនោះមានភាពខ្វះចន្លោះច្រើនណាស់ ហើយប្រទេសមហាអំណាចកំពុងតែចាញ់បោកអ៊ីរ៉ង់។ ដូច្នេះហើយ បានជាលោក ដូណាល់ ត្រាំ បានដាក់កំហិតឲ្យធ្វើកិច្ចព្រមព្រៀងថ្មី។

ក្នុងដំណើរទស្សនកិច្ចទៅអាមេរិក លោក ម៉ាក្រុង បានព្យាយាមបញ្ចុះបញ្ចូលលោក ត្រាំ កុំឲ្យដកខ្លួនចេញពីកិច្ចព្រមព្រៀង តែហាក់គ្មានលទ្ធផលនោះទេ។ បើតាមប្រភពពីអ្នកស្និទ្ធិនឹងសេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានគិតក្នុងចិត្តរួចស្រេចទៅហើយ ថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ គ្រាន់តែថា គាត់មិនដឹង ថាត្រូវធ្វើដោយរបៀបណា។

យ៉ាងណាមិញ កាលពីល្ងាចថ្ងៃសៅរ៍ ទី៥ ខែឧសភា លោក ដូណាល់ ត្រាំ បានទូរស័ព្ទនិយាយជាមួយលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ស្តីពីសំណុំរឿងជាច្រើន ដែលក្នុងនោះគឺមានសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានបញ្ជាក់ថា ត្រូវតែរក្សាកិច្ចព្រមព្រៀងនេះឲ្យគង់។ អំណឹះតទៅ សន្លឹកបៀចុងក្រោយ គឺស្ថិតក្នុងដៃរបស់លោក ដូណាល់ ត្រាំ តែម្នាក់ឯងប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖