ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ាក់ទទួលបានជ័យជម្នះទាំងស្រុងក្នុងការរំដោះទឹកដីពីក្រុមភេរវកម្ម IS

ចែករំលែក៖

សង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS នៅក្នុងប្រទេសអុីរ៉ាក់បានបញ្ចប់ទៅជាស្ថាពរហើយ ក្រោយពេលកម្លាំងទាហានអុីរ៉ាក់ ដណ្តើមបានទីតាំងចុងក្រោយបំផុតរបស់ក្រុមនេះនៅទីក្រុង Rawa។ ពលរដ្ឋអុីរ៉ាក់មានភាពសប្បាយរីករាយ ដោយបង្ហាញ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាពពេញ លេញ ក្រោយសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០០៣មកទល់ពេលនេះ។

កាលពីថ្ងៃសុក្រកន្លងទៅ កងទ័ពបាន វាយយកបានទីក្រុងរ៉ាវ៉ា ដែលជាទីតាំងចុងក្រោយរបស់ក្រុមភេរវជនIS ស្ថិតនៅតាម ដងស្ទឹងអឺហ្វ្រាត។ ការវាយយកនេះ គឺមិន ដល់៣ម៉ោងនោះទេ ជាពេលវេលារហ័ស បំផុតសម្រាប់កងទ័ពអុីរ៉ាក់ក្នុងការវាយ ដណ្តើមដែនដីពីក្រុមជីហាដ។

ពេលកងទ័ពអុីរ៉ាក់ចូលវាយយកក្រុង រ៉ាវ៉ា កងទ័ពអុីរ៉ាក់ប្រឈមនឹងសកម្មជន ជីហាដរដ្ឋអ៊ិស្លាមតិចតួចបំផុត។ សកម្ម ជនជីហាដបានរត់គេចខ្លួនទៅស៊ីរីក្បែរនោះតាំងតែពីមុនកងទ័ពអុីរ៉ាក់ចូលមក ដល់ម៉្លេះ។ នាយករដ្ឋមន្ត្រីអុីរ៉ាក់លោក អាល់ បាឌី បានកោតសរសើរទាហានជាតិអុីរ៉ាក់ ដែលវាយយកបានយ៉ាងរហ័សបែបនេះ។ ថ្វីដ្បិតថា កងទ័ពវាយយកបានទីតាំងក្រុម រដ្ឋអ៊ិស្លាមនៅអុីរ៉ាក់ទាំងអស់ពេលនេះ ហើយក្តីក៏ក្រុមភេរវជននៅមានទីតាំងកាន់កាប់ប្រហែល៤ភាគរយទៀតដែរ គឺទីតាំង នៅតំបន់ដាច់ស្រយាល គ្មានមនុស្សរស់ នៅ។ ពេលនេះ ទាហានអុីរ៉ាក់បន្តបោសសម្អាតសកម្មជនដែលនៅសេសសល់នៅតាមតំបន់ដាច់ស្រយាលទាំងនោះ ព្រម ទាំងបោសសម្អាតគ្រាប់មីន និងគ្រាប់ផ្ទុះ ដូចក្រោយការវាយប្រហារសព្វដងដែរ។

គេនៅចាំថា អង្គការភេរវជនរដ្ឋអ៊ិស្លាមបានប្រកាសដែនដីកាលីហ្វា កាលពីឆ្នាំ ២០១៤ ដែលលាតសន្ធឹងពីអុីរ៉ាក់ ទៅស៊ីរី មានប្រជាជនរស់នៅ៧លាននាក់ មានផ្ទៃដីធំធេងមិនចាញ់ប្រទេសអុីតាលីទេ។ ក្រុមភេរវជនបានបង្កហិង្សាគ្រប់ទិសទី តែ ពេលនេះ ពួកគេកំពុងបរាជ័យខ្លាំងហើយ មិនថាតែនៅអុីរ៉ាក់ទេ នៅស៊ីរីក៏ត្រូវកងទ័ពស៊ីរីវាយយ៉ាងធ្ងន់ដៃដែរ។ ដោយឡែកនៅ ស៊ីរីក្រុមជីហាដ រដ្ឋអ៊ិស្លាមនៅមានដែនដីកាន់កាប់ប្រហែលជា២៥ភាគរយទៀត។

ក្រុមជំនាញលើកឡើងថា ពេលនេះ ក្នុងពេលកងទ័ពអុីរ៉ាក់ និងស៊ីរីកំពុងវាយ ខ្ទប់ក្រុមភេរវជនពីព្រំដែនទាំងសងខាង រៀងៗខ្លួន អុីរ៉ាក់ និងស៊ីរីក៏ត្រូវតែប្រុងប្រយ័ត្ន ពីសកម្មជនជីហាដនៅតាមទីកន្លែងផ្សេងៗ ទៀតក្នុងស្រុកដែរ ព្រោះពួកគេអាចងើបបះ បោរបង្កហិង្សាឡើងវិញបាន៕ ម៉ែវ សាធី


ចែករំលែក៖