ព័ត៌មានទាន់ហេតុការណ៍៖

អូបាម៉ា៖ យើងកំពុងតែរស់នៅក្នុងដំណាក់កាលចម្លែកនិងអសន្តិសុខ

ចែករំលែក៖

បើទោះបីមិនបានរំលឹកដល់ឈ្មោះ ប្រធានាធិបតីដូណាល់ ត្រាំ ប៉ុន្តែនៅក្នុង សុន្ទរកថា របស់អតីតប្រធានាធិបតីអាមេ រិកបារ៉ាក់ អូបាម៉ា បានបង្ហាញ ពីការមិន ពេញចិត្តនឹងគោលនយោបាយដឹកនាំរបស់អ្នកបន្តតំណែងលោក។

លោកអូបាម៉ា បានថ្លែងសុន្ទរកថា ពេលបំពេញទស្សនកិច្ចទៅកាន់អាហ្វ្រិកខាងត្បូងថា «យើងកំពុងតែរស់នៅក្នុង ដំណាក់កាលដ៏ចម្លែក និងអសន្តិសុខ»។ លោកអូបាម៉ាបន្តទៀតថា «ជារៀងរាល់ថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយ នានាបានផ្សាយនូវអត្ថបទធ្វើឲ្យមនុស្សគ្រប់រូបឈឺក្បាលនិងព្រួយ បារម្ភ»។ ការថ្លែងសុន្ទរកថារបស់លោក អូបាម៉ាធ្វើឡើង ក្នុងឱកាសខួបគម្រប់ ១០០ឆ្នាំ ថ្ងៃកំណើតអតីតប្រធានាធិបតី អាហ្រិង កខាងត្បូង លោក Nelson Mandela នៅក្នុងពហុកីឡដ្ឋាន Johannesburg ដែលមានមនុស្សចូលរួមប្រមាណ១៤ពាន់នាក់ ។

សារព័ត៌មាន Politico បានផ្សាយថា បើទោះបីមិនបានបញ្ជាក់ឈ្មោះ ប៉ុន្តែលោកអូបាម៉ាចង់លើកឡើងពីអ្វីដែលបាននិង កំពុងកើតឡើងនៅជុំវិញពិភពលោក និង ទឹកដីអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។

បច្ចុប្បន្ន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំរងការរិះគន់យ៉ាងខ្លាំងជុំវិញជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ។ នៅក្នុងសន្និសីទកាសែតរួម លោកត្រាំមិនបានលើកឡើងពីការជ្រៀតជ្រែក របស់រុស្ស៊ីនៅក្នុងកិច្ចការបោះឆ្នោត អាមេរិក កាលពីឆ្នាំ២០១៦នោះទេ បើទោះបីក្រុមចារកម្មអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ ពីការលូកដៃរបស់រុស្ស៊ី ហើយលោកត្រាំ ក៏បានទទួលស្គាល់ កាលពីកន្លងមកនោះ ក្តី។ ប៉ុន្តែពេលជួបលោកពូទីន លោកត្រាំ មិនបានលើកឡើងនោះឡើយ។

នៅក្នុងសុន្ទរកថា ដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សព្វផ្សាយ គឺជាសុន្ទរកថា ដែលមានខ្លឹមសារបំផុត ចាប់តាំងពីលោកអូបាម៉ាចាកចេញពីសេតវិមាន ។ លោក អូបាម៉ា បានប្រឆាំង នឹងគោលនយោបាយ ដឹកនាំរបស់លោកត្រាំ ដែលបង្កឲ្យមាន វិវាទយ៉ាងខ្លាំង ពីពលរដ្ឋអាមេរិក និងនៅជុំ វិញពិភពលោក។

បើទោះបីមិននិយាយចំឈ្មោះលោក ត្រាំ ប៉ុន្តែសុន្ទរកថារបស់លោក បាន បង្ហាញពីការប្រឆាំងនឹងគោលនយោបាយរបស់លោកត្រាំ ដែលបានលុបចោលកិច្ចព្រមព្រៀងជាច្រើន និងគោលនយោបាយ របស់លោកអូបាម៉ាដែលបានបន្សល់ទុក ពេលកាន់តំណែង។ ក្នុងនោះមានការដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ក៏ដូចជា លុបច្បាប់សុខា ភិបាល Obamacareជាដើម ។

លោកអូបាម៉ា ក៏បានរំលឹកឡើងវិញពីការផ្សព្វផ្សាយ របស់បណ្តាញព័ត៌មាននានាដែលបានផ្សាយ ថ្កោលទោសលោក ដូណាល់ ត្រាំ ។ សារព័ត៌មាន Independent បានផ្សាយថា «ពិតជារឿងគួរឲ្យអាម៉ាស់ ចំពោះមេដឹកនាំនយោបាយ ប្រទេសផ្សេង ទៀត»។ កន្លងមកលោកត្រាំបាននិយាយវាយប្រហារ ទៅលើ បណ្តាញផ្សព្វផ្សាយ ក្នុងនោះមានសារព័ត៌មានCNN ថា បាន ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពីរូបលោក។

នេះជាដំណើរទស្សនកិច្ច លើកទីមួយ របស់លោកអូបាម៉ា ទៅកាន់អាហ្វ្រិកខាង ត្បូង ចាប់តាំងពីលោក ចាកចេញពីសេត វិមាន។ មុនមួយថ្ងៃដែលទៅកាន់អាហ្វ្រិកខាងត្បូងលោកអូបាម៉ាបានទៅកាន់ប្រទេសកេនយ៉ា ដែលជាស្រុកកំណើតរបស់ឪពុក លោក ដើម្បីគាំទ្រដល់បងស្រីឪពុកតែមួយម្តាយទីទៃ Auma Obama បើកមជ្ឈ មណ្ឌុលកីឡា ។នេះជាលើកទីពីរដែលលោកអូបាម៉ាទៅកាន់កេនយ៉ា ដើម្បី បំពេញទស្សនកិច្ចលើកទី ១ពេលលោកនៅកាន់តំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ ២០១៥។

ពាក់ព័ន្ធ នឹងប្រធានាធិបតីដូណាល់ ត្រាំវិញ ដោយសារតែមានការរិះគន់ថ្កោលទោសយ៉ាងខ្លាំងពី ពលរដ្ឋនិងអ្នកនយោ បាយអាមេរិក រូបលោកបានចេញមុខ អះអាងថា លោកបាននិយាយច្រឡំមាត់ ខុសន័យ ដែលចង់និយាយ នៅចំពោះមុខ លោកពូទីន។

លោកដូណាល់ ត្រាំ ត្រូវបានមតិសាធា រណៈ បណ្តាញព័ត៌មាន ក៏ដូចជាអ្នកនយោបាយក្នុងបក្សរបស់ខ្លួន ចោមរោមរិះគន់ យ៉ាងចាស់ដៃ ថាមិនបានការពារប្រយោជន៍ជាតិអាមេរិកនៅចំពោះមុខប្រធានាធិបតីរុស្ស៊ីទេ ព្រោះលោកត្រាំ បាននិយាយថា គាត់មិនជឿថារុស្ស៊ីជាអ្នកនៅពីក្រោយការលូកដៃ កកូរកកាយការបោះឆ្នោតនោះ ឡើយ។ នៅថ្ងៃអង្គារទី១៧ ខែកក្កដា ប្រឈមមុខនឹងពាក្យរិះគន់ដ៏ធ្ងន់ធ្ងរទាំងនេះ លោកដូណាល់ ត្រាំ បានចេញមុខមក អះអាងថា នៅពេលធ្វើសន្និសីទកាសែតជាមួយលោកពូទីន គឺលោកនិយាយ ច្រឡំមាត់ ទើបធ្វើឲ្យខុសន័យដើម ដែល លោកចង់និយាយ។

វាជារឿងមិនគួរឲ្យជឿ ហើយក៏ជាលើក ទីមួយដែរ ដែលប្រធានាធិបតីសហរដ្ឋ អាមេរិក បានចេញមុខមកអះអាងថា ខ្លួនបានធ្វើឲ្យមានកំហុសដោយអចេតនា ក្នុង ពេលថ្លែងសុន្ទរកថា ទន្ទឹមស្មាគ្នាជាមួយ នឹងប្រធានាធិបតីរុស្ស៊ី នៅចំពោះមុខអ្នកកាសែតយ៉ាងព្រោងព្រាត។

ក្នុងពេលជួបគ្នាជាមួយលោកពូទីន នៅក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦កក្កដា លោកដូណាល់ត្រាំ បាននិយាយថា “គ្មានហេតុផលណាមួយ ដែលធ្វើឲ្យលោកជឿថារុស្ស៊ីជាអ្នកបញ្ជា ឲ្យមានការចូលទៅលុកលុយ កកូរកកាយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាល ពីឆ្នាំ២០១៦ទេ”។

ស្រាប់តែនៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ក្រោយពេលផ្ទុះការរិះគន់ យ៉ាងគគ្រឹក គគ្រេង លោកដូណាល់ ត្រាំ បានចេញ មកអះអាងថា គាត់មិនចង់និយាយអ៊ីចឹងទេ តែដោយសារតែគាត់ជាប់អណ្តាត បានជា គ្រលាស់ពាក្យមិនទាន់។ តាមពិត អ្វីដែល មានសរសេរក្នុងក្រដាស ដែលគាត់ត្រូវ អាន គឺគាត់សរសេរថា “គ្មានហេតុផល ណាមួយ ដែលធ្វើឲ្យលោកមិនជឿ ថាមិន មែនរុស្ស៊ី នោះទេ”។ ពោលគឺលោក​គ្រលាស់ពាក្យមិនទាន់ ភ្លេចពាក្យ មិនមែន មួយម៉ាត់បានជាវាផ្ទុយពីន័យដើម។

គួរកត់សម្គាល់ថា ក្រោយបានឮសម្ដី របស់លោកដូណាល់ ត្រាំ ថ្លែងចំពោះ មុខលោកពូទីន ថាលោកមិនជឿ ថារុស្ស៊ីជាអ្នកនៅពីក្រោយសកម្មភាពលុកលុយលួចទិន័្នយនេះ បណ្តាញព័ត៌មានអាមេរិក និងអ្នកនយោបាយ សមាជិកសភាទាំង គណបក្សសាធារណៈរដ្ឋផង បានចោទ និងរិះគន់លោកដូណាល់ ត្រាំ យ៉ាងចាស់ ដៃ។

សូមរំលឹកថា កាលពីចុងសប្តាហ៍មុន ក្រុមស៊ើបអង្កេត FBI ទើបតែបានចេញ សេចក្តីសន្និដ្ឋានរួម ដោយបានចោទមន្ត្រីចារកិច្ចរុស្ស៊ី១២នាក់ ថាជាអ្នកនៅពីក្រោយសកម្មភាពលួចទិន្ន័យរបស់គណបក្ស ប្រជាធិបតេយ្យ។ សម្តីរបស់លោកដូណាល់ ត្រាំ ដែលថាលោកមិនជឿ ហើយថ្លែងនៅចំពោះមុខប្រធានាធិបតីរុស្ស៊ីបែបនេះទៀត ត្រូវបានអ្នករិះគន់ ចាត់ទុកថា ជាការមាក់ ងាយការងារ របស់ក្រុមស៊ើបការណ៍សម្ងាត់ជាតិខ្លួនឯង ហើយថាជាទង្វើឱនក្បាល ខ្លាចរុស្ស៊ី ដោយមិនការពារប្រយោជន៍ជាតិអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖