ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីនាំតំណាងដេប៉ូចែកចាយកម្ពុជាទស្សនកិច្ចដេប៉ូគំរូនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង ក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុនអេសស៊ីជីទៅឱ្យដេប៉ូចែកចាយគ្រឿងសំណង់ ក្នុងប្រទេសកម្ពុជា តំណាងដេប៉ូចែកចាយផលិតផលអេសស៊ីជីសរុប១៧០នាក់ ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេស រៀបចំដោយក្រុមហ៊ុនអេសស៊ីជីទៅកាន់ទីក្រុងភូកេតប្រទេសថៃ និងបានធ្វើទស្សនកិច្ចដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ដែលជាដេប៉ូសម្ភារៈសំណង់ទំនើប និងមានផ្តល់ផលិតផលនិងសេវាកម្មពាក់ព័ន្ធគ្រប់ប្រភេទ។

នៅឯដេប៉ូអេសស៊ីជីហូមសឹលូសិន (SCG Home Solution) ប្រទេសថៃ អតិថិជនមិនត្រឹមតែអាចស្វែងរកនូវផលិតផលសម្ភារៈសំណង់ ដែលចាំបាច់សម្រាប់ការសាងសង់គេហដ្ឋានរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសេវាកម្ម និងសេវាពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់អេសស៊ីជីផងដែរ។ ផលិតផលនិងសេវាកម្មត្រូវបានប្របាច់បញ្ចូលគ្នា និងផ្តល់ជូនអតិថិជននូវដំណោះស្រាយពេញលេញរួមមានដូចជាដំណោះស្រាយពីអ្នកជំនាញសម្រាប់បញ្ហាគ្រោងផ្ទះដំបូលជញ្ជាំងបន្ទប់ទឹកផ្ទះបាយពិដានការ៉ូការរៀបចំខាងក្រៅអាគារនិងដំណោះស្រាយសម្រាប់បញ្ហាទ្វារ-បង្អួចទៀតផង។

លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអេសស៊ីជីស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាឆ្នាំទី២ហើយដែលខាងSCG នៅកម្ពុជាបានមានឱកាសដឹកនាំអ្នកតំណាងចែកចាយនិងដេប៉ូចែកចាយគ្រឿង សំណង់មកប្រទេសថៃដែលឆ្នាំយើងនាំពួកគាត់អោយទទួលបានបទពិសោធន៍ដ៏ពិសេសពីខេត្តភូកេតព្រមទាំងធ្វើទស្សនកិច្ចដេប៉ូ SCG Home Solution ដើម្បីអោយពួកគាត់ទទួលបានការយល់ដឹងថ្មីៗនិងអាចបន្តអភិវឌ្ឍដេប៉ូរបស់ពួកគាត់បន្ថែមទៀត។

លោកបានបន្ថែមថា “កន្លងមកអេសស៊ីជីបានជួយដល់ដេប៉ូចែកចាយគ្រឿងសំណង់នៅកម្ពុជាក្នុងការរៀបចំផ្លាកឈ្មោះមុខដេប៉ូនិងការតុបតែងលម្អមុខហាងជាដើមដែលបានជួយជំរុញឲ្យដេប៉ូបង្កើនការចែកចាយនិងធ្វើអាជីវកម្មបានកាន់តែប្រសើរឡើង។”

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតកម្មវិធីដំណើរកំសាន្តសម្រាប់អតិថិជនអេសស៊ីជីត្រូវបានរៀបចំមកជាច្រើនឆ្នាំមកហើយនេះទើបតែជាឆ្នាំទីពីរប៉ុណ្ណោះដែលការលក់មានកម្រិតខ្ពស់ដែលអនុញ្ញាតអោយអតិថិជនទទួលបានដំណើរកំសាន្តទៅក្រៅប្រទេសដោយកាលពីឆ្នាំមុនអតិថិជនទទួលបានរង្វាន់ដំណើរកំសាន្តទៅទីក្រុងប៉ាតាយ៉ា ។ ឆ្នាំនេះមានអតិថិជនកាន់តែច្រើនទទួលបានដំណើរកំសាន្តនេះ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការរីកចំរើនរបស់ក្រុមហ៊ុនអេសស៊ីជីនៅកម្ពុជា។ ខណៈប្រទេសកម្ពុជាបន្តរីកចំរើននិងអភិវឌ្ឍអេសស៊ីជី គឺជាក្រុមហ៊ុនមួយដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ តាមរយៈការផ្តល់ជូននូវផលិតផលមានគុណភាពការរៀបចំសកម្មភាពសង្គម និងកម្មវិធីពិសេសៗជាច្រើនទៀត៕ វឌ្ឍនា


ចែករំលែក៖