ព័ត៌មានទាន់ហេតុការណ៍៖

អំណរឆ្នាំថ្មី ២០១៨ រថយន្តរាប់ពាន់គ្រឿងត្រូវបានដុតអបអរឆ្នាំថ្មី

ចែករំលែក៖

ក្រសួងមហាផ្ទៃបារំាងបានប្រកាសឲ្យដឹងថា នៅក្នុងយប់ឆ្លងឆ្នាំ មានករណីដុតបំផ្លាញរថយន្តនៅទូទាំងប្រទេស ដោយមានរថយន្តជា១០០០គ្រឿង ត្រូវបានដុតបំផ្លាញ ដើម្បីស្វាគមន៍ឆ្នាំ២០១៨។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ដូចរាល់ឆ្នាំមានការដុតរថយន្តដើម្បីស្វាគមន៍ឆ្នាំថ្មី នៅទូទាំងប្រទេស ដោយនៅក្នុងឆ្នាំនេះ មានរថយន្តដល់ទៅ១០៣១គ្រឿង ត្រូវបានដុតបំផ្លាញ ។ តួលេខខាងលើតិចជាងកាលពីឆ្នាំ២០១២និង២០១៣ ដែលមានរថយន្តដល់ទៅ១១៩៣ត្រូវបានដុតបំផ្លាញ។ ប៉ុន្តែច្រើនជាងឆ្នាំ២០១៦ ដែលមានរថយន្តតែ៩៣២គ្រឿងត្រូវបានដុតស្វាគមន៍ឆ្នាំថ្មី។

នៅក្នុងសកម្មភាពខាងលើ មានមនុស្សដល់ទៅ៥១០នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃដំបូង នៃឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសកម្មភាពខាងលើ។ ចំនួនពលរដ្ឋត្រូវចាប់ខ្លួនក៏ច្រើនជាងឆ្នាំ២០១៧ និង២០១៧ ដែលពេលនោះមានតែ ៤៥៤នាក់ប៉ុណ្ណោះ ។ នៅក្នុងសកម្មភាពខាងលើ មានបូលិស៨នាក់ និងទាហាន៤នាក់រងរបួស នៅក្នុងហេតុការណ៍ដុតរថយន្តខាងលើ។

បារាំង បានដាក់ពង្រាយ ក្រុមសន្តិសុខជាង ១៤០ពាន់នាក់ នៅគ្រប់ទិសទីដើម្បីទប់ស្កាត់ការដុតរថយន្ត ក៏ដូចជាដើម្បីពន្លត់អគ្គីភ័យ និងរក្សាសន្តិសុខ។

ការដុតរថយន្ត កំពុងក្លាយទៅជាប្រពៃណីអាក្រក់មួយនៅប្រទេសបារាំង ដោយក្រុមយុវជន បានដុតរថយន្ត ជាច្រើននៅតាមដងផ្លូវ ក្នុងពេលស្វាគមន៍ឆ្នាំថ្មី។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេសវិញ មានចំណត់រថយន្តមួយកន្លែង ឆាប់ឆេះ បានដុតបំផ្លាញរថយន្តរហូតដល់ទៅ១៤០០គ្រឿង ក្នុងថ្ងៃចុងក្រោយ នៃឆ្នាំចាស់ ២០១៧ ស្ថិតនៅទីក្រុងលីវើភូល ។ មូលហេតុគឺកើតចេញពីរថយន្តមួយគ្រឿងចត់នៅក្នុងចំណតនោះឆាប់ឆេះ ហើយរាលដាល់នៅទូទាំងចំណត់រថយន្តតែម្តង។ ក្រុមពន្លត់អគ្គិភ័យចំណាយពេលដល់ទៅ៦ម៉ោងទើបអាចគ្រប់គ្រងស្ថានភាពបាន៕ ម៉ែវ សាធី


ចែករំលែក៖