ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាកើនឡើងពលរដ្ឋអាហ្វ្រិកកណ្តាលជាង៧ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់កុងហ្គោ

ចែករំលែក៖

កាលពីថ្ងៃទី ២០ខែឧសភាឧត្តមស្នង ការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានប្រកាសថា មាន អំពើហិង្សាកើនឡើងនៅក្នុង តំបន់ភាគ ខាងកើតសាធារណរដ្ឋ អាហ្វ្រិកខាងត្បូង បណ្តាលឲ្យពលរដ្ឋជាង៧ពាន់នាក់ ត្រូវ ភៀសខ្លួនចោលផ្ទះសម្បែង ឆ្លងព្រំដែន ចូលទៅកាន់សាធារណរដ្ឋកុងហ្គោសុំជ្រកកោន។

តាមរបាយការណ៍របស់អង្គការ UNHCR បានប្រកាសថា ភាគច្រើនជនភៀសខ្លួនគឺជាស្ត្រីនិងកុមារ ស្ថិតនៅក្នុងស្ថាន ភាព ចលាចលអត់អាហារនិងមានជំងឺ ផ្សេងៗ ត្រូវការជំនួយជាបន្ទាន់។ ជនភៀសខ្លូនទាំងនោះត្រូវធ្វើដំណើរដោយថ្មើរជើង ទៅកាន់កុងហ្គោ ។

អ្នកនាំពាក្យ UNHCRលោក William Spindler បានប្រកាសឲ្យដឹងថា ភាគច្រើន ជនភៀសខ្លួនបានចូលទៅដល់ ភូមិ Kanzawi ក្នុងតំបន់ដាច់ស្រាយាល ស្ថិតនៅក្នុងខេត្តBas Uele ភាគខាងជើង សាធារណរដ្ឋកុងហ្គោ ដែលជាតំបន់មាន ពលរដ្ឋរាប់មឺុននាក់បានភៀសខ្លួនទៅកាន់ទីនោះ។ លោក William Spindler បញ្ជាក់ ទៀតថា ក្នុងរយៈពេលមិនដល់មួយឆ្នាំផង មានជនភៀសខ្លួនពីអាហ្វ្រិកកណ្តាល ទៅកាន់សាធារណរដ្ឋ កុងហ្គោលកើន ឡើងពី ១០២.០០០ឡើងដល់ ១៨២. ០០០នាក់ ហើយនេះមិនមែនជាតួលេខ ចុងក្រោយឡើយគឺ នៅមានការកើនឡើង ជាបន្តទៀត។

កន្លងមកនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក ប្រធានា ធិបតីអាហ្វ្រិកកណ្តាល លោក Faustin Archange Touadera បានបញ្ជាក់យ៉ាង ច្បាស់ថា ដំណើរការស្វែងរកសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កំពុងតែអនុវត្តដើម្បីកាត់បន្ថយសោកនាដកម្មដែលបានបង្កឡើងដោយក្រុម ខ្មាន់កាំភ្លើង ជ្រុលនិយម។

ប្រធានាធិបតី Faustin Archange Toua dera បានប្រកាសទៀតថា ប្រទេសរបស់ លោក នឹង ធ្វើការកែទម្រង់ប្រព័ន្ធសន្តិសុខជាតិ ដើម្បីទប់ស្កាត់ អំពើហិង្សាដែលបាន កើតឡើងរយៈពេល ជាង៥ឆ្នាំកន្លងមក។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជា ប្រទេសក្រីក្រជាងគេបំផុតនៅលើពិភពលោក បានធ្លាក់ក្នុងអំពើហិង្សា ចាប់តាំងពីក្រុមអ៊ិស្លាមជ្រុលនិយមSeleka ធ្វើការវាយ ប្រហារ ផ្តួលរំលំប្រធានាធិបតី Francois Bozizé កាលពីឆ្នាំ២០១៣ ។ បើទោះបី បារំាងបានជ្រៀតជ្រែក ដោយយោធាចូល ទៅក្នុង ប្រទេសនេះក្តីក៏មិនអាចបញ្ចប់ អំពើហិង្សានេះមានឡើយ ពិសេសគឺនៅ ក្នុងតំបន់ដែលមានធនធានធម្មជាតិ មាស និងត្បូងពេជ្រ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា អំពើហិង្សាបាន ធ្វើឲ្យពលរដ្ឋ អាហ្រិ្វកកណ្តាលរាប់ពាន់នាក់ស្លាប់ និងជាង ១លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ។ ជាមួយគ្នានោះ ពលរដ្ឋជាង ២,៤លាននាក់ ជិតពាក់ កណ្តាលចំនួនប្រជាជនសរុបរស់នៅពឹងលើជំនួយបរទេស។ កាលពីឆ្នាំ២០១៧ អង្គការសហប្រជាជាតិបានសម្រេចបន្ថែមទាហានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ៩០០នាក់បន្ថែមទៀតនៅទីនោះដើម្បីការពារសន្តិសុខដល់ពលរដ្ឋ៕ ម៉ែវ សាធី


ចែករំលែក៖