ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់មានសម្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ទល់នឹងទណ្ឌកម្មថ្មីរបស់អាមេរិក

ចែករំលែក៖

រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់មានសម្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ទល់នឹងទណ្ឌកម្ម ពីអាមេរិក ដោយមានប្រទេសជាច្រើន បន្តសហការរកស៊ីជាមួយអ៊ីរ៉ង់ ដដែលក្នុងនោះមានប្រទេសតំបន់អឺរ៉ុប និងអាស៊ី ។

រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងដំណើរការឡើងវិញ ទាំងស្រុង ច្បាប់ដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្នុងនោះ មានលើកលែងការដាក់ទណ្ឌកម្មដល់៨ប្រទេស ដែលរកស៊ីជាមួយអ៊ីរ៉ង់ ។

បន្តាញព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកSteven Mnuchin បានប្រកាសថា សរុប មាន៧០០ក្រុមហ៊ុន និង ឯកជនអ៊ីរ៉ង់ គឺជាគោលដៅនៃការដាក់ទណ្ឌកម្ម នៅពេលខាងមុខនេះ ។ រាល់ការដាក់ទណ្ឌកម្ម ជាថ្មីឡើងវិញ នេះ គឺជាការ ដំណើរការនៃទណ្ឌកម្មចាស់ដែលបានលុបចោល ក្រោយកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៥ ហើយក្រោយពេល លោកត្រាំ លុបកិច្ចព្រមព្រៀងនោះ រាល់ទណ្ឌកម្មទាំងឡាយទៅលើអ៊ីរ៉ង់ នឹងរស់ឡើងវិញ។

ក្រោយពេល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានដកកិច្ចព្រមព្រៀងបរមាណូចេញពីអ៊ីរ៉ង់ នៅខែឧសភា ក៏បានសម្រេចដាក់ទណ្ឌកម្ម ទៅលើ អ៊ីរ៉ង់ ហើយការដាក់ទណ្ឌកម្មលើកទីពីរ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី៥ ខែវិច្ឆិកា សម្តៅទៅលើវិស័យដឹកជញ្ជូនតាម ដែនសមុទ្រ ហិរញ្ញវត្ថុ និងថាមពល ។ ក្នុងចំណោម ក្រុមហ៊ុន និងបុគ្គល ទាំង៧០០ស្ថិតនៅក្នុងបញ្ជី ដាក់ទណ្ឌកម្ម គឺមានឈ្មោះថ្មីដល់ទៅ ៣០០ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងនៅសំណើចំនួន១២ខ ដើម្បីអ៊ីរ៉ង់ អនុវត្ត ប្រសិនបើ ចង់ឲ្យអាមេរិក លុបទណ្ឌកម្មទាំងអស់នោះ ។ ក្នុងសំណើទាំងនោះមាន ផ្អាកសកម្មភាពអភិវឌ្ឍន៍ មីស៊ីល បញ្ឈប់ការផ្តល់ជំនួយដល់ក្រុមភេរវកម្ម ដកខ្លួនចេញពីវិបត្តិនៅក្នុងប្រទេសស៊ីរី ។

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា នឹង ដាក់ទណ្ឌកម្មដល់ប្រទេសណាដែលបន្តរកស៊ីជាមួយ អ៊ីរ៉ង់ ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបញ្ជាក់ថា នឹងមានប្រទេសមួយចំនួន មិនអាច ផ្អាកការទិញប្រេងពីអ៊ីរ៉ង់ បានឡើយ។ ហេតុដូច្នេះហើយអាមេរិក នឹងលើកលែងដល់ប្រទេសចំនួន៨ ដើម្បីទុកឲ្យប្រទេសទាំងនោះកាត់បន្ថយ ការទិញប្រេងពីអ៊ីរ៉ង់បន្តិចម្តង ៗ ។ លោក Pompeo មិនបានលើកឡើងពីឈ្មោះប្រទេសទាំង៨នោះលើយ ប៉ុន្តែ ប្រទេស ដែលស្ថិត នៅក្នុង ចំណោម៨ប្រទេសនោះមាន សម្ព័ន្ធមិត្តអាមេរិក ដូចជា ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ទួរគី និងអ៊ីតាលី ជាដើម ។ ចំណែកសម្ព័ន្ធមិត្តនៅអឺរ៉ុបមិនត្រូវបានលើកលែងឡើយ។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Bhram Qasemi បានប្រកាសថាប្រទេសនេះមានសម្ថភាពគ្រប់គ្រាន់ នៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច ហើយអាមេរិក នឹងមិនឈានដល់គោលដៅនយោយបាយនៅក្នុងការគ្រប់គ្រង អ៊ីរ៉ង់តាមរយៈទណ្ឌកម្មនោះឡើយ។

ក្នុងពេលជាមួយគ្នានោះអឺរ៉ុប បានប្រកាសថា ការសម្រេចដាក់ទណ្ឌកម្ម របស់អាមេរិកទៅលើអ៊ីរ៉ង់ គឺជារឿង មួយគួរឲ្យសោកស្តាយបំផុត ហើយអឺរ៉ុប នឹង មានវិធានការការពារបណ្តាក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីជាមួយអ៊ីរ៉ង់ ៕


ចែករំលែក៖