ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ាក់៖ សង្គ្រាមជាមួយ IS ចប់ហើយ

ចែករំលែក៖

សង្គ្រាមរបស់ប្រទេសអ៊ីរ៉ាក់ប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម IS នោះត្រូវបានប្រកាសបញ្ចប់ជាស្ថាពរហើយ ។

កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧ថា លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងបាដាដថា កងកម្លាំងអ៊ីរ៉ាក់បានគ្រប់គ្រងទាំងស្រុងហើយព្រំដែនអ៊ីរ៉ាក់ជាប់ជាមួយព្រំដែនប្រទេសស៊ីរីនោះ។

តំបន់ព្រំដែនជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម IS ចុងក្រោយបំផុត បន្ទាប់ពីក្រុមនេះ បានបាត់បង់ទីក្រុង Rawa កាលពីខែវិច្ឆិកា។

ក្រសួងការពារជាតិអាមេរិកប្រកាសស្វាគមន៍ការបញ្ចប់សង្គ្រាមប្រឆាំងក្រុម IS របស់អ៊ីរ៉ាក់ ហើយថា សកម្មភាពរបស់អាមេរិកប្រឆាំងទៅលើក្រុមនេះ នៅបន្តធ្វើឡើងជាដដែល។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ ក៏ប្រកាសដែរថា បានយកជ័យជម្នះលើក្រុមភេរវកម្ម IS នៅតំបន់ក្បែរខាងស៊ីរីនោះដែរ។

ក្នុងឆ្នាំ២០១៤ ក្រុម jihadist ឬ IS បានវាតទីកាន់កាប់ទឹកដីស៊ីរី និងអ៊ីរ៉ាក់យ៉ាងធំធេង ប្រកាសដោយខ្លួនឯងជារដ្ឋ caliphate ចេញច្បាប់តឹងរ៉ឹងគ្រប់គ្រងទៅលើមនុស្សប្រមាណ១០លាននាក់។ ប៉ុន្តែទោះបីយ៉ាងណា នៅអំឡុង២ឆ្នាំចុងក្រោយនេះ ក្រុមIS ទទួលបរាជ័យបន្តបន្ទាប់ ក្នុងនោះពួកគេបានបាត់បង់ទីក្រុងមូស៊ុល ក្នុងខែកក្កដា ហើយនិងទីក្រុង រ៉ាកកា ភាគខាងជើងស៊ីរីកាលពីខែមុននេះ។

សេចក្តីរាយការណ៍ខ្លះថា ក្រុមឧទ្ទាម IS បានបែកខ្ញែកគ្នាអស់ អ្នកខ្លះរត់ទៅតំបន់ជនបទដាច់ស្រយាល់ស៊ីរី រីឯខ្លះទៀតរត់គេចខ្លួនឆ្លងព្រំដែនទៅទួរគីជ្រកពួន។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Abadiថា «កងកម្លាំងរបស់យើងគ្រប់គ្រងបានទាំងស្រុងព្រំដែនអ៊ីរ៉ាក់-ស៊ីរី ហេតុដូច្នេះហើយ ខ្ញុំសូមប្រកាសបញ្ចប់សង្គ្រាមប្រឆាំងក្រុម Daesh(IS)» ។

កងទ័ពអ៊ីរ៉ាក់បានចេញថ្លែងការណ៍ថា អ៊ីរ៉ាក់ត្រូវបានរំដោះទាំងស្រុងហើយពីក្រុមIS ៕ ថាច់ យ៉ាត


ចែករំលែក៖