ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគង្វាលក្របីប្រទះឃេីញសាកសពបុរសម្នាក់ផ្កាប់មុខក្នុងទឹកស្រែមិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានអ្នកគង្វាលសត្វពាហនៈ(ក្របី) ប្រទះឃើញស្លាប់ផ្កាប់មុខក្នុងទឹកស្រែមានព្រៃរបោះៗ តាមផ្លូវក្របី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណ និងសាច់ញាតិនៅឡើយទេ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកស្រែមានព្រៃរបោះៗតាមផ្លូវសត្វក្របីគោ ចុះពីផ្លូវលំក្រាលគ្រួសក្រហមចម្ងាយប្រមាណ ១.០០០ម៉ែត្រ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិម្នាក់ ខណៈគាត់មកពីដេញសត្វក្របីតាមផ្លុូវនោះ ក៏បានប្រទះឃើញ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្បាលត្រាច ចុះដល់កន្លែង ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ជាក់ស្ដែង៖ សាកសពមានស្លៀកពាក់ ខោជើងខ្លី ពណ៌ក្រហម ពាក់អាវដៃវែង ពណ៌ស មានកម្ពស់ ១,៦០ម៉ែត្រ សក់រួញអង្គាសដី សប្បុរសណ្ដែកបាយ នៅក្បែរសាកសពមានបង្វិចចំនួន ១ នៅក្នុងបង្វិចនោះរួមមាន បៀចំនួន ២ហ៊ូ មីចំនួន ៥កញ្ចប់ និងមានសំបកកំប៉ុងប៊ីយែរ និងសំបកកំប៉ុងត្រី ខផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា សាកសពពុំមានអ្នកស្គាល់អតសញ្ញាណនោះទេ ដូច្នេះបើបងប្អូនបានបាត់សមាជិកក្នុងគ្រួសារដូចមានភិនភាគខាងលើស្រាប់នេះ សូមមេត្តាទំនាក់ទំនងទៅកាន់សមត្ថកិច្ច។
សាកសពអាចជាមនុស្សវិកលចរិក ព្រោះប៉ុន្មានថ្ងៃមុន គេឃើញចនរងគ្រោះដើរទៅមកៗនៅចន្លោះផ្សារក្រគរ និងឃុំក្បាលត្រាច។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា លទ្ធផល៖ ការត្រួតពិនិត្យសាកសពអាចស្លាប់បណ្ដាលមកពីជំងឺខ្យល់គរ (គាំងបេះដួង) ព្រោះពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មអ្វីនោះទេ ។​

ដោយសាកសពជនរងគ្រោះពុំមានអ្នកស្គាល់អតសញ្ញាណ និងសាច់ញាតិ ទើបសុំគោលការណ៍ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់ សម្រេចយកសាកសពទៅបញ្ចុះនៅក្នុងបរិវេណវត្តក្រឡាញ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ៕ បឹុម ពិន


ចែករំលែក៖