ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីឆ្នើម David De Gea បញ្ជាក់ជំហរនៅជាមួយក្លិបបិសាចក្រហមបន្តទៀត

ចែករំលែក៖

អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David De Gea បានបញ្ជាក់សាជាថ្មីថា ខ្លួនពិតជាកំពុងសប្បាយចិត្តខ្លាំងណាស់ដែលបានលេងឲ្យក្លិបបិសាចក្រហម Manchester United។

ថ្លែងប្រាប់សារព័ត៌មាន The Star អ្នកចាំទីឆ្នើមរូបនេះបាននិយាយថា “ពេលវេលាពិតជាដើរលឿនមែនទែន។ មួយភ្លែតសោះ ខ្ញុំលេងឲ្យ Manchester United បាន ៧ឆ្នាំទៅហើយ។ ក្នុងអំឡុងពេលនេះ មានរឿងជាច្រើនកើតមកលើខ្ញុំ ក្នុងនោះ ខ្លះក៏ល្អ ខ្លះក៏មិនសូវល្អ ប៉ុន្តែប្រាប់តាមត្រង់ចុះ ខ្ញុំកំពុងតែសប្បាយរីករាយខ្លាំងណាស់ដែលខ្ញុំបានបន្តលេងឲ្យក្លិប”។

De Gea បានបន្តថា “ខ្ញុំមានអារម្មណ៍ថាខ្ញុំជាកីឡាករសំខាន់សម្រាប់ក្លិប និងក្រុម។ ខ្ញុំគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលចាស់ជាងគេក្នុងក្រុម។ ដូច្នេះខ្ញុំសប្បាយចិត្តពេលឃើញកីឡាករក្មេងៗមកចូលរួមជាមួយក្រុម ហើយព្យាយាមធ្វើឲ្យក្រុមលេងរឹតតែល្អ”។

សូមបញ្ជាក់ថា ការបញ្ជាក់ច្បាស់ៗបែបនេះ ធ្វើឡើងបន្ទាប់ពី De Gea បានបង្កជាមន្ទិលយ៉ាងខ្លាំងកាលពីមួយខែមុន ដោយកីឡាកររូបនេះបានបដិសេធក្នុងការនិយាយពីការចុះកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម។ កុងត្រាបច្ចុប្បន្នរបស់ De Gea មានសុពលភាពរហូតដល់ឆ្នាំ២០១៩។

កន្លងទៅមានរបាយការណ៍ និងពាក្យចចាមអារ៉ាមជាច្រើនដែលថា ក្លិបយក្សស្តេចស Real Madrid នៅតែបន្តតាមអន្ទងចិត្ត De Gea ឲ្យចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីមកចូលរួមជាមួយខ្លួននៅរដូវកាលក្រោយ ប៉ុន្តែសំណើនេះត្រូវបានក្លិបបិសាចក្រហមបដិសេធ ៕ ដេវីត


ចែករំលែក៖