ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណានឹងក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិកបន្ត?

ចែករំលែក៖

ការជ្រើសរើសមន្ត្រីជំនួសលោក Jim Mattis ជាមន្ត្រីដែលមានភាពល្បីល្បាញ និងទទួលបានការគោរព ស្រឡាញ់បំផុតក្នុងជួររដ្ឋាភិបាលរបស់លោក ត្រាំ បានសម្រេចលាលែងពីតំណែងហើយការជ្រើសរើស មនុស្សថ្មីមកជំនួសមិនមែនជារឿងងាយស្រួលនោះឡើយ ។

លោក Jim Mattis ទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ ៩៩ សំឡេង និងប្រឆាំងតែ១ប៉ុណ្ណោះ នៅក្នុងការសម្រេចពីព្រឹទ្ធសភាអាមេរិក ។ លោកត្រូវបានគេផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់សន្តិសុខជាតិ ក្នុងជួររដ្ឋាភិបាលរបស់លោក ត្រាំ ។

នៅថ្ងៃទី២០ ខែធ្នូ លោកបានប្រកាសលាលែងពីតំណែង ដោយសារតែ មិនចុះសម្រុងនឹងគោលនយោបាយ របស់ប្រធានាធិបតី ត្រាំ ។ តាមគម្រោងលោកនឹងចាកចេញពីមន្ទីរបញ្ចកោណ នៅខែកុម្ភៈ ឆ្នាំ២០១៩ ។

អ្នកណាដែលមានសមត្ថភាពខ្ពស់សម្រាប់ជំនួសតំណែងនោះ? នៅពេលនេះ មន្ត្រីមានបទពិសោធន៍ជាច្រើន បានប្រកាសថា មិនចាប់អារម្មណ៍នឹងតំណែងមួយនេះឡើយ ។ អតីត មេបញ្ជាការកងទ័ពជើងគោកអាមេរិក លោក Jack Keane បានប្រកាសថា លោកគ្មានចំណាប់អារម្មណ៍ចំពោះកៅអីនេះឡើយ ។

ខាងក្រោមនេះ ជាមន្ត្រីដែលសារព័ត៌មាន Military Times ជ្រើសរើសសម្រាប់តំណែងសំខាន់មួយនេះ ៖

១ លោក Patrick Shanahan រដ្ឋលេខាធិការក្រសួងការពារជាតិ ជាបុគ្គលមានឥទ្ធិពលទី២ បន្ទាប់ពី លោក Jim msyyid ។

២ លោក Tom Cotton សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ប្រចាំនៅរដ្ឋ Arkansas ជាអតីតមន្ត្រីយោធា នៅក្នុងសង្គ្រាម អ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ។

៣ លោក Richard Spencer អតីតមន្ត្រីជាន់ខ្ពស់ទាហានជើងទឹក មានបទពិសោធន៍យូរឆ្នាំនៅក្នុងក្រសួងការពារជាតិ ។

៤ លោកស្រី Heather Wilson អាចនឹងក្លាយជាឈ្មោះ ដែលលោក ត្រាំ ចាប់អារម្មណ៍ ឲ្យក្លាយជារដ្ឋមន្ត្រី ការពារជាតិ ស្ត្រីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក៕


ចែករំលែក៖