ព័ត៌មានទាន់ហេតុការណ៍៖

អ្នកថ្មើរជើងម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដបុក

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្ដបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងជើងស្ពានព្រែកនូ (ស្ពានទិ៥៩) ស្ថិតក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងស្លាប់បាត់បង់ជីវិតឈ្មោះ គ្រួច ចឺប ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាក CANTER ពណ៌សរ ចង្កូចស្ដាំ ពាក់ស្លាកលេខ K.D.L.0170 បើកបរដោយជនមិនស្គាល់់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើហេតុសាក្សីបានជនរងគ្រោះជាអ្នកថ្មើរជើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះឆ្លងផ្លូវ ដោយពុំមានការប្រយ័ត្នមើលឆ្វេងមើលស្ដាំនោះទេ ស្រាប់តែមានរថយន្ដមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ( តាខ្មៅ-ជ្រៃធំ ) ដោយល្បឿនលឿនក៏ឈប់មិនទាន់ចាប់ហ្វ្រាំងមិនជាប់បុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រីអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង រួចកសាងឯកសារដកហូតរថយន្ដមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ខាងលើនេះ គឺបណ្ដាលមកជនរងគ្រោះជាអ្នកថ្មើរជើង ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន មុនឆ្លងផ្លូវមិនមើលឆ្វេងមើលស្ដាំឲ្យគ្រប់ជ្រុងជ្រោយ ទើបបណ្ដាលឲ្យរថយន្ដបុកស្លាប់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖