ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យថា សំណុំរឿងមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប.អាស្រ័យលើដើមបណ្តឹង

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបាន ថ្លែងឲ្យដឹងថា ករណីសំណុំរឿងមន្ត្រីអាដ ហុកចំនួនបួននាក់ និងមន្ត្រីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ម្នាក់ ជាប់ពន្ធនាគារនោះអាស្រ័យលើដើមបណ្តឹង របស់ពួកគេគឺកញ្ញា ធី សុវណ្ណថា និងកញ្ញា ខុំ ចាន់តារាទី ហៅស្រីមុំ ដែលមានរឿង អាស្រូវស្នេហាជាមួយលោក កឹម សុខា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សំណុំរឿង នេះមិនទាក់ទងនឹងគណបក្សកាន់អំណាចនោះឡើយ ហើយថាប្រសិនបើមានកិច្ច ជំនួបរវាងបក្សសំឡេងភាគច្រើន និងតិចក៏មិនអាចដោះស្រាយឲ្យពួកគេបានដែ។ លោក សុខ ឥសាន្ត បានលើកឡើងថា ពន្លឺ នៃកិច្ចជំនួបរវាងគណបក្សសំឡេងភាគច្រើននឹងតិចមិនទាន់បានកំណត់ទេ ដោយសារខាងគណបក្សសំឡេងភាគច្រើនមិនមានពេលទំនេរ ហើយប្រសិនបើមានកិច្ច ជំនួបពេលណានោះក៏ពិភាក្សាអំពីកិច្ចព្រមព្រៀងនៃគណបក្សទាំង២តែប៉ុណ្ណោះ។ សម្រាប់អ្នកជាប់ពន្ធធាគារដូចជាក្រុម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង សង្គមស៊ីវិលនោះគឺនឹងមិនលើកយកមក និយាយនោះទេ ពីព្រោះថាពួកគេស្ថិតនៅក្នុងកណ្តាប់ដៃតុលាការ ដូច្នេះការពិភាក្សាមិនលូកដៃក្នុងនីតិវិធីតុលាការនោះឡើយ។

លោក សុខ ឥសាន បានបន្តថា បញ្ហាក្រុមសង្គមស៊ីវិលជាប់ពន្ធធាគារនោះកាន់ តែស្មុគស្មាញថែមទៀតពីព្រោះថា ពួកគេ ទាំងនោះគឺជាប់ពាក់ព័ន្ធនឹងករណីរឿង អាស្រូវស្នេហារបស់លោក កឹម សុខា ហើយ ពេលនេះគឺនៅក្នុងដៃតុលាការដូច្នេះការចេញ ឬមិនចេញវាអាស្រ័យលើសាមីខ្លួនដើមបណ្តឹងគឺនាង ធី សុវណ្ណថា និងកញ្ញា ខុំ ចាន់តារាទី ហៅស្រីមុំ ប៉ុណ្ណោះ។ ដូច្នេះយើងមិនអាចរំលោភនីតិវិធីរបស់តុលាការ បានឡើយ ហើយអ្នកដែលមិនយល់ចេះតែចោទប្រកាន់មកគណបក្សប្រជាជន កម្ពុជាថាយ៉ាងនេះយ៉ាងនោះទៅវិញ ។

កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅនេះលោក នី សុខា ប្រធានផ្នែកស៊ើប អង្កេតសមាគមអាដហុក លោក យី សុខ សាន្ត លោក ណៃ រ៉ង់ដា និងលោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុកត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សីតាមមាត្រា៥៤៨នៃក្រម ព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវបានតុលាការចោទ ប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីតាមមាត្រា២៩ និងមាត្រា៥៤៨នៃ ក្រមព្រហ្មទណ្ឌ។ តែយ៉ាងណាក្តីរហូតមកដល់ពេលនេះពួកគេគឺត្រូវបានតុលាការ កំពូលតម្កល់ទោសពួកគេដដែល ។

ទាក់ទងនឹងសំណុំរឿងក្រុមតំណាង រាស្ត្រគណបក្សជំទាស់ដែលកំពុងជាប់ពន្ធនាគារដែរនោះក៏មិនអាចឲ្យក្រុមតំណាង រាស្ត្រសំឡេងភាគច្រើននិងតិចលើកមក និយាយពេលដែលមានកិច្ចជំនួបនោះដែរ ដោយសារពួកគេជាពិរុទ្ធជន ដូច្នេះអ្វីគ្រប់យ៉ាងទុកឲ្យតុលាការធ្វើតាមនីតិវិធីរបស់ តុលាការ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការជាប់ពន្ធនាគាររបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងនិងសង្គមស៊ីវិលនេះគឺជារឿងនយោបាយ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពី បញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្ត្រភាគច្រើននៃ រដ្ឋសភាសម្តេចក្រឡាហោម ស ខេង លើក ឡើងថា ទោះបីជាផុតឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីក្តីតែលោកមិនទាន់មានពេលជួបជា មួយបក្សប្រឆាំងតាមការសន្យាថា នឹងជួបនៅចុងខែធ្នូនៅឡើយទេដោយសារជាប់ រវល់ការងារច្រើនពេក។ ទោះបីជាយ៉ាងណា សម្តេចក្រឡាហោមបញ្ជាក់ថាគម្រោងជួបចរចាជាមួយគណបក្សប្រឆាំងនៅតែមានដដែលតែមិនទាន់ហ៊ានកំណត់ពេលជាក់លាក់ ។

ចំពោះសំណួររឿងដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគ.ជ.ប. ម្នាក់នោះសម្តេចក្រឡាហោម ស ខេង បង្វែរឲ្យទៅសួរតុលាការក្រោមហេតុផលថា លោកមិនអាចដោះស្រាយបានឡើយ ប្រសិនបើតុលាការមិនទាន់បញ្ចប់នីតិវិធីនោះ ៕ ហេង សូរិយា

%e1%9e%9f%e1%9e%bb%e1%9e%81-%e1%9e%a5%e1%9e%9f%e1%9e%b6%e1%9e%93%e1%9f%92%e1%9e%8f-%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%96%e1%9e%b6%e1%9e%80%e1%9f%92%e1%9e%99%e1%9e%82


ចែករំលែក៖