ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ ។
លោកបន្តថា៖ តែផ្ទុយទៅវិញច្បាប់នេះបង្កើតឡើងគ្រាន់តែ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលដឹកនាំគ្រប់គ្រងប្រទេសជាតិពេលជួបគ្រោះអាសន្នណាមួយប៉ុណ្ណោះ។
លោក ម៉ម ប៊ុន នាងអ្នកនាំពាក្យព្រឹទ្ធសភាបានហៅការព្រួយបារម្មណ៍របស់មតិមួយចំនួនដែលថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចរឹតរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះ គឺជាការព្រួយបារម្មណ៍ជ្រុលហួសហេតុ ហើយពួកគេមិនបានគិតពីសុវត្ថិភាព សុខភាពសាធារណៈ និងផលប្រយោជន៍ជាតិទេ។ លោកថ្លែងបែបនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដឹកនាំដោយលោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
លោកបញ្ជាក់ថា ច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលតាក់តែងឡើងផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រ កម្ពុជា ដែលចែងថា ៖ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថាដើម្បីបើកផ្លូវឱ្យរាជដ្ឋាភិបាលមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិពេលដាក់ក្នុងគ្រាអាសន្នណាមួយនោះ អង្គព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ស្អែកនេះ ដើម្បីពិភាក្សា នឹងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មុននឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញភាព នឹងដាក់ថ្វាយដល់ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ និងទុកជាការប្រញាប់ផងដែរ៕

ដោយ៖ សហការី



ចែករំលែក៖