ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិចាប់ពស់ថ្លាន់៤ក្បាលហើយលែងទៅវិញក្រោយកើតប្រផ្នួលមិនល្អ កូនស្រីអ្នកចាប់ពស់ចុកពោះដួលប្រកាច់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សត្វពស់ថ្លាន់ ចំនួន៤ក្បាល ក្នុងមួយក្បាលត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា មានទម្ងន់ចាប់ពី១០គីឡូក្រាម និងមានប្រវែង៣ម៉ែត្រកន្លះចុះក្រោម ត្រូវបានប្រជាពលរដ្ឋ រស់នៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ចាប់បាននៅក្នុងព្រៃសហគមន៍មួយកន្លែង ក្នុងឃុំតាបែន ស្រុកស្វាយចេក ហើយក៏សម្រេចចិត្តលែងនៅក្នុងព្រៃសហគមន៍នោះវិញ ក្រោយអ្នកភូមិមានប្រផ្នួលមិនល្អ ។

លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋចាប់ពស់ថ្លាន់បានមានឈ្មោះ ហឿង បាត់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិខែ្លងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកប្រាប់ឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ មានអ្នកភូមិ៤ទៅ១០នាក់ ទៅដេកធ្វើចំការដំឡូងមីព្រៃសហគមន៍ខាងលើ ខណៈដែលកំពុងធ្វើចំការ ក៏ប្រទះឃើញដានពស់ ។ ពួកគាត់ក៏តាមស្វែងរកមើល បន្ទាប់មកឃើញរន្ធធំមួយ ហើយនាំគ្នាសង្ស័យថាមានពស់នៅក្នុងរន្ធនោះ ក៏នាំគ្នាជីកកាយមើល ស្រាប់តែឃើញពស់ថ្លាន់ចំនួន៤ក្បាលនៅក្នុងរន្ធតែមួយ ហើយក៏នាំគ្នាចាប់យករក្សាទុក្ខក្នុងភូមិ ។ លុះរក្សាទុកនៅក្នុងភូមិបានទៅ២យប់ ក៏ស្រាប់តែកើតហេតុកូនស្រីអ្នកចាប់ពស់ថ្លាន់អាយុ២៧ឆ្នាំបាន ចុកពោះ ប្រកាច់មិនបាត់សោះនោះឡើយ ។

អ្នកភូមិក៏នាំគ្នាជឿលើអប៉ីជំនឿ ខ្លាចក្រែងពស់ថ្លាន់នោះមានបារមីកាន់ បង្កកើតហេតុអាក្រក់ៗនៅក្នុងភូមិ ។ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ក៏បានសម្រេចចិត្តធ្វើពិធីលែងពស់ថ្លាន់៤ក្បាលនោះទៅវិញ ។

បន្ទាប់ពីលែងពស់ថ្លាន់ ក៏ស្រាប់កូនស្រីដែលចុកពោះឈប់ចុកពោះ ហើយមានអការជាធម្មតា ដោយពួកគាត់ជឿលើអប៉ីជំនឿថាពស់ថ្លាន់ទាំង៤ក្បាលជាពស់បងប្អូននឹងគ្នា ហើយជាពស់អ្នកតាកាន់ ។ នៅពេលលែងពស់ថ្លាន់អ្នកភូមិក៏បានបាញ់ទឹកអប លាបម្សៅ សុំសេចក្តីសុខ សេចក្តីចម្រើន នោះផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖