ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិចោទអភិបាលរងស្រុកសំរោងទងម្នាក់ថាកឹបកេងលុយជំនួយសាងសង់ស្ពានឆ្លងស្ទឹងព្រែកត្នោត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅ ភូមិឈើទាលក្រោមបានខ្សឹបខ្សៀវថា លោក គង់ ឆាយ អភិបាលរងស្រុកសំរោងទងបានកឹបកេងលុយជំនួយប្រមាណ ៣.០០០ដុល្លាររបស់សមាគមសាសនា ព្រះនាង គង់ ស៊ីអុីម ដែលបានឧបត្ថម្ភ១ម៉ឺន ដុល្លារដល់ប្រជាជនភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ ស្ទឹងព្រែកត្នោត ។

អ្នកភូមិបានឱ្យដឹងថា ប្រាក់ជំនួយរបស់ សមាគមចិនសាសនា គង់ ស៊ីអុីម ដែលបាន ផ្តល់ជួនសមាគមភូមិឈើទាលក្រោម១ម៉ឺនដុល្លារសម្រាប់សាងសង់ស្ពានបេតុងឆ្លងស្ទឹងព្រែកត្នោត ព្រោះអ្នកភូមិជួបការលំបាកពេលធ្វើជាច្រើនឆ្នាំកន្លងមកហើយ។ ប្រភពបានបន្តថា លុយជំនួយនេះ អ្នកភូមិមិនបានគ្រប់គ្រងក្នុងការចំណាយទេដោយម្ចាស់ជំនួយបានប្រគល់ឱ្យលោក គង់ ឆាយ អភិបាលរងស្រុកសំរោងទងជាអ្នកចាត់ចែងទិញសម្ភារគ្រឿងសំណង់ដូចជា ដែក ថ្ម និងស៊ីម៉ងត៍ជាដើម។ ប៉ុន្តែលុយ ជំនួយនេះប្រើទើបតែអស់ប្រមាណ៦.០០០ដុល្លារប៉ុណ្ណោះស្រាប់តែថាអស់លុយទៅ ហើយចៅហ្វាយស្រុករងរូបនេះយកលេសគេចពីការទទួលខុសត្រូវរហូត ។

អ្នកភូមិឈើទាលក្រោមបានប្រាប់ឱ្យ ដឹងថា ពួកគាត់នៅចាំបានថា កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧កន្លងទៅសមាគម សាសនាព្រះនាង គង់ ស៊ីអុីម បានយក ប្រាក់ចំនួន១ម៉ឺនដុល្លារជួយដល់ប្រជាជនសមាគមភូមិឈើទាលក្រោមដើម្បីសាងសង់ស្ពានបេតុងឆ្លងស្ទឹងព្រែកត្នោត ប៉ុន្ដែ គណៈកម្មការសាងសង់ស្ពានមិនទទួល លុយផ្ទាល់ដៃទេប្រគល់ឱ្យលោកអភិបាល រងស្រុកឈ្មោះ គង់ ឆាយ ជាអ្នកចាត់ចែងហើយប្រជាជនទៅយកតែសម្ភារសំណង់មកសាងសង់ស្ពាន។ ពេលយកគ្រឿង សំណង់ពួកគាត់ទាររកវិក្កយបត្រម្ចាស់ ដេប៉ូសំណង់មិនប្រគល់ឱ្យទេដោយប្រាប់ថាទៅសួរលោកឆាយ ។

ប្រជាពលរដ្ឋបន្តទៀតថា នៅពេលពួក គាត់ទៅដឹកដែក និងស៊ីម៉ងត៍ដើម្បីយកមកសាងសង់ស្ពានបន្តទៀត ស្រាប់តែអ្នកលក់គ្រឿងសំណង់ប្រាប់ថា អស់លុយហើយ!ទើបពួកគាត់នាំគ្នាទូទាត់ថ្លៃសម្ភារគ្រឿង សំណង់នោះប្រមាណ៦.០០០ដុល្លារ ប៉ុណ្ណោះនៅសល់លុយជាង៣.០០០ ដុល្លារទៀតលោក គង់ ឆាយ កឹបកេងដើម្បី ស៊ីដាច់។ អ្នកភូមិស្នើសុំឱ្យលោកអភិបាល ស្រុករង គង់ ឆាយ ប្រគល់លុយជាង៣.០០០ ដុល្លារនោះមកវិញដើម្បីទិញសម្ភារសំណង់សាងសង់ស្ពានបន្តទៀត និងជៀសវាងកុំ ឱ្យមានរឿងរ៉ាវវែងឆ្ងាយ ។

ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលពួកគាត់សួរនាំរឿងបាត់លុយជំនួយជាង ៣.០០០ដុល្លារនេះលោកអភិបាលរងស្រុកសំរោងទងលោក គង់ ឆាយ ឆ្លើយដោះសា ថា លុយជាង៣.០០០ដុល្លារដែលនៅសល់ពីថ្លៃសំណង់នោះយកទៅជួយព្យាបាល ឪពុកអ្នកផ្ដល់ជំនួយដែលរងគ្រោះថ្នាក់ចរាចរណ៍និងបន្ទាប់មកទៀតលោកថា បាន យកលុយនេះទៅជួយជនក្រីក្រ ។

លោក ស៊ីម រតនៈ អភិបាលស្រុកសំរោង ទងបានប្រាប់ឱ្យដឹងតាមបណ្តាញទំនាក់ ទំនង WhatsAppថា គេខិតខំកៀរគររក ជំនួយហើយរករឿងមិនស្តាប់មូលហេតុទៀត។ លោកបានបន្តទៀតថា តាមលោកយល់លុយនេះខាងសមាគមគេជាអ្នកកាន់ដោយផ្ទាល់ទេហើយលោក គង់ ឆាយ គ្រាន់ តែជាអ្នកសម្របសម្រួលការងារប៉ុណ្ណោះ។

ពាក់ព័ន្ធការចោទប្រកាន់ទៅលើលោក គង់ ឆាយ អភិបាលរងស្រុកសំរោងទងកឹបកេងលុយជំនួយរបស់សប្បុរសជនជាង ៣.០០០ដុល្លារខាងលើនេះអ្នកយកព័ត៌ មាននគរវត្តមិនអាចសុំការបំភ្លឺពីលោក គង់ ឆាយ បានទេកាលពីថ្ងៃម្សិលមិញ ៕ ហេង សូរិយា


ចែករំលែក៖