ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិដំណាក់កន្ទួត ឃុំស្វាយយា ដែលប្រកបមុខរបរកីតម្បាញក្រមាប្រឈមនឹងកង្វះអគ្គិសនី

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ជាច្រើន គ្រួសារក្រៅពីប្រកបមុខរបរធ្វើស្រែចំការក៏ឆ្លៀតពេលទំនេរនាំគ្នាកីតម្បាញក្រម៉ាដើម្បីលក់រកប្រាក់កំរៃបន្ថែមទៀតក្នុងជីវភាពក្រុមគ្រួសារនីមួយៗមានការរីកចម្រើនទោះបីជាច្ចេកវិជ្ជាបានដើរលឿនទៅមុខបន្តិចមែន តែការកែច្នៃឧបករណ៍ផលិត សម្រាប់ផលិត ផលិតផល បន្ទាប់បន្សំនៅតែមានតួនាទី​ ក្នុងការផលិត ផលិតផលសម្រាប់បម្រើរបស់មនុស្សសំខាន់ ហើយក៏មិនអាចខ្វះបាននោះដែរ ។

អ្នកស្រី ឈៀង ដានី បានឲ្យអ្នកសារព័ត៏មានដឹងថា គាត់និងអ្នកភូមិដំណាក់កន្កួត ឃុំស្វាយយា កាលពីដើមឡើយ មិនចេះការងារ តម្បាញអី្វបន្តិច តែក្រោយពីអ្នកស្រី និងអ្នកភូមិ ទៅស៊ីឈ្នួលតម្បាញ​ ឲ្យអ្នកទន្លេ មានរយះពេលយូរខែ ឆ្នាំ គួបផ្សំនឹងការបង្ហាត់បង្ហាញពីម្ចាស់កីតម្បាញ ញឹកញាប់ ពិសេសពួកខ្ញុំ បានសិក្សាបន្ថែមផងនោះ និងបានសុំម្ចាស់កីតម្បាញ ឈប់ពីការងារ មកបើកធ្វើអាជីវកម្មដោយខ្លួនឯង ទទួលបានជោគជ័យជាបណ្តើរហើយ ដោយស្រូបបានកម្រៃពលកម្មល្អប្រសើរផងដែរ បើប្រៀបធៀបទៅនឹងចំណាកស្រុកកន្លងមក ។

ប្រភពបន្តថាជុំវិញនៃការផលិត ផលិតផលក្រមា នៅពេលបច្ចុប្បន្ននេះ ពលរដ្ឋនៅក្នុងភូមិ មានចំណាប់អារម្មណ៍ច្រើន ដោយធ្វើការនៅជុំគ្រួសារ ឯចំណូលសមរម្យ និងអាចទទួលយកបាន តែនៅតំបន់នេះ បញ្ហាអគ្គិសនីជួបបញ្ហាលំបាក ក្នុងដំណើរការផលិត ដូចនេះ ក្នុងនាម នាងខ្ញុំតំណាងឲ្យពលរដ្ឋ ស្នើសុំអាជ្ញាធរជួយ តបណ្តាញអគ្គិសនីចូល មកភូមិដើម្បីធ្វើ ឲ្យពលរដ្ឋមានលទ្ធភាពបន្តពង្រីកអាជីវកម្ម ។

លោកសុខ សំអន មេឃុំស្វាយ យា បានប្រាប់ឲ្យដឹងថា ការងារនេះ ក្រុមប្រឹក្សាឃុំ បានទទួល សំណើរបស់ពលរដ្ឋនៅក្នុងភូមិនោះ និងបានលើកស្នើសុំតាមរយះវេទិកា សាធារណៈ ម្តងជាពីរដងហើយ តែមិនទាន់បានចម្លើយពីមន្រ្តីជំនាញនៅឡើយទេ តែទោះជាយ៉ាងណា បញ្ហាអគ្គិសនី និងមានប្រើប្រាស់នៅពេលខាងមុខដែរ ដោយតំបន់នេះ ខាងអគ្គិសនីបាន ចុះមក ត បណ្តាញខ្សែភ្លើងដើម្បីចែកចាយអគ្គិសនីហើយដែរ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក កឹង ធួក អនុប្រធានអគ្គិសនីស្វាយរៀងបានឲ្យដឹងថា ខាងលោកបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងភូមិដំណាក់កន្ទួតឃុំស្វាយយាស្រុកស្វាយជ្រំដោយចុះទៅទទួលពាក្យបន្តចរន្តថ្មីផ្ទាល់នៅទីតាំងផ្ទះលោកសរប៊ុននីតាំងពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨ជាង៥ខែមកម្ល៉េះ។

លោកក៏បានសំណូមពរចំពោះប្រជាពលរដ្ឋណា ដែលមានបំណងចង់ភ្ជាប់ចរន្តប្រើប្រាស់សូមមេត្តាភ្ជាប់នូវឯកសារពាក់ពន្ធ័មួយចំនួនដល់មន្ត្រីរបស់លោកងាយស្រួលក្នុងការតភ្ជាប់ចរន្តអគ្គីសនីឲ្យបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ ៕ យឹម សុថាន


ចែករំលែក៖