ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់រុឺម៉ក់កង់បីដូចគ្នាឈ្លោះរឿងដណ្ដើមម៉ូយបើកឆាកកាប់ចាក់ប្រយុទ្ធ អ្នកចាញ់បានពេទ្យ អ្នកឈ្នះបានគុក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី ក្រុមអ្នករត់រុឺម៉ក់ម៉ូតូកង់បី ដែលប្រចាំនៅបេនឡានខាងមុខរ៉ារថភ្លើង ដែលតែងតែបង្កភាពអនាធិបតេយ្យរៀងរាល់ថ្ងៃនោះ បានបើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវកាប់ចាក់មួយប្រ៉ាវធ្វើឲ្យអ្នកចាញ់របួសដេកពេទ្យ ឯអ្នកឈ្នះត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ ព្រោះតែការរកស៊ីដឹកម៉ូយមិនចេះយោគយល់គ្នា ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នៅចំណុចបេនឡានខាងមុចរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនដៃដល់ដែលត្រូវឃាត់ខ្លួននេះឈ្មោះស៊ិន ពិសី ភេទប្រុសអាយុ៣០ឆ្នាំមុខរបររត់ទុកទុកស្នាក់នៅផ្ទះជួលនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ត្រូវបានដកហូតវត្ថុតាងដាវសាំម៉ូរ៉ៃមួយ។ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះហ៊ី អាយុប្រហែល៤០ឆ្នាំស្នាក់នៅម្តុំវត្តឈូកវ៉ា ខណ្ឌសែនសុខរបួសដាច់ដៃសស្តាំកំពុងសង្រ្គោះនៅពេទ្យព្រះតុមាលា(១៧៧៩)មុខរបរដូចគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងរវាងជនរងគ្រោះ និងជនដៃដល់គឺជាអ្នករត់ទុកទុកប្រចាំការនៅម្តុំបេនឡេនរញេរញាយខាងមុខរ៉ារថភ្លើងក្បែរព្រះសក្សមុនីចេតិយ្យនោះតែតែកាច់កុងនិងឌឺដងដាក់គ្នាជាញយដងព្រោះតែការរកស៊ីមិនចេះយោគយល់គ្នាពីការដណ្តើមម៉ូយគ្នាដឹកនោះ។

ប្រភពព័ត៌មានបានបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុនេះដែរជនរងគ្រោះបានឌឺដងនិងឈ្លោះគ្នាម្តងទៀតទើបឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើឲ្យជនដៃដល់ដែលលាក់ទុកកាំបិតសាំម៉ូរ៉ៃនៅក្រោមទុកទុករបស់ខ្លួនបានយកមកដេញកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសដៃស្តាំហូរឈាមស្រោចហើយក៏ត្រូវបានអ្នករត់ទុកទុកដូចគ្នាប្រញាប់បញ្ជូនទៅដេកពេទ្យធំភ្លាមៗ។ចំណែកជនដៃដល់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកមកចាប់វ៉ៃខ្នោះបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ភ្លាមៗដែរ។

ប្រភពព័ត៌មានបញ្ជាក់ទៀតថា សព្វថ្ងៃនេះបេនឡានមួយនោះកំពុងបង្កភាពរញេរញាយយ៉ាងខ្លាំងដោយសារតែការអនុញ្ញាតិរបស់សង្កាត់ស្រះចកទើបធ្វើចរាចរណ៏ម្តុំនោះត្រូវកកស្ទះចរាចរណ៍ជារៀងរាល់ធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះរអ៊ូរទាំគ្រប់គ្នាថាហេតុអ្វីបានគេនៅតែអនុញ្ញាតិឲ្យមានបេនឡាននៅទីនោះតទៅទៀតនោះព្រោះកាលពីអតីតលោកគួច ចំរើន ជាអភិបាលខណ្ឌដូនពេញនោះលោកបានលប់បំបាត់បេនឡាននៅខាងមុខរ៉ារថភ្លើងឃើញថាកាកកស្ទះចរាចរណ៍នៅទីនោះបានប្រសើរឡើងហើយបើនៅតែមានឡានរថឈ្នួលហ៊ាននៅតែចតចាប់ម៉ូយនៅទីនោះតទៅទៀតនោះលោកគួច ចំរើន បញ្ជាឲ្យចាប់មកសាលាខណ្ឌដូនពេញតែម្តង ។ដូច្នេះប្រជាពលរដ្ឋគាត់បានកោដ្ឋសសើរលោកគួច ចំរើន គាត់ធ្វើអ្វីមួយគាត់គិតគូប្រជាពលរដ្ឋជាធំ។

ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីលោកគួច ចំរើន ត្រូវបានផ្លាស់ចេញពីអភិបាលខណ្ឌដូនពេញហើយនោះស្រាប់តែបេនឡេនអនាធិបតេយ្យនៅខាងមុខរ៉ារថភ្លើងនោះបានបណ្តែបណ្តោយឲ្យមានការឈប់ចាប់ម៉ូយតទៅទៀតធ្វើឲ្យការកកស្ទះចរាចរណ៍នៅបរិវេណសួនរង្វង់មូលព្រះសក្សមុនីចេតិយ្យនិងខាងមុខរ៉ារថភ្លើងនោះកាន់តែមានភាពកកស្ទះកាន់តែខ្លាំងឡើងៗថែមទៀត។ ម្យ៉ាងវិញទៀតការកាប់ចាក់រវាងអ្នករត់ទុកទុកដែលបើកឆាកប្រយុទ្ធគ្នានោះព្រោះតែម្តុំនោះមានសម្បូរម៉ូយដឹកទើបពួកគាត់ទាំងចេះដណ្តើមគ្នាព្រមទាំងមានការឌឺដងដាក់គ្នាចុះឡើងរហូតឈានដល់ការកាប់ចាក់គ្នាដូច្នេះតែម្តង។

គួរបញ្ជាក់ផងដែរថា ទីតាំងបេនឡានខាងមុខរ៉ារថភ្លើងដែលតែងតែបង្កភាពអនាធិបតេយ្យរៀងរាល់ថ្ងៃ ប្រជាពលរដ្ឋក៏បានទទូចសំណូមពរឲ្យអាជ្ញាធររាជធានីគួរតែរកវិធីណាមួយឲ្យឈប់មានបេនឡាននៅទីនោះទៀតទៅបើមិនដូច្នេះទេប្រហែលជាចរាចរណ៍នៅទីនោះកាន់តែកកស្ទះខ្លាំងថែមទៀត ៕ស តារា


ចែករំលែក៖