ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់សាច់គោម្នាក់បែកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀតរត់គេចខ្លួនក្រោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសជាអ្នកលក់សាច់គោម្នាក់ បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀត បានរត់គេចខ្លួនបន្សល់ម៉ូតូនៅកន្លែងកើតហេតុ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកបញ្ច្រាសគ្នាកាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺទ្បូម៉ែតលេខ១៥៤ លេខ១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះយី លន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់គោ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A 4298 ខូចខាតទាំងស្រុង។

ចំណែកភាគីបង្កហេតុមានឈ្មោះ ហែល សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មិនស្គាល់អាស័យដ្ឋាន បន្សល់ទុខការងារនៅកន្លែងកើតហេតុ ដោយបើកម៉ុតូគ្រឿងម៉ាកហុងដាសេ១២៥ សេរី ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1i 7713។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដា សេ១២៥ សេរី ២០១៦ ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហែល សុខា ដោយធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះជាមួយនឹងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ សេរី២០១០ ពណ៌ខ្មៅ បើកបរដោយឈ្មោះ យី លន់ យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បណ្តាយឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនបង្ក ក៏ត្រូវបានមិត្តភក្តិដឹកតាមម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ បន្សល់តែម៉ូតូនៅនឹងកន្លែងជាមួយជនរងគ្រោះ។

បច្ចុប្បន្ន សាកសព សមត្ថកិច្ចនគរបាលបានប្រគល់ឲ្យក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

រីឯវត្ថុតាងទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ផបាលព្រៃអង្គុញ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែជនបង្កដែលរត់គេចខ្លួនជិះម៉ូតូ២០១៦ បើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំទើបជួបគ្រោះថ្នាក់បែបនេះ ៕ យឹម សុថាន


ចែករំលែក៖