ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ស្រី​ ឃួន​ ម៉ាលីន​ សង្ឃឹម​ថា​សាលាឧទ្ធរណ៍​នឹង​រក​យុត្តិធម៌​ចំពោះ​រឿង​ក្ដី​ជាមួយ​លោក​ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ឈ្មួញ​ដី​ដ៏​ល្បី​

ចែករំលែក៖

ភ្នំពេញ៖ក្រោយ​ពី​សាលាឧទ្ធរណ៍​បើក​សវនាការ​ដោយ​កំបាំង​មុខ​និង​ប្រកាស​សាលដីកា​ សម្រេច​ឲ្យ​អ្នក​ស្រី​ ឃួន​ ម៉ាលីន​ ចាញ់​ក្តី​លោក​ ហ៊ុន​ ប៊ុនធឿន​ ហៅ​តាលាង​ ឈ្មួញ​ដី​ដ៏​ល្បី​ នោះ​ អ្នក​ស្រី​ឃួន​ ម៉ាលីន​ បាន​ប្តឹង​ទាស់​នឹង​សាលដីកា​កំបាំង​មុខ​នេះ​ ។​ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាឧទ្ធរណ៍​ បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សាលាឧទ្ធរណ៍​នឹង​លើក​យក​បណ្តឹង​ទាស់​នេះ​មក​បើក​សវនាការ​សាជាថ្មី​ម្តង​ទៀត​ ។

ចន្លោះ​ពេល​នេះ​ អ្នក​​ស្រី​ ឃួន​ ម៉ាលីន​ សង្ឃឹម​និង​ជឿជាក់​លើ​សាលាឧទ្ធរណ៍​ ថា​នឹង​សម្រេច​សាជាថ្មី​ចំពោះ​សំណុំរឿង​មួយ​នេះ​ ដោយ​លោក​ស្រី​អះអាងថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ សូម​ឲ្យ​សាលាឧទ្ធរណ៍​ជួយ​រក​យុត្តិធម៌​ផង​ ។

កាលពី​សាលាឧទ្ធរណ៍​សម្រេច​ដោយ​កំបាំង​មុខ​ឲ្យ​អ្នកស្រី ឃួន ម៉ាលីន​ ចាញ់​ក្តី​ នោះ​ អ្នក​ស្រី​ បានរិះគន់ មកលើចំណាត់ការ របស់សាលាឧទ្ធរណ៍ថា បានបំពាននីតិវិធី និងរំលោភសមត្ថកិច្ច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ព្រមទាំងបំពាន លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អ្នកស្រី ឃួន ម៉ាលីន សំណូមពរយ៉ាងទទូច ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យ និងអន្តរាគមន៍ ចំពោះករណីនេះផង។

ការរិះគន់មកលើចំណាត់ការនីតិវិធី របស់ សាលាឧទ្ធរណ៍នាពេលនេះ បន្ទាប់ពី ចៅក្រមសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ បានជំនុំជម្រះរឿងក្តីនេះ និង ប្រកាសសាលដីកា ដោយកំបាំងមុខ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សម្រេចឲ្យ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង ឈ្នះក្ដី ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លី ដែលមានទំហំ ជាង១០ហិកតា ស្ថិតនៅភូមិទំនប់ និងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នក ស្រី ឃួន ម៉ាលីន បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លង ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតមួយ ជម្រាបជូន ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជ អាជ្ញាអមសាលាឧទ្ធរណ៍ ដែលមានកម្មវត្ថុ ស្នើឲ្យសុំអន្តរាគមន៍ ទៅសាលាឧទ្ធរណ៍ ដើម្បីបង្អង់នីតិវិធី និងលើកពេលសវនា ការសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី រង់ចាំសេចក្ដីសម្រេច ពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។ ប៉ុន្តែជាក់ស្តែង សាលាឧទ្ធរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានជំនុំជម្រះរឿងក្តីនេះ ដោយកំបាំងមុខហើយនៅថ្ងៃទី៣១ ខែ មីនា បានប្រកាស សាលដីកាតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ ក្នុងលិខិតថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ ឈ្មោះ ឃួន ម៉ាលីន បានគោរព ស្នើសុំអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យស្ថាប័នជំនាញពាក់ព័ន្ធ បំពេញ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីកាត់ផ្ទេរដីដែល មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ទំហំ ២១.៣៨៤ម៉ែត្រការ៉េ ចេញពីដីទំហំ៧,៤ ហិកតា។ ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជូនសំណើខាងលើនេះទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បី ពិនិត្យនិងលើកយោបល់គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច ដ៏ខ្ពង់ខ្ពស់ តាមរយៈលិខិតលេខ០២០៦ខន/ ០១៦ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ៨៣៩ សជណ ដែលមានខ្លឹមសារថា រាជរដ្ឋាភិបាលសម្រេចទុកលទ្ធភាព ជូនអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បន្តពិនិត្យ និងស្វែងរកយុត្តិធម៌ ជូនគូភាគីឲ្យបានត្រឹមត្រូវ ។ ដូចនេះ ម្ចាស់បណ្តឹងស្នើសុំបង្អង់នីតិវិធី និងលើកពេលសវនាការ សំណុំរឿង ព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី រង់ចាំ សេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីសិន ។

ចុងក្រោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ មេត្តាពិនិត្យលទ្ធភាព លើសំណូមពររបស់ម្ចាស់បណ្តឹង ឲ្យស្របតាមនីតិវិធីនៃច្បាប់ ។

បញ្ហានេះត្រូវបានអ្នក​ស្រី ឃួន ម៉ាលីន អះអាងថា កំពុងទទួលរង នូវភាពអយុត្តិធម៌ ពីសំណាក់សាលាឧទ្ធរណ៍ ដែលហ៊ានបំពាន រំលោភសមត្ថកិច្ច របស់អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី និងប្រឆាំងនឹងលិខិត របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

គួររំលឹកផងដែរថា ចំពោះរឿងក្តីនេះដែរ តែងមានភាពមិនប្រក្រតី ជាច្រើន បានកើតឡើង ដែលសាលាឧទ្ធរណ៍ បានកាត់ក្តីគ្រប់សំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ និង រដ្ឋប្បវេណីនាពេលកន្លងមក ហើយជុំវិញ បញ្ហាទាំងអស់នេះ៕​ ចេស្តា


ចែករំលែក៖