ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប.អំពាវនាវឲ្យម៉ាឡេស៊ី និងកូរ៉េខាងជើងរក្សាការអត់ធ្មត់ ដោះស្រាយវិវាទ

ចែករំលែក៖

អង្គការសហប្រជាជាតិបានអំពាវនាវដល់ម៉ាឡេស៊ី និងកូរ៉េខាងជើង រក្សាការអត់ធ្មត់ ក្រោយពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចេញបញ្ជាហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើង ធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានចេញបញ្ជាហាមពលរដ្ឋកូរ៉េខាងជើង ចាកចេញពីម៉ាឡេស៊ីផងដែរ ជាការសងសឹក ។

សកម្មភាពចាប់ពលរដ្ឋរបស់ប្រទេសទាំងពីរធ្វើជាចំណាប់ខ្មាំង ធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខ្លាចមានរឿងអាក្រក់កើតឡើងរវាងប្រទេសទាំងពីរ ។

នៅរសៀសថ្ងៃទី៧ ខែមីនា គណៈកម្មាធិការសន្តិសុខជាតិម៉ាឡេស៊ីបានសម្រេចកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ ក្រោយការប្រឈមមុខតានតឹងដាក់គ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេសី លោក NAjib Razak បានដឹកនាំកិច្ចប្រជុំសន្តិសុខ ហើយលោកស្នើដល់ភាគីកូរ៉េខាងជើងដោះលែងពលរដ្ឋរបស់ខ្លួនផងដែរ ។

នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ី លោក NajibRazak បានថ្កោលទោសការសម្រេចចិត្តរបស់ប្រទេស កូរ៉េខាងជើង ដែលហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសខ្លួន ដោយម៉ាឡេស៊ីបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អនុញ្ញាតឲ្យពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសកូរ៉េខាងជើងឲ្យបានឆាប់ដើម្បីចៀសវាងពីការកើនឡើងភាពតានតឹងណាមួយនៅថ្ងៃមុខ។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានចិន ស៊ិនហួ ។

សូមជម្រាបផងដែរថា ម៉ាឡេស៊ី និងកូរ៉េខាងជើង តាមសេចក្តីរាយការណ៍គឺបានដាក់ចេញបម្រាមរារាំង ការធ្វើដំណើរ ចំពោះគ្នាទៅវិញទៅមក ក្រោយពីមានរឿងឃាតកម្មលោក គីម ជុងណាម ដែលជាបងប្រុសរបស់គីម ជុងអ៊ុន មេដឹកនាំកំពូល របស់កូរ៉េខាងជើង នៅកូឡាឡាំពួរ កាលពីខែកុម្ភៈ។

រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់បម្រាមមិនឲ្យបុគ្គលិក និងមន្ត្រីស្ថានទូតកូរ៉េខាងជើង ចាកចេញពីប្រទេស ខ្លួនបន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចេញបម្រាមបណ្ដោះអាសន្នមួយរារាំងមិនពលរដ្ឋម៉ាឡេស៊ី ធ្វើដំណើរ ចេញពីទឹកដីកូរ៉េខាងជើង។ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងម៉ាឡេស៊ី បានពន្យល់ថា ដំបូងឡើយម៉ាឡេស៊ីគ្មានគម្រោងតបតសងសឹង នឹងទីក្រុង ព្យុងយ៉ាងទេ បើទោះជាប្រទេសនេះបានចោទប្រកាន់ពីមុន ចំពោះការស៊ើបអង្កេតលើករណី ឃាតកម្មលោក គីមជុងណាមក៏ដោយ ក៏ប៉ុន្តែក្រោយពីកូរ៉េខាងជើង អនុវត្តនូវសកម្មភាពដែលប្រឆាំងទៅនឹងបទដ្ឋានទំនាក់ទំនងការទូត ម៉ាឡេស៊ីមានតែបង្ខំចាត់វិធានការស្រដៀងគ្នាដើម្បីតបតទៅវិញ៕ ម៉ែវ សាធី

20-1_seuj ttxvn_0803_malaysia


ចែករំលែក៖