ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលរបស់អាមេរិក អាចនឹងត្រូវបាត់បង់ក្រោមការដឹកនាំរបស់លោកត្រាំ?

ចែករំលែក៖

ការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមិនមានបទពិសោធន៍នៅក្នុងឆាកនយោបាយ កំពុងតែអូសទាញអាមេរិក ឲ្យធ្លាក់ចូលក្នុងវិបត្តិ ជាទ្រង់ទ្រាយធំ វិវាទ ផ្ទៃក្នុងអ្នកនយោបាយ ហើយអាមេរិកនឹង កាន់តែទន់ខ្សោយ ឯកោនៅលើពិភព លោក។

បច្ចុប្បន្នអាមេរិកនៅមានតែប្រទេស សម្ពន្ធមិត្តនៅក្នុងតំបន់អឺរ៉ុបគាំទ្រប៉ុណ្ណោះ តែពេលនេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែសកម្មភាព និងនយោបាយ ដឹកនាំតាមបែបអាត្មានិយមគិតតែផល ប្រយោជន៍ខ្លួនឯង មិនគិតពីអ្នកដទៃរង គ្រោះធំប៉ុនណា នោះទេ។

នៅអាមេរិក ជាងមួយសប្តាហ៍មុនជំនួបកំពូលរបស់អង្គការអូតង់នៅទីក្រុងប្រ៊ុចសែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បានផ្ញើលិខិតជំរុញឲ្យ ប្រទេសសមាជិកអង្គការអូតង់ ជាពិសេស អាល្លឺម៉ង់ ខិតខំប្រឹងប្រែងបង្កើនការចំណាយនៅលើវិស័យការពារជាតិ ឲ្យបានដល់ គោលដៅ ២% នៃផលិតផលក្នុងស្រុក សរុប។ កាសែតញូវយ៉កថែម បានចេញ ផ្សាយនូវ អត្ថន័យខ្លះៗនៅក្នុងលិខិតរបស់ប្រធានាធិបតីអាមេរិក។

ជាយូរពេលមកហើយ លោក ដូណាល់ ត្រំា មានការងឿងឆ្ងល់ពីផលប្រយោជន៍ របស់អង្គការអូតង់សម្រាប់ពិភពលោកនិងជាពិសេសបានបរិហារថា អង្គការអូតង់ជាបន្ទុកដ៏សែនធ្ងន់មួយសម្រាប់ពលរដ្ឋអាមេរិក។ តាមរយៈលិខិតដែលប្រធានាធិបតីអាមេរិក បានផ្ញើកាលពីចុងខែមិថុនាកន្លងទៅនេះ ជូនដល់បណ្តាប្រទេសដែលជាដៃគូរបស់អាមេរិក បានបង្ហាញឲ្យដឹងថា លោកដូណាល់ ត្រាំ បានបាត់បង់អំណត់ របស់ខ្លួន ជាពិសេស មានភាពតឹងរ៉ឹងខ្លាំងជាមួយអាល្លឺម៉ង់។

អ្វីដែលធ្វើឲ្យអាមេរិកកាន់តែនៅឯកោនោះគឺការដកខ្លួនចេញពីអង្គការកំពូលៗ របស់ពិភពលោក ក៏ដូចជាដកខ្លួនចេញពី កិច្ចព្រមព្រៀងនានា នាពេលកន្លងមក។ មិនតែប៉ុណ្ណោះ ក៏បានអនុម័តដំឡើងពន្ធ ដល់ប្រទេសជាសម្ពន្ធមិត្ត ធ្វើឲ្យបាត់បង់ ផលប្រយោជន៍ជាច្រើន ដល់សម្ពន្ធមិត្ត ។ ចំណុចទាំងនោះហើយកំពុងតែរុញច្រាន សម្ពន្ធមិត្តសេដ្ឋកិច្ច យោធាងាកទៅរក ប្រទេសចិនដែលជាមហាអំណាចសេដ្ឋ កិច្ចទីពីរលើពិភពលោក។

ពិភពលោកអស់ជំនឿលើអាមេរិក ចាប់ តាំងពីលោកត្រាំ ដកអាមេរិកចេញពី កិច្ច ព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដកខ្លួនចេញពីអង្គការ យូណេស្កូ ហើយ ពេលនេះក៏បានដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សទៀត ។សកម្មភាពទាំងនោះគ្រប់គ្រាន់ឲ្យប្រទេសសម្ពន្ធមិត្តអស់ ទំនុកចិត្ត ហើយ។

អ្វីដែលពិភពលោកថ្កោលទោសនា ពេលនេះគឺច្បាប់អន្តោប្រវេសន៍ របស់ លោកត្រាំ បានធ្វើឲ្យគ្រួសាររាប់ពាន់នៅ ព្រំដែនមិុចស៊ីកូ ត្រូវម្តាយព្រាត់កូនយំស្រែកពេញព្រំដែន ។ ទាំងនោះបានធ្វើឲ្យរដ្ឋាភិបាលមិុចស៊ីកូ ថ្កោល ទោសអាមេរិកថា កំពុងធ្វើអំពើឃោរឃៅ អមនុស្សធម៌។

ម៉ិចស៊ីកូបានចេញមុខថ្កោលទោស គោលនយោបាយអន្តោប្រវេសន៍របស់ សហរដ្ឋអាមេរិក ដែលបំបែកបំបាក់កុមារចេញពីឪពុកម្តាយរបស់ពួកគេ ដែលលួច ឆ្លងដែនខុសច្បាប់ថា ជាអំពើឃោរឃៅ និងអមនុស្សធម៌បំផុត។

រដ្ឋមន្រ្តីកិច្ចការបរទេសម៉ិចស៊ីកូលោក ល្វីស វីដេហ្គារ៉េយ៍ (Luis Videgaray)បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌ មានថា «ជួសមុខឲ្យរដ្ឋាភិបាល និងប្រជា ជនម៉ិច ស៊ីកូទាំងមូល រូបខ្ញុំសូមធ្វើការ ថ្កោលទោស ចំពោះគោលនយោបាយមួយ ដែលឃោរ ឃៅនិងអមនុស្សធម៌របស់ អាមេរិក»។ ជាមួយគ្នានេះ លោកប្រមុខការទូតរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចា រណាឡើងវិញអំពីគោលនយោ បាយនេះ ដែលបានបង្កឲ្យជនជាតិម៉ិចស៊ីកូ និងប្រជាជនមកពីតំបន់អាមេរិកកណ្តាលប្រមាណ ២,០០០គ្រួសារ ព្រាត់ប្រាសគ្នា ចាប់តាំង ពីខែមេសាមក ខណៈវាកាន់តែ តឹងរ៉ឹងថែមនាពេលថ្មីៗនេះ។

គួរជម្រាបថា បើតាមលោក Videgaray រដ្ឋាភិបាលម៉ិចស៊ីកូ បាននិងកំពុងព្យាយាមឲ្យសហរដ្ឋអាមេរិក គិតគូរឡើងវិញពី គោលនយោបាយនេះ ដោយរួមមានផង ដែរនូវការពាំនាំ លិខិតមួយច្បាប់ជូនលោក ដូណាល់ ត្រាំ ដែលជាអ្នកបង្កើតគោលនយោបាយអន្តោប្រវេសន៍ ដែលពុំមានការ យោគយល់នេះ រហូតបង្កទៅជាការចាត់ វិធានការតឹងរ៉ឹងបំផុតមិនធ្លាប់មាន ទាក់ទិននឹងការបំបែកបំបាក់កុមារពីឪពុកម្តាយ របស់ពួកគេ ហើយដាក់ពួកគេឲ្យស្ថិតនៅ ក្នុងមន្ទីរឃុំឃាំងដាច់ដោយឡែកពីគ្នា។

ក្រៅពីនេះនៅមានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក៏បានថ្កោលទោស នយោ បាយអាមេរិក ដែលមិនគិតដល់ ប្រទេស និងពលរដ្ឋប្រទេសផ្សេងទៀត គិតតែពី ផលប្រយោជន៍ខ្លួនឯង ។ ដោយ ឡែកនៅ អូស្ត្រាលីឯណោះវិញ ជំនឿទុក ចិត្តលើ សហរដ្ឋអាមេរិកបានធ្លាក់ដល់បាតតារាង ចំណែកជំនឿទុកចិត្តទៅលើប្រទេស ចិន បានកើនឡើងខ្ពស់បំផុត ។

វិទ្យាស្ថានស្រាវជ្រាវផ្នែកនយោបាយ Lowy Institute នៃប្រទេសអូស្រ្តាលី បានឲ្យដឹងថា ជំនឿទុកចិត្តទៅលើសហរដ្ឋ អាមេរិក បានធ្លាក់ចុះដល់កម្រិតបាតក្រោមបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តនៃការស្ទង់មតិរបស់ខ្លួន ។

ស្ថាប័នវិភាគឯករាជ្យ ដែលមានមូល ដ្ឋាននៅទីក្រុងស៊ីដនី បានបញ្ជាក់ថា ប្រជា ជនអូស្រ្តាលីភាគច្រើន មានទំនុកចិត្តតិច តួចស្តួចស្តើងបំផុត ទៅលើប្រធានា ធិប តីអាមេរិក លោក ដូណាល់ ត្រាំនេះ បើ តាមការស្ទង់មតិរបស់ខ្លួន។ បើតាមវិទ្យា ស្ថានដដែលនេះ គឺជាង៥០ភាគរយនៃអ្នកចូលរួមស្ទង់មតិ មានការយល់ ឃើញថា ចិនឯណោះទៅវិញទេ គឺជាមហាអំណាច សេដ្ឋកិច្ចឈានមុខគេ ហើយពួកគេស្វា គមន៍ដោយរីករាយ ដើម្បីមានចិនធ្វើជាដៃគូសេដ្ឋកិច្ចរបស់អូស្រ្តាលី។

ជាមួយគ្នានេះ យោងតាមលទ្ធផលស្ទង់ មតិដដែល កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអំពើភេរវកម្ម ត្រូវបានចាត់ទុកថាការគំរាមកំហែងដ៏ធំមួយ ចំពោះផល ប្រយោជន៍ស្នូលរបស់អូស្រ្តាលី នាពេល នេះ និងនៅពេលអនាគត។

ក្រៅពីនេះប្រទេសកូរ៉េខាងជើង ក៏មិនទុកចិត្តអាមេរិកទៅលើកិច្ចព្រមព្រៀង បរមាណូក្រោយជំនួបនោះដែរ ទាំងនោះហើយបានជាមេដឹកនាំកូរ៉េខាងជើង តែងតែផ្តល់របាយការណ៍និងសួរយោបល់ចិនមុនពេលធ្វើអ្វីមួយជាមួយអាមេរិក។

នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា មេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុនបានទៅ បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃក្នុង ប្រទេសចិន។ ទស្សនកិច្ចជាលើកទី៣ នៅចិនពេលនេះបានធ្វើឡើង មួយសប្តាហ៍ក្រោយពីលោកគីមបានជួបសន្ទនាជា ប្រវត្តិសាស្រ្តជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា។ គេនៅមិន ទាន់ដឹងពីកម្មវត្ថុនៃទស្សនកិច្ចរបស់លោកគីមនៅចិន ពេលនេះទេ តែមានការលើក ឡើងថា លោកគីមទៅជួបលោកប្រធានា ធិបតីចិនស៊ី ជីនពីងដើម្បីរាយការណ៍ពីជំនួបរបស់គាត់ជាមួយលោកត្រាំ។

មិនដល់ ៣ខែផង មេដឹកនាំកូរ៉េខាង ជើងវ័យ ៣០ប្លាយឆ្នាំលោកគីម ជុងអ៊ុន បាន ទៅចិនចំនួន ៣ដង។ តែខុសពីទម្លាប់ សព្វមួយដង ទស្សនកិច្ចលើកទី៣ នេះត្រូវបានកាសែតចិនប្រកាសឲ្យដឹងតាំងពីថ្ងៃទី១ ព្រមទាំងបានបញ្ជាក់ថាមានរយៈពេល ២ថ្ងៃទៀតផង នៅក្នុងដំណើរទស្សនកិច្ច ២លើកដំបូង កាសែតចិនបានប្រកាស ឲ្យដឹង បន្ទាប់ពីលោកគីម ជុងអ៊ុនបានវិល ត្រឡប់ចូលស្រុកវិញ។ សន្តិសុខត្រូវបានពង្រឹងនៅតាមដងផ្លូវនាំឆ្ពោះទៅកាន់វិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង គឺជាទីកន្លែងដែលថ្នាក់ដឹកនាំចិនតែងទទួលជួបថ្នាក់ដឹកនាំបរទេសក្នុងពេលបំពេញទស្សនកិច្ច៕ ម៉ែវ សាធី


ចែករំលែក៖