ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ ឌួង ឆាយ​ ចេញមុខ​អន្តរាគមន៍​ជួយបុរស​សឹង្ហបុរី​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អតិថិជន​ជាងបីលានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសជនជាតិសឹង្ហបុរីម្នាក់ជាអ្នកចាត់ចែងក្នុងក្រុមហ៊ុន ស៊ីឃ្យូខម មេឌា (SECURECOM MEDIA) CO.LTD​ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់អតិថិជនជាង៣លានដុល្លារអាមេរិក ហើយ​ចម្រុង​ឡើងយន្តហោះរត់គេចខ្លួននោះ ត្រូវបាន​ លោក​ ហន​ សុ​ខេម​រិន្ទ​ ចៅក្រមស៊ើបសួរសាសាដំបូងរាជធានីភ្នំពេញសម្រេចនៅ​ថ្ងៃ​ទី២៦ខែមិថុនា​ ឆ្នាំ​២០១៧​ ឃុំខ្លួនដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោមការចោទប្រកាន់ពីបទឆបោកដើម្បីរង់ចាំការស៊ើបអង្កេតរកគូកនដែលគេចខ្លួន។

នៅពេលដែលសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃបានបញ្ជូនបុរស ជនជាតិសឹង្ហបុរីរូបនេះមកតុលាការក្រុមអ្នក​សារព័ត៌មាន​បានឃើញឧកញ៉ាឌួង ឆាយចេញមុខធ្វើអន្តរាគមន៍ជួយដោះស្រាយដែរតែមិនបានទទួលលទ្ធផលទេ។

បុរសជនជាតិសឹង្ហបុរីរូបនេះឈ្មោះ ENG WEI KHIONG អាយុ៣៤ឆ្នាំបានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅថ្ងៃទី២៣ខែ មិថុនានៅចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញរួចកសាងសំណុំរឿងបញ្ជូនមកតុលាការនៅថ្ងៃទី២៥ខែមិថុនាដើម្បីចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោកមេធាវី សំ មនោរម្យ និងលោក មេធាវី ដារ៉ា សុបញ្ញា ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុន ស៊ីឃ្យួរខម មេឌា បានប្តឹងជនសង្ស័យឈ្មោះ YEO BOON YONG ជានាយកក្រុមហ៊ុនស៊ីឃ្យូខម មេឌានិងឈ្មោះ ENG WEI KHIONGជាអ្នកចាត់ចែងក្នុងក្រុមហ៊ុន ស៊ីឃ្យូខម មេឌា ស្នាក់នៅអាគារ SILVER TOWN ស្ថិតតាមផ្លូវលេខ៦៣(មហាវិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកង១ ខណ្ឌចំការមននិងគូកន ពីបទឆបោក និងរំលោភលើទំនុកចិត្ត ពីអតិថិជនរបស់ក្រុមហ៊ុនចំនួន១២នាក់ លើទឹកប្រាក់ចំនួនជាង៣លាន២សែនដុល្លារអាមេរិក ។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន ស៊ីឃ្យួរខម មេឌា បានប្រកាសផ្សាយពាណិជ្ជកម្មធ្វើអាជីវកម្មលក់ភាគហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន FUGI ។ បន្ទាប់ពីមានការផ្សព្វផ្សាយធ្វើឲ្យអតិថិជនមួយចំនួនបានបើកគណនី និងដាក់ប្រាក់ក្នុងក្រុមហ៊ុននោះជាច្រើនលានដុល្លារ ដើម្បីធ្វើអាជីវកម្មវិនិយោគតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។ ក្រោយពេលដំណើរការបានមួយរយៈ ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមហ៊ុននេះក៏បានប្តូរលក្ខន្តិកៈ និងដកលោក ឯក សារឿន ជា នាយកចេញ ហើយដាក់ឈ្មោះ YEO BOON YONG ជំនួសវិញ ។

ចាប់តាំងពីនោះមកក្រុមហ៊ុននេះបានផ្លាស់ប្តូរលក្ខន្តិកៈ និងគោលការណ៍ផ្ទៃក្នុងជាញឹកញាប់ផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងចុះថ្ងៃទី១ ខែសីហា ២០១៦ ទាំងស្រុង ។ មិនតែប៉ុណ្ណោះសូម្បីតែការប្រាក់ចំណេញ ដែលកាលពីមុនក្រុមហ៊ុនកំណត់ឲ្យដកក្នុងរយៈពេល១០ថ្ងៃម្តងឬ ក្នុង១ខែម្តងនោះក៍លែងទៀងទាត់ដែរពោលគឺបាន ពន្យាពេលលើសរយៈពេល១០ថ្ងៃ ដោយមិនកំណត់ពេលជាក់លាក់ទាល់តែសោះ ។ ពិសេសទៀតនោះនាយកក្រោយគឺឈ្មោះ YEO BOON YONG ជនជាសឹង្ហបុរីនេះប្រើល្បិចកលលួងលោមអតិថិជន ដោយភូតកុហកថាក្រុមហ៊ុនធំនៅប្រទេសអង់គ្លេសមិនព្រមបង្វែរប្រាក់ឲ្យមកអតិថិជនទេ ដោយកំណត់ឲ្យអតិថិជនទាំងអស់បង្វែរប្រាក់ចំណេញ ទៅដាក់ជាហ៊ុនបន្ថែមនៅទីផ្សារធំប្រទេសអង់គ្លេសវិញដើម្បី រង់ចាំស្ថានភាពនឹងនរ ទើបឲ្យដកប្រាក់មកឲ្យអតិថិជននៅពេលក្រោយ ។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ឈ្មោះ YEO BOON YONG ជានាយក ហាក់បីដូចជាមានចេតនាចង់ដោះដៃ មិនទទួលខុសត្រូវលើទឹកប្រាក់ដែលអតិថិជន ដែលបានដាក់ចូលក្នុងគណនីក្រុមរបស់ខ្លួន និងបំរុងរត់គេចខ្លួនចេញពីប្រទេសកម្ពុជាទៀតផង ។ ទង្វើ និងសកម្មភាពរបស់ឈ្មោះ YEO BOON YONGនិងឈ្មោះ ENG WEI KHIONG គឺចេតនាទុច្ចរិត ប្រើល្បិចកលធ្វើឲ្យអតិថិជនជឿទុកចិត្តដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនខ្លួន។ ប៉ុន្តែបែរជាបង្វែប្រាក់ទាំងអស់នោះ ទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននៅឯបរទេស ហើយគេចវេសមិនព្រមទទួលខុសត្រូវបណ្តាលឲ្យខូចខាត និងបាត់បង់ផលប្រយោជន៍របស់អតិថិជនយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។

លោកវរៈសេនីយ៍ឯក ជីវ វិបុល ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹង ទើបសមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនាំមកជូនតុលាការចាត់ការតាមផ្លូច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលឃាត់ខ្លួននេះគឺឃាត់បានឈ្មោះ YEO BOON YONGនិងឈ្មោះ ENG WEI KHIONG ។នៅពេលនោះឧកញ៉ាឌួង ឆាយចេញមុខធ្វើអន្តរាគមន៍ជួយដោះស្រាយកុំឲ្យសមត្ថកិច្ចឃាត់ឈ្មោះ YEO BOON YONGគឺគ្រាន់តែដកលិខិតឆ្លងដែនទុកបានហើយដោយសន្យាថានឹងនាំឈ្មោះ YEO BOON YONGមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចឬតុលាការនៅពេលក្រោយ។ប៉ុន្តែឧកញ៉ាឌួង ឆាយមិនបានគោរពតាមការសន្យាទេបែរជាលាក់បំពួនឈ្មោះ YEO BOON YONGទៅវិញ៕​ ចេស្តា


ចែករំលែក៖