ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ហូ ចំរើន ត្រូវព្រះមហាក្សត្របញ្ចប់ទាំងមុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌយោធា

ចែករំលែក៖

ភ្នំពេញ ៖ នៅទីបំផុត លោក ហូ ចំរើន ដែលជាជនជាប់ចោទកំពុងជាប់ឃុំនៅពន្ធនាគារម១ ហៅព្រៃស ត្រូវបានព្រះមហា ក្សត្រសម្រេចបញ្ចប់ទាំងមុខតំណែងជាទី ប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និង ថែមទាំងលុបឈ្មោះចេញពីក្របខ័ណ្ឌកង យោធពលខេមរភូមិន្ទព្រមៗគ្នាតែម្ដង។ ការសម្រេចបញ្ចប់មុខតំណែង និងលុយឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការនៅ ពេលនេះធ្វើឡើងក្រោយពេលតុលាការ ក្រុងភ្នំពេញ សម្រេចឃុំខ្លួនលោក ហូ ចំរើន ដាក់ពន្ធនាគារបណ្ដោះអាសន្នកាលពីប៉ុន្មាន សប្ដាហ៍មុនដោយរង់ចាំស៊ើបអង្កេតបន្ថែមបន្ទាប់ពីបង្កការបាញ់បោះគំរាមភរិយា និង ឪពុកម្ដាយក្មេក។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហា ក្សត្រ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ហើយទើបធ្លាយដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភានេះ បានឲ្យដឹងថា “មាត្រា១ ៖ បញ្ចប់មុខតំណែងឯកឧត្តម ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើ រដ្ឋលេខាធិការ” និង“មាត្រា២ ៖ លុប ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហូ ចំរើន អត្តលេខ ០០២៩៥៨ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរ ភូមិន្ទចេញពីក្របខ័ណ្ឌកងយោធពល ខេមរភូមិន្ទ”។

តាមប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបថា លោក ហូ ចំរើន បច្ចុប្បន្នកំពុងរងការ ស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំង អំពើពុករលួយ (ACU) ផងដែរ។

បើតាមប្រភពបញ្ជាក់ថា បើ ACU រក ឃើញថា លោក ហូ ចំរើន ពិតជាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមែននោះទ្រព្យ សម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក អាចនឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន ត្រូវព្រះរាជអាជា្ញរងអមសាលា ដំបូងរាជធានីភ្នំពេញ លោក សៀង សុខ សម្រេចចោទប្រកាន់ពីបទគំរាមកំហែង ថានឹងសម្លាប់តាមមាត្រា២៣៣ នៃក្រម ព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៨ ហើយបញ្ជូនសំណុំ រឿងទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីបន្ត​នីតិវិធីតាមច្បាប់។ រហូតមកទល់នឹងល្ងាច ថ្ងៃទី១៧ ខែឧសភាដដែល ចៅក្រមស៊ើប សួរ លោក កូយ សៅ បានសម្រេចឃុំខ្លួន បណ្ដោះអាសន្នលើឧកញ៉ា ហូ ចំរើន នៅ មណ្ឌលកែប្រែម១ ហៅព្រៃស ដើម្បីស៊ើប អង្កេតបន្ថែម។

ឧកញ៉ាផ្កាយ៣រូបនេះត្រូវសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហា ផ្ទៃឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធ ករណីបាញ់បោះគំរាមភរិយា និងឪពុក ម្ដាយក្មេក កាលពីពាក់កណ្ដាលខែមេសា កន្លងទៅ។

មាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ព្រះ រាជាណាចក្រកម្ពុជាបានចែងថា ការគំរាម កំហែងថានឹងសម្លាប់ កាលបើការគំរាម កំហែងនេះធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វី​ មួយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ករណីស្រដៀងគ្នានេះ គឺក្មួយនាយករដ្ឋមន្ត្រី លោក ហ៊ុន ជា ត្រូវ​ បានតុលាការក្រុងភ្នំពេញសម្រេចសាល ក្រម និងចេញដីកាឃុំខ្លួនភ្លាមៗដោយ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ។

គួររំឭកថា លោក ហូ ចំរើន បានបើកការ បាញ់បោះគំរាមក្រុមគ្រួសារចំនួនប្រហែល ៦ទៅ៧គ្រាប់ កាលពីវេលាម៉ោង៣និង៣៥ នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិ ព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបង្ក ការបាញ់បោះខាងលើ មានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅទីតាំងកើតហេតុ មុខរបរជាមន្ត្រី យោធា ឋានៈឧត្តមសេនីយ៍ឯក (ផ្កាយ ៣)។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ រួមមាន ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុកក្មេក, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ម្ដាយក្មេក និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ជាភរិយា។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើដូចគ្នា។

ក្រោយពេលកើតហេតុ ដែលបានបង្ក ឲ្យភ្ញាក់ផ្អើលស្ទើរពេញក្រុងភ្នំពេញហើយ នោះសមត្ថកិច្ចគ្រាន់តែបញ្ជាក់យ៉ាងខ្លីប្រាប់ អ្នកសារព័ត៌មានថា ករណីបាញ់បោះសេរី នេះបណ្ដាលមកពីទំនាស់ក្នុងគ្រួសារ។ ប៉ុន្តែ មិនបណ្ដាលឲ្យជនរងគ្រោះទាំង៣រង របួស ឬបាត់បង់ជីវិតឡើយ។ ក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែសមត្ថ កិច្ចមិនបានឃាត់ខ្លួនជនបង្កឡើយ៕ ហេង នរិន្ទ្រ


ចែករំលែក៖