ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ទាមម៉ៅនិយមភាគខាងកើតឥណ្ឌាលបវាយប្រហារសម្លាប់ប៉ូលិស១១នាក់

ចែករំលែក៖

ប្រភពព័ត៌មានពីកងប៉ូលិសក្នុងតំបន់និយាយថា ក្រុមឧទ្ទាមម៉ៅនិយមបានលបវាយប្រហារកាលពីថ្ងៃទី១១ ខែមីនា ទៅលើកងប៉ារ៉ាដែលល្បាតនៅក្នុងរដ្ឋ Chhattisgarh ភាគខាងកើតឥណ្ឌាបណ្តាលឲ្យបាត់បង់ជីវិត១១នាក់ ។

ការវាយប្រហារនេះ ក្រុមឧទ្ទាមបានធ្វើឡើងទៅលើកងកម្លាំងប៉ូលិសបម្រុងកណ្តាល(CRPF) ដែលស្ថិតនៅក្នុងព្រៃ ក្នុងស្រុក Sukma ជាទីតាំងល្បីល្បាញរបស់ក្រុមម៉ៅនិយមធ្វើសកម្មភាព ចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីទីក្រុង Raipur ។

អគ្គនាយកនៃអធិការកិច្ចស្នងការប៉ូលិស លោក Sunder Raj បានប្រាប់រ៉យទ័រថា កងកម្លាំង CRPF ប្រមាណ១០០នាក់បាននិងកំពុងល្បាតការពារសន្តិសុខជូនការស្ថាបនាផ្លូវមួយ នៅពេលដែលក្រុមឧទ្ទាមម៉ៅនិយមលបវាយប្រហារមកលើពួកគេ ។ កម្លាំងប៉ូលិស៤នាក់ទៀតរងរបួសធ្ងន់ក្នុងករណីនេះ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា មូឌី ក៏ដូចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Rajnath Singh បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គម ធ្វីតធើ ។ លោក Singh បានថ្លែងថា លោកនឹងទៅកាន់ទី Sukma ដើម្បីពិនិត្យមើលស្ថានការណ៍ ។

គេនៅចាំបានថា កាលពីឆ្នាំ២០១០ ក្រុមសកម្មប្រយុទ្ធម៉ៅនិយមបានលួចវាយឆ្មក់ សម្លាប់ទាហានរដ្ឋាភិបាល៧៥នាក់ ។ ក្រុមឧទ្ទាមនេះបានបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារពីលើកំពូលភ្នំ ជុំវិញព្រៃក្រាស់ឃ្មឹកក្នុងតំបន់ Chhattisgarh ។ ការវាយប្រហារពេលនោះជាព្រឹត្តិការអាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ ។

ក្រោយការវាយប្រហារនេះ បានធ្វើឲ្យកម្លាំងយោធាឥណ្ឌាក្តៅស្លឹកត្រចៀក ក៏ចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាតក្រុមឧទ្ទាមទាំងនេះ ។ ទាហានសហព័ន្ធរាប់ពាន់នាក់ចូលរួមសកម្មភាពមួយនេះ ។

ក្រុមឧទ្ទាមម៉ៅនិយមបានចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាថាជាអ្នកចូលទៅប្លន់ដីធនធានរ៉េដែលកំពុងអភិវឌ្ឍន៍របស់ពួកគេនៅភាគខាងកើត និងភាគកណ្តាលប្រទេសឥណ្ឌានោះ ហើយធ្វើឲ្យពួកគេកាន់តែក្រីក្រ និងពុំមានដីធ្លីសម្រាប់បង្កបង្កើនផល ៕ ថាច់ យ៉ាត

 

fe india-police maost


ចែករំលែក៖