ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីជាអតីតអ្នកកាសែត

ចែករំលែក៖

អ្នកសារព័ត៌មាន មួយចំនួនធំនៅលើ ពិភពលោក ក្រោយបញ្ចប់អាជីពជាអ្នកសារព័ត៌មាន បានប្រែក្លាយទៅជាអ្នកនយោ បាយដ៏ចំណានម្នាក់ តែងតែទទួលបានការជ្រើសរើសពីថ្នាក់ដឹកនាំនៅក្នុងប្រទេសនោះ។

នៅពេលនេះដែរ អតីតអ្នកសារព័ត៌មាន អូស្ត្រាលី លោក ម៉ៃឃើល ម៉ាកខ័រមែក (Michael McCormack) ត្រូវបានសភាជ្រើសតាំងឱ្យកាន់តំណែង ជាឧបនាយក រដ្ឋមន្ត្រីអូស្រ្ដាលី ដើម្បីជំនួសលោក បាណាបាយ ចយស៍ (Barnaby Joyce) ដែលបានលាលែងពីមុខតំណែងកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន ABC នៅព្រឹក ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Barnaby Joyce បានសម្រេច ចិត្តលាលែងពីតំណែង ជាឧបនាយក រដ្ឋមន្ត្រីអូស្ត្រាលី កាលពីថ្ងៃសុក្រ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ ជាមួយអតីតបុគ្គ លិករបស់ខ្លួន ក្រោយកាន់តំណែងបាន ពីរឆ្នាំមកនេះ។ ដោយឡែក លោក McCormack ត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភាជាតិ ខណៈគូប្រជែងគឺ លោក ចច គ្រីស្ទិនសិន (George Christensen) មិនត្រូវបានជ្រើសរើសឡើយ។

គួរបញ្ជាក់ថា លោក Michael McCormack គឺជាអតីតអ្នកសារព័ត៌មានម្នាក់ ហើយលោកធ្លាប់មានឈ្មោះល្បីល្បាញ តាមរយៈការរិះគន់យ៉ាងខ្លំាង កាលពីឆ្នាំ ១៩៩៣ ក្រោយលោកចេញផ្សាយអត្ថបទ មួយ ដោយពណ៌នាថា ការស្រឡាញ់ ភេទដូចគ្នាគឺជារឿងគួរឱ្យស្អប់ខ្ពើម៕ ម៉ែវ សាធី


ចែករំលែក៖