ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូតជប៉ុនជំរុញឲ្យកម្ពុជាបន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មី

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជិតផុតអាណត្តិបានជំរុញឲ្យកម្ពុជា បន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មីដើម្បីធានាថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតបានទៅបោះឆ្នោតគ្រប់ៗគ្នានាពេល ខាងមុខ ។

លោក កូម៉ាម៉ារុ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងនៅទីស្តីការក្រសួងមហាផ្ទៃក្នុងជំនួបជាមួយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក្នុងដំណើរការរៀបចំការចុះបញ្ជីឈ្មោះបោះឆ្នោតក្នុងពេលកន្លងមកនេះគឺស្ថានទូតសង្កេតឃើញមិនមានការគំរាមកំហែងនោះទេ ពោលគឺការ ងារបានដំណើរការជាធម្មតា។

លោកឯកអគ្គរាជទូតសង្ឃឹមថា ការចុះ ឈ្មោះបោះឆ្នោតនៅកម្ពុជានាពេលនេះនឹងមានប្រជាពលរដ្ឋខ្មែរបានទៅចុះឈ្មោះបោះ ឆ្នោតបានគ្រប់ៗគ្នាហើយថាកម្មវិធីចុះឈ្មោះបោះឆ្នោតនោះនឹងដំណើរការបន្តធ្វើរហូតដល់ចប់សព្វគ្រប់ ។ តែទោះជា យ៉ាងណាលោកឯកអគ្គរាជទូតជប៉ុនក៏បានជំរុញឲ្យក្រសួងមហាផ្ទៃពន្លឿនការធ្វើអត្តសញ្ញាណ ប័ណ្ណជូនប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុឲ្យបានគ្រប់ៗគ្នាផងដែរព្រោះថា អត្ត សញ្ញាណប័ណ្ណគឺជាឯកសារសំខាន់មួយសម្រាប់ការចុះឈ្មោះនិងការបោះឆ្នោតនាពេលខាងមុខ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ក្នុងជំនួបនោះថា ការធ្វើនិងផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីគឺនៅតែបន្តខិតខំធ្វើជាធម្មតាហើយការធ្វើនោះនឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ មួយទៀតសម្រាប់ប្រើប្រាស់យកទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ។ សម្ដេចក្រឡាហោមបន្ថែម ថា ក្រសួងមហាផ្ទៃងជំរុញការធ្វើអត្ត សញ្ញាណប័ណ្ណនេះឲ្យបាន១០លានសន្លឹកនៅចុងឆ្នាំ២០១៦ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ក្នុងរយៈពេល១៩ថ្ងៃនេះគឺមានប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតបានចំនួនជាង២លាននាក់ ហើយការងារចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ ហេង សូរិយា

689144


ចែករំលែក៖