ព័ត៌មានទាន់ហេតុការណ៍៖

១ឆ្នាំកាន់អំណាចរបស់លោកត្រាំ «ព្យុះភ្លៀងជាច្រើនបានកើតឡើង»

ចែករំលែក៖

នៅថ្ងៃទី២០ ខែមករានេះ គឺគម្រប់ខួបមួយឆ្នាំនៃការចូលកាន់តំណែងដឹកនាំអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥របស់អាមេរិក។ នៅក្នុងសន្តរកថា ពេលស្បថចូលកាន់តំណែងលោកត្រាំបានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះទៅ គឺផ្តល់អាទិភាពដល់ទឹកដីអាមេរិក ,អាមេរិកជាដំបូង» ហើយគោលនយោបាយនោះបានដើរតាមលោកត្រាំ រយៈពេញមួយឆ្នាំកន្លងមក។ មួយឆ្នាំកាន់តំណែងរបស់លោក ត្រូវបានគេវាយតម្លៃថា មិនត្រឹមតែធ្វើឲ្យផ្លាសប្តូរអាមេរិកនោះឡើយ គឺផ្លាស់ប្តូរពិភពលោកទាំងមូល ដោយការអនុវត្តិគោលនយោបាយ បង្កឲ្យមានវិវាទ។

ដំណឹងមិនល្អសម្រាប់លោកត្រាំ នៅថ្ងៃគម្រប់១ឆ្នាំ នៃការកាន់តំណែងប្រធានាធិបតីនោះគឺ ការគាំទ្រ ពីសំណាក់ពលរដ្ឋអាមេរិកចំពោះការដឹកនាំរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីលោកបានជំរុញឲ្យសេដ្ឋកិច្ចអាមេរិករីកចំរើនជាងមុនក្តី។ ពលរដ្ឋអាមេរិកមានអារម្ភថាមិនទទួលបាន ផលប្រយោជន៍ពីគោលនយោបាយរបស់លោកត្រាំ ក្នុងនោះមានពលរដ្ឋតែ២២ភាគរយប៉ុណ្ណោះ ដែលយលឃើញថាជីវភាពល្អប្រសើរជាងមុនក្រោមការដឹកនាំរបស់លោកត្រាំ។

នៅពេលឡើងកាន់អំណាច លោកត្រាំ បានពង្រឹងទំនាក់ទំនង សម្ពន្ធមិត្ត អាមេរិក ក្នុងនោះមានប្រទេសតំបន់អារ៉ាប និងអឺរ៉ុប ។ ប៉ុន្តែលោកបញ្ចៀសពីការលើកឡើងបង្កឲ្យមានវិវាទ ក្នុងទំនាក់ទំនងជាមួយរុស្ស៊ីនិងចិន។

កាលពីខែឧសភា លោកត្រាំបានបំពេញទស្សនកិច្ចទៅកាន់សាឌីអារ៉ាប៊ី និងហ្សក់ដង មុនពេលទៅកាន់អីស្រអែល ។ ដំណើរទស្សនកិច្ចនោះគឺជាការចាប់ផ្តើមទស្សនកិច្ចក្រៅប្រទេសដំបូងរបស់លោក ។ លោកត្រាំ មានទស្សនៈដាច់ដោយឡែកពីសត្រូវ និងមិត្តអាមេរិក។

ជាទូទៅប្រធានាធិបតីអាមេរិក តែងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាណាដា ឬមិចស៊ីកូ ដែលជាប្រទេសជាប់ព្រំដែនគ្នា ដោយឡែកលោកត្រាំបានជ្រើសរើស ប្រទេសនៅតំបន់អារ៉ាបទៅវិញ។ មិនតែប៉ុណ្ណោះ លោកត្រាំបានគំរាម លុបកិច្ចព្រមព្រៀងពណិជ្ជកម្មសេរី NAFTA ដែលមានប្រទេសកាណាដាមិចស៊ីកូ និងអាមេរិក ជាសមាជិក។

នៅក្នុងរយៈពេលមួយឆ្នាំនៃការឡើងកាន់តំណែង លោកត្រាំខិតខំ កែប្រែគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតី ដែលលោកចាត់ទុកថា ជាគោលនយោបាយខុសឆ្គង ក្នុងនោះមានទាំងកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់។

នយោបាយដែលបង្កឲ្យមាន ព្យុះភ្លៀងខ្លាំងជាងគេនោះគឺ ការទទួលស្គាល់តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និង ការប៉ុនប៉ងកែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង ។ ក្រៅពីនេះគឺបញ្ហាកូរ៉េខាងជើង លោកត្រាំបានប្រើប្រាស់សម្តី គំរាមកំហែងគ្នាទៅវិញទៅមក ដោយបញ្ជូនកម្លាំងទ័ព អាវុធមកកាន់តំបន់អាស៊ីជិតកូរ៉េខាងជើង ត្រៀមវាយប្រហារ៕ ម៉ែវ សាធី


ចែករំលែក៖