ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមនុស្សប្រុសស្រី៣នាក់ ទៅតុលាការពាក់ព័ន្ធករណីបើកល្បែងស៊ីសង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមនុស្សប្រុសស្រី៣នាក់ ទៅតុលាការពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី ) ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមផ្ទាល់ និងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាប ក្នុងបទល្មើសជាក់សែ្តងទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី ) ដែលប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងចាប់យកបានវត្ថុតាងមួយចំនួនដូចខាងក្រោម ៖

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១-ឈ្មោះ ចេង ស្រីនាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ;ទី២-ឈ្មោះ ឡុង ខ្លឹង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(អ្នកលេងហ្គេម) ស្នាក់នៅមិនពិតប្រាកដ និងទី៣-ឈ្មោះ ពូន ដាំង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់(អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងចាប់យកមាន៖ ទូហ្គេមបាញ់ត្រីចំនួន ០១ទូ ; ទូហ្គេមបៀរ ចំនួន ០៣ ទូ ; ប្រាក់ ចំនួន ៥ម៉ឺនរៀល ; សៀវភៅសម្រាប់កត់ពង់ហ្គេម ចំនួន ០២ ក្បាល ;កៅអីជ័រ ពណ៌ក្រហម ចំនួន ០៣ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា