ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ឆក់​ការ​បូ​ប​ពី​នារី​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​វាយ​ទ្រម​ខ្លួន​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​នាំ​គ្នា​ព្រួត​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភ​កិ្ត​ចេញពី​ធ្វើការ​ក្នុង​បំណង​ទៅ​លេង​ផ្ទះ​បងប្អូន​ ។​

​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​តូច​ តាម​បណ្តោយ​ផ្លូវ​លេខ​៦៨​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​ ​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជា​បុគ្គលិក​នៅ​អង្គការ​បន្ទាយ​ព្រាប​ ស្នាក់​នៅ​ភូមិ​សាមគ្គី​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ព្រុំ​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ធ្វើការ​ជាមួយ​គ្នា​។​ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ឈ្មោះ​ សៀ​ រ៉ា​ន់​ណា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ទី​២​ឈ្មោះ​ រ៉ា​ក់​ អាយុ​ ជាង​២០​ឆ្នាំ​ ជិះ​ម៉ូតូ​អា​ខុន​ ពណ៌​លឿង​ មិន​ចាំ​ស្លាក​លេខ​ (​គេចខ្លួន​បាត់​)​ ។​

​ ​យោង​តាម​សំដី​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​មុន​ពេល​កើតហេតុ​ រួប​គេ​និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សាន់​យ៉ា​ន់​ដែល​ទើបតែ​ចេញពី​ធ្វើការ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៨​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បំណង​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​សាមគ្គី​។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អា​ខុន​មិន​ចាំ​ស្លាក​លេខ​ បាន​ជិះ​មក​ក្បែរ​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​នារី​ដែល​អង្គុយ​ពីក្រោយ​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ដេញចាប់​បណ្តាល​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​បាន​តុលាការ​ប្រជាពលរដ្ឋ​កាត់ក្តី​បណ្តាល​ឲ្យ​រង​របួស​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​និង​នាំ​មក​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​កសាង​សំណំ​រឿង​និង​តាម​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​ ៕​ ចាន់​ធឿ​ន​